ជាតិ
សង្គមជាតិ
កម្ពុជាប្ដេជ្ញាការពារសិទ្ធិ និងប្រយោជន៍ពលករ ក្នុងវិស័យនេសាទនិងកែច្នៃអាហារសមុទ្រក្នុងតំបន់
02, Sep 2021 , 9:29 pm        
រូបភាព
រូបថត៖ ពី ILo
រូបថត៖ ពី ILo
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការគម្រោងកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងឯកភាពតាមផែនការសកម្មភាព។ កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការ ការពារសិទ្ធិ និងប្រយោជន៍ពលករដែលចំណាកស្រុកទៅបរទេសដែលធ្វើការក្នុងវិស័យនេសាទនិងកែច្នៃអាហារសមុទ្រ។

 
គម្រោងកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍( Ship to Shore Rights South East Asia Programme) ចាប់អនុវត្តពីថ្ងៃទី២កញ្ញា ឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការពលកម្មអន្តរជាតិ(ILO) ដោយបានបញ្ជាក់ថា គម្រោងនេះ គឺមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ មកពីតំណាងរាជរដ្ឋាភិបាល និយោជក សហជីព និងអង្គការសង្គមស៊ីវិល បានពិភាក្សាអំពីគម្រោងកម្មវិធីថ្មី ដែលបង្ហាញពីឆន្ទៈរួមគ្នា លើកម្ពស់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ដើម្បីទទួលបានការងារសមរម្យក្នុងវិស័យនេសាទ និងកែច្នៃអាហារសមុទ្រនៅប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ 
 
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ូ វុឌ្ឍី បាននិយាយថា គ្រប់ភាគីពាក់ព័ន្ធ បានពិនិត្យឡើងវិញអំពីសិទ្ធិពលករនេសាទ ក៏ដូចជាតួនាទីរបស់ភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករ ក្នុងវិស័យនេសាទ និងកែច្នៃអាហារសមុទ្រ ។ បើតាមលោក វុឌ្ឍី គ្រប់ភាគីពាក់ព័ន្ធ នឹងស្វែងយល់ពីសកម្មភាពនានាជាអាទិភាព សម្រាប់អន្តរាគមន៍រយៈពេលមធ្យមនិងរយៈពេលវែង ដែលស្ថិតក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិពលករ ។ ជាពិសេសបង្កើតគណៈកម្មការប្រឹក្សាកម្មវិធីថ្នាក់ជាតិមួយ ដែលមានសមាសភាពគ្រប់គ្រាន់ និងពេញលេញ សម្រាប់ដឹកនាំនិងតម្រង់ទិសការងារនៃកម្មវិធីថ្មីមួយនេះ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក។
 
គម្រោងនៃកម្មវិធីនេះ គឺស្ថិតនៅក្រោមជំនួយបច្ចេកទេសនៃអង្គការអន្តរជាតិខាងការងារ(ILO),  អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងជំនួយខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU)។ នេះបើតាមរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
 
លោក ប្រាយអាន ហ្វរណារី ដែលជាទីប្រឹក្សា និងជាប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា គម្រោងកម្មវិធីសិទ្ធិពលករនេសាទអាស៊ីអាគ្នេយ៍នេះ នឹងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់ពលករទេសន្តរប្រវេសន៍ទាំងបុរសនិងស្រ្តី ដែលត្រូវការគាំពារកាន់តែខ្លាំងថែមទៀត ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍។ 
 
លោក ប្រាយអាន ហ្វរណារី ដូច្នេះ៖ «ដើម្បីធ្វើឱ្យប្រាកដ ថាមានការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពនិងស្របច្បាប់ គឺតម្រូវឱ្យមានការសម្របសម្រួលពីថ្នាក់តំបន់ ហេតុដូចនេះ សហភាពអឺរុបនឹងបន្តលើកកម្ពស់ភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍពាក់ព័ន្ធ»។
 
លោក បេនចាមីន ហាកឃីន មន្រ្តីបច្ចេកទេសសម្រាប់កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ បាននិយាយថា៖ «យើងទទួលស្គាល់ថាការងារក្នុងវិស័យនេះមានសារៈសំខាន់ សម្រាប់ពលករទេសន្តរប្រវេសន៍ ព្រោះដោយយោងតាមបទពិសោធន៍កន្លងមក ដែលមានការរំលោភសិទ្ធិធ្ងន់ធ្ងរក្នុងអំឡុងពេលជ្រើសរើស និងពេលបំពេញការងារ»។ 
 
គម្រោងកម្មវិធីសិទ្ធិពលករអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ពលករទេសន្តរប្រវេសន៍ តាមរយៈការតាមដានពីឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ ចំពោះពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ។ ជាពិសេសពលករដែលធ្វើការក្នុងវិស័យ នេសាទ និងកែច្នៃអាហារសមុទ្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានខាងលើដដែល៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com