ជាតិ
បទសម្ភាសន៍
សាលារៀន៦០ភាគរយ ក្នុងខេត្តសៀមរាប អាចបើកដំណើរការឡើងវិញឆាប់ៗនេះ
04, Sep 2021 , 9:59 am        
រូបភាព
ការបើកសាលារៀនឡើងវិញនៅអំឡុងខែ កញ្ញា ឆ្នាំ២០២០ នៅសាលាមេត្យអង្គរ ក្រុងសៀមរាប។
ការបើកសាលារៀនឡើងវិញនៅអំឡុងខែ កញ្ញា ឆ្នាំ២០២០ នៅសាលាមេត្យអង្គរ ក្រុងសៀមរាប។
សៀមរាប៖ មន្ទីរអប់រំ យុវជន និងកីឡា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពជាបន្ទាន់មួយ ក្នុងការបើកសាលារៀនឡើងវិញ នាពេលឆាប់ៗ នេះ ។  ប្រធានមន្ទីរអប់រំខេត្ត បានប្រាប់សារព័ត៌មានថ្មីៗថា សាលារៀនប្រមាណ៦០ភាគរយ អាចនឹងបើកដំណើរការឡើងវិញ។



សូមស្ដាប់បទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា ដូចតទៅ៖



ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា មានប្រសាសន៍ថា ឆ្លងកាត់ការប្រជុំនៅថ្ងៃទី៣ ខែ កញ្ញា អាជ្ញាធរខេត្តស្នើឱ្យមានការពិនិត្យពីផលប៉ះពាល់ជាក់លាក់ ដើម្បីដាក់ជូនក្រុមការងារ ក្នុងការពិនិត្យលទ្ធភាពបើកសាលាឡើងវិញ។ លោកប្រធានមន្ទីរបញ្ជាក់ថា ការងារនេះបានដាក់ជាកិច្ចការប្រញាប់បំផុត។

លោក លី ប៊ុនណា ពន្យល់ពីចំណុចដែលអាជ្ញាធរតម្រូវឱ្យពិចារណាឱ្យមែនទែន មុននឹងសម្រេចបើកសាលារៀនអំឡុងពេលនេះគឺ៖« ទាក់ទងតំបន់ហានិភ័យ ផលប៉ះពាល់នៃការបើកឡើងវិញ ពិសេសចង់ពិនិត្យលក្ខណៈវិនិច្ឆ័យក្នុងការបើកឡើងវិញ  គ្រប់សាលាត្រូវពិនិត្យតាមតំបន់ហានិភ័យខ្ពស់ តែក្នុងក្រុង ទីប្រជុំជន អាចដំណើរការបាន តែឆ្លងកាត់ការវាយតម្លៃ»។ លោកប្រធានមន្ទីរបញ្ជាក់ថា មិនទាន់កំណត់ថ្ងៃបើកសាលារៀននៅពេលណានោះទេ តែលោកថាកិច្ចការងារនេះមិនយូរទេ អាចលឿនបំផុត ព្រោះនេះជាកិចការបន្ទាន់ និងប្រញាប់។

យ៉ាងណាក្ដី អាជ្ញាធរនៅបង្ហាញការព្រួយបារម្ភចំពោះការបើកសាលារៀនឡើងវិញនៅពេលនេះ ហើយជំហានដំបូងអាចបើកពីកម្រិតថ្នាក់បឋមសិក្សាឡើងតែប៉ុណ្ណោះ។ ចំពោះថ្នាក់មតេយ្យ ស្ថិតក្នុងជំហានបន្ទាប់។ នេះបើតាមការបញ្ជាក់ពីលោក លី ប៊ុនណា៕

Tag:
 អប់រំ
 ​បើកសាលា​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com