ជាតិ
ករណីយោធិនឃុបឃិត​លួចនាំចូលរថយន្ត​ចង្កូតស្តាំ តាមច្រករបៀង មេបញ្ជាការ​នឹងប្រឈមមុខ​ច្បាប់
01, Sep 2021 , 5:30 pm        
រូបភាព
មេបញ្ជាការ​កងទ័ពជើងគោកយោធភូមិភាគ​៥ លោក ឯក សំអូន តាម​ចំណាររបស់សម្តេច ហ៊ុន សែន បាន​ចេញ​បទបញ្ជាស្តីពីការទប់ស្កាត់​ការនាំចូល​រថយន្ត​ចង្កូតស្តាំមកក្នុងប្រទេស។



ក្នុងបទបញ្ជាដែលចុះហត្ថលេខានៅថ្ងៃទី​១ ខែកញ្ញា លោក ឯក សំអូន បានណែនាំឲ្យគ្រប់បណ្តាកងឯកភាព​តាមព្រំដែន រួមគ្នា​សហការ​ទប់ស្កាត់ឲ្យបាននូវការនាំចូលរថយន្តចង្កូតស្តាំ។ ក្នុងករណីមានយោធិន ឃុបឃិត​លួចនាំចូល មេបញ្ជាការកងឯកភាពនឹងត្រូវ​ប្រឈមចំពោះមុខ​ច្បាប់។

លោកបានតម្រូវឲ្យ​មេបញ្ជាការប្រចាំទិសទី១ ទី២ ទី៣ (ប៉ៃលិន-សំឡូត) និងទិសទី៤ បន្តផ្សព្វផ្សាយ​បទបញ្ជានេះទៅ​គ្រប់អង្គភាពដែលទទួល​ខុសត្រូវ។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងប្រាប់ថ្មីៗថា បទបញ្ជានេះ ជាការក្រើន​រំលឹក​បន្ថែម​ដល់មន្ត្រីក្រោមឱវាទនៃអង្គភាពនីមួយៗ ចៀសវាងការទិញ ឬឃុបឃិត​នាំចូល​រថយន្តចង្កូតស្តាំតាមច្រករបៀង។ លោក ក៏អំពាវនាវដល់ យោធិនទាំងអស់ កុំទិញ ឬប្រើប្រាស់រថយន្តចង្កូតស្តាំ ដែលល្មើសនឹងបទបញ្ជារបស់រដ្ឋាភិបាល ធ្វើឱ្យខូចឈ្មោះដល់អង្គភាព៕​

© រក្សាសិទ្ធិដោយ thmeythmey.com