កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិក៖ កីឡាករម៉ាឡេស៊ីឈ្នះមេដាយមាស ប៉ុន្តែត្រូវដកចេញវិញ ដោយសារទៅប្រកួតយឺតម៉ោង
× កីឡាករចោលដុំដែកម៉ាឡេស៊ី Muhammad Ziyad Zolkefli បានឈ្នះក្នុងតំណែងមេដាយមាសវិញ្ញាសា F20 Class កាលពីថ្ងៃអង្គារ ប៉ុន្តែក្រោយមកគណៈកម្មការប៉ារ៉ាឡាំពិក ក្រុងតូក្យូ បានសម្រេចដកសិទ្ធិអត្តពលិករូបនេះវិញ ក្រោមហេតុផលថា គេបានទៅប្រកួតយឺតពេល។ នេះបើតាមការផ្សាយរបស់ AP។
លោក Craig Spence អ្នកនាំពាក្យគណៈកម្មការអូឡាំពិកអន្តរជាតិ (IPC) បាននិយាយថា Zolkefli រួមទាំងកីឡាករពីររូបទៀត គឺកីឡាករអេក្វាឌ័រ Jordi Patricio និងកីឡាករអូស្ត្រាលី Todd Hodgetts ត្រូវបានអនុញ្ញាតឲ្យប្រកួត ក្រោយពួកគេទៅយឺតម៉ោងដែលបានកំណត់។
លោកបានពន្យល់ថា៖ «ពួកគេយឺតពេល ប៉ុន្តែអាចមានហេតុផលជាក់លាក់ណាមួយ ដូច្នេះយើងបានអនុញ្ញាតឲ្យពួកគេប្រកួតសិន មុនពេលវែកញែករកហេតុផលតាមក្រោយ»។
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាព World Para Athletics នៅតែយល់ឃើញថា ការសម្រេចចិត្តដកសិទ្ធិ ក្រោយការប្រកួត ពិតជាហេតុផលមិនសមរម្យឡើយ ហើយការប្តឹងតវ៉ាក៏មិនត្រូវបានទទួលយកថែមទៀត។
ការដកសិទ្ធិនេះ នាំឲ្យកីឡាករអ៊ុយក្រែន Maksym Koval ក្លាយជាម្ចាស់មេដាយមាស ហើយមិត្តរួមជាតិគេ Oleksandr Yarovyi បានមេដាយប្រាក់ និងកីឡាករក្រិក Efstratios Nikolaidis បានមេដាយសំរឹទ្ធ។
លោក Spence បានបញ្ជាក់ថា លោកបានឃើញសារវាយប្រហារជាច្រើននៅលើបណ្តាញសង្គម ជាពិសេសការវាយប្រហារដោយផ្ទាល់ទៅលើកីឡាករអ៊ុយក្រែន។ «ខ្ញុំសូមទោស ច្បាប់គឺជាច្បាប់។ ការសម្រេចចិត្តបានកើតឡើងហើយ។ មិនមែនជាកំហុសរបស់កីឡាករអ៊ុយក្រែនទេ តែដោយសារកីឡាករម៉ាឡេស៊ី បានទៅប្រកួតយឺតពេល»។
បើតាមអ្នកនាំពាក្យរូបនេះ កីឡាករម៉ាឡេស៊ី អេក្វាឌ័រ និងអូស្ត្រាលី បានទៅយឺត៣នាទី ដោយគ្រានហេតុផលជាក់លាក់ ខណៈអត្តពលិកផ្សេងទៀត បានទៅមុនម៉ោងរហូតដល់ទៅ៥នាទី៕
© រក្សាសិទ្ធិដោយ thmeythmey.com