អន្តរជាតិ
អាម៉េរិក អាចផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថាន តែមិនមែនតាមរយៈក្រុមតាលីបង់
05, Sep 2021 , 8:29 am        
រូបភាព
សភាអាម៉េរិក ទំនងផ្តល់ហិរញ្ញប្បទានឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារដទៃទៀតដែលធ្វើការផ្នែកជំនួយមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសភាអាម៉េរិកនៅថ្ងៃទី ៣ ខែកញ្ញា។ ប៉ុន្តែជំនួយទាំងនេះ ក៏ទំនងជាមិនផ្តល់ឱ្យរដ្ឋាភិបាលដឹកនាំដោយតាលីបង់ក្នុងការស្តារប្រទេសឡើយ។



ចាប់តាំងពីលូកដៃចូលក្នុងសង្គ្រាមនៅអាហ្វហ្កានីស្ថានតាំងពីឆ្នាំ២០០១មក អាម៉េរិកបានផ្តល់ជំនួយជាថវិកាប្រមាណ១៣០ពាន់លានដុល្លារសម្រាប់ពង្រឹងផ្នែកសន្តិសុខ អភិបាលកិច្ច ការអភិវឌ្ឍ និងសម្រាប់បំពេញតម្រូវផ្សេងទៀតរបស់ប្រជាជនអាហ្វហ្កានីស្ថាន។ ប៉ុន្តែក្រោយការដកទ័ពចេញ និងការឡើងក្ដាប់អំណាចរបស់ក្រុមតាលីបង់ អាម៉េរិក នឹងជ្រើសរើសផ្លូវផ្សេងដើម្បីផ្ដល់ជំនួយដល់ប្រទេសក្រីក្រមួយនេះ។
 
បើតាមមន្រ្តីជំនួយការសមាជិកសភាបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ សភាអាម៉េរិក គ្រោងផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជននៅអាហ្វហ្កានីស្ថានដែលភៀសខ្លួនក្នុងប្រទេស និងជនភៀសខ្លួនទៅក្រៅប្រទេសផងដែរ។ ជំនួយទាំងនោះ នឹងមិនធ្លាក់ដល់ដៃរដ្ឋាភិបាលតាលីបង់ឡើយ។ 
 
«វាជារឿងដែលពិបាកក្នុងការបញ្ចុះបញ្ចូលសមាជិកសភាឱ្យធ្វើអ្វីដែលអាចជាគាំទ្ររដ្ឋាភិបាលតាលីបង់»។ ជំនួយការជាន់ខ្ពស់នៅសភារបស់បក្សប្រជាធិបតេយ្យ លើកឡើងបែបនេះ។ ជំហរបែបនេះ ក៏ត្រូវបានបក្សសាធារណរដ្ឋយល់ស្របដែរ។ ជំនួយការនៅសភារបស់បក្សសាធារណរដ្ឋបាននិយាយថា បក្សសាធារណរដ្ឋនឹងមិនគាំទ្រការផ្តល់ថវិកាដល់តាលីបង់ឡើយ។
 
ខណៈពេលដែលមានការព្រមព្រៀងក្នុងសភាសម្រាប់ការផ្តល់ជំនួយតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនជាដើម បក្សសាធារណរដ្ឋបាននិយាយថា ខ្លួននឹងចង់បានព័ត៌មានច្បាស់លាស់ពីលក្ខខណ្ឌ និងអំពីរបៀបប្រើប្រាស់ជំនួយទាំងនេះ។
 
គួរបញ្ជាក់ថា សម្រាប់ឆ្នាំសារពើពន្ធ២០២២ សភាអាម៉េរិកគ្រោងផ្តល់លុយជាង៥២.០៣លានដុល្លារ សម្រាប់ជាជំនួយមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។ ជំនួយទាំងនេះ នឹងផ្តោតលើវិស័យចាំបាច់មួយចំនួនដូចជា វិស័យសុខាភិបាល និងវិស័យអប់រំជាដើម។ 
 
ក្រៅតែពីអាម៉េរិក ប្រទេសផ្សេងៗក៏កំពុងពិចារណាផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថានដែរតែមិនមានគម្រោងផ្តល់ ឱ្យរដ្ឋាភិបាលតាលីបង់នៅឡើយ។ ជាក់ស្តែង អង់គ្លេសនៅថ្ងៃទី៣ខែកញ្ញាបានប្រកាស ផ្ដល់ជំនួយជាសាច់ប្រាក់ជាង៤១លានដុល្លារឱ្យប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានជួយគាំទ្រជនភៀសខ្លួន៕
 
 
 
 

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com