ជាតិ
រដ្ឋបាលខេត្តបាត់ដំបង បន្តទិញផ្លែមៀន ពីកសិកររហូត ដល់ថ្ងៃទី១៣កញ្ញា
03, Sep 2021 , 8:59 pm        
រូបភាព
រូបតំណាង៖ កសិករក្នុងខេត្តបាត់បងប្រមូលផលផ្លែតាង៉ែន លក់ឱ្យក្រុមកាងាររបស់ លោក ហ៊ីង ប៊ុនហៀង ដែលជានាយករងខុទ្ទកាល័យរបស់សម្តេច សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២១សីហា ឆ្នាំ២០២១។ រូបថត៖ មន្ទីកសិកម្មខេត្តបាត់ដំបង
រូបតំណាង៖ កសិករក្នុងខេត្តបាត់បងប្រមូលផលផ្លែតាង៉ែន លក់ឱ្យក្រុមកាងាររបស់ លោក ហ៊ីង ប៊ុនហៀង ដែលជានាយករងខុទ្ទកាល័យរបស់សម្តេច សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២១សីហា ឆ្នាំ២០២១។ រូបថត៖ មន្ទីកសិកម្មខេត្តបាត់ដំបង
ភ្នំពេញ៖ រដ្ឋបាលខេត្តបាតដំបង នៅបន្តប្រមូលទិញមៀនប៉ៃលិន (តាង៉ែន) និងមៀនក្រអូប ពីប្រជាកសិកររហូតដល់ថ្ងៃទី១៣កញ្ញា ឆ្នាំ២០២១។ ការបន្តទិញនេះ  គឺធ្វើឡើងបន្ទាប់ពីយុទ្ធនានៃការចុះប្រមូលទិញផ្លែតាង៉ែន ពីកសិករនៅខេត្តបាត់ដំបងដោយសម្តេច ហ៊ុន សែន ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី៣១សីហា។

 
ក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង ដែលមានមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជួយទទួលទិញផ្លែមៀនក្រអូប និងតាង៉ែនពីប្រជាកសិករ ចាប់ពីថ្ងៃទី៣ដល់១៣កញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។  លោក ងួន រតនៈ បានបញ្ជាក់ថា ការបន្តជួយទិញផ្លែមៀននេះ គឺដើម្បីជួយសម្រាល ដល់ការលំបាករបស់ប្រជាកសិករដែលជាម្ចាស់ចម្ការមៀន នាអំឡុងពេលដែលមានការរាំងស្ទះការនាំចេញ ទៅទីផ្សារក្រៅប្រទេស ក្នុងដំណាក់កាលឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 
 
បើតាម លោក សឿម ប៊ុនរិទ្ធិ អភិបាលរងអភិបាលខេត្តបាត់ដំបង ការបន្តទិញផ្លែមៀននេះ គឺធ្វើឡើងជាវគ្គៗ នៃការប្រមូលដំណាំនេះរបស់កសិករ។ លោក បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាព្រឹកថ្ងៃទី៣កញ្ញា ដូច្នេះ៖ «យើងបន្តទទួលទិញមៀនពីកសិករមួយវគ្គសិន ដែលមានរយៈពេល១១ថ្ងៃហ្នឹង ដើម្បីមើលស្ថានភាពទីផ្សារផ្លែមៀន។ ព្រោះធម្មតាទីផ្សារមៀនសព្វថ្ងៃនេះ ក៏មានផ្លែមៀនកសិករខ្លះ បាននាំទៅក្រៅ ផងដែរ។ តែបើវគ្គហ្នឹង កសិករលក់មៀនអត់ទាន់ យើងបន្តទិញទៀត»។


 
ការបន្តទទួលទិញផ្លែមៀនពីកសិករនេះ គឺស្ថិតក្នុងតម្លៃ ២ ០០០រៀលក្នុងមួយគីឡូក្រាម ដែលកសិករត្រូវដឹកកជញ្ជូនមកដល់ទីលានបាល់ទាត់វាលបែកចាន ដែលមានទីតាំងជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥  នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោក ប៊ុនរិទ្ធិ បន្តបញ្ជាក់ថា៖ « ការបន្តទទួលទិញផ្លែមៀននេះ គឺគ្មានការបង្វិតបងំ្វកសិករអ្វីឡើយ។ បើសិនកសិករលក់មៀនឱ្យទីផ្សារផ្សេងៗបានថ្លៃជាងយើងនោះ កសិករក៏លក់ឱ្យគេទៅ តែបើមៀនរបស់គ្មានអ្នកទិញទេ គឺអាចដឹកមកលក់ឱ្យយើងបានជាធម្មតា »។ 
 
ជាមួយគ្នានេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងថា  សម្រាប់ការប្រមូលផលមៀនរបស់កសិករ នៅក្នុងខេត្តបាត់ដំបងប្រចាំខែកញ្ញានេះ  គឺមានប្រមាណ៨០០តោន ខណៈដំណាំនេះ នឹងផ្តល់ទិន្នផលឱ្យកសិករជាបន្តបន្ទាប់រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានផ្ទៃដីកំពុងដាំដុះតាង៉ែនប្រមាណ ៨ ០០០ហិកតា។ នេះបើតាម របស់ លោក ឈឹម វជិរា ដោយលោក បានបន្ថែមថា៖« រាប់ចាប់ពីតុលា ឆ្នាំ២០២១ដល់ខែកុម្ភៈ ឆ្នាំ២០២២ យើងគ្រោងថា កសិករយើងនឹងប្រមូលផលផ្លែតាង៉ែននេះ បានប្រមាណជា ២ម៉ឺនតោនបន្ថែមទៀត»។  
 
យុទ្ធនានៃការចុះប្រមូលទិញផ្លែមៀន ពីកសិករនៅខេត្តបាត់ដំបង និងបណ្តាខេត្តមួយចំនួនជាប់ព្រំដែនប្រទេសថៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣១សីហា។ នេះជាការលើកឡើងរបស់លោក ស៊ុន ម៉េងហៃ ជំនួយការផ្ទាល់ លោក ហ៊ីង ប៊ុនហៀង ដែលជានាយករងខុទ្ទកាល័យ និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស របស់សម្តេច ហ៊ុន សែន។  
 
លោក ស៊ុន ម៉េងហៃ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThemy តាមទូរសព្ទថា  រយៈពេល១៤ថ្ងៃ ពោលពីថ្ងៃទី១៧ ដល់៣០សីហា នៃយុទ្ធនាការចុះប្រមូលទិញផ្លែមៀន ពីកសិករដែលកំពុងជួបបញ្ហាទីផ្សារនោះ ក្រុមការងារ បានទិញផ្លែមៀន បានសរុប ១ ៧៧៨តោន ដោយនៅក្នុងនោះ ផ្លែតាង៉ែន ចំនួន១ ០០០តោន ត្រូវបានក្រុមការចុះប្រមូលទិញដល់ចម្ការ និង៧៧៨តោនទៀត ត្រូវបានក្រុមការទិញពីកសិករ នៅលានបាល់ទាត់វាលបែកចាន ដែលមានទីតាំងជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥  ខេត្តបាត់ដំបង៕ 
 

Tag:
 កសិកម្ម
  មៀនប៉ៃលិន
  តាង៉ែន
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com