ជាតិ
គ្រូផ្នែកវិស្វកម្មអគ្គិសនី ជាគោលដៅអាជីព​របស់និស្សិត ស្រៀង ណារ៉ានុត ដែលកំពុងសិក្សានៅកូរ៉េខាងត្បូង
06, Sep 2021 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មទូរគមនាគមន៍​ និងអេឡិចត្រូនិក ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនទាន់ដល់មួយខែផង លោក ស្រៀង ណារ៉ានុត ក៏បន្តទៅសិក្សា​អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងព័ត៌មានវិទ្យា នៅ​កូរ៉េខាងត្បូងរយៈពេល៣ឆ្នាំថែមទៀតទៀត ក្រោមអាហារូបករណ៍​របស់រដ្ឋាភិបាលកូរ៉េ។ និស្សិត​វ័យ២២ឆ្នាំរូបនេះបានតាំងចិត្តថា ខ្លួននឹងប្រឹងប្រែងរៀនសូត្រ​​ ដើម្បីយកចំណេះដឹងត្រឡប់មកអភិវឌ្ឍប្រ​ទេស​​របស់ខ្លួនវិញ។ និស្សិតរូបនេះ បានអះអាងថា ខ្លួនចង់ធ្វើជាសាស្ត្រាចារ្យមួយរូប នៅថ្ងៃអនាគត ដើម្បីរួមចំណែកបណ្តុះធនធានមនុស្សនៅកម្ពុជា​។
 
និស្សិត ស្រៀង ណារ៉ានុត បានដាក់អាហារូបករណ៍របស់រដ្ឋាភិបាលកូរ៉េ នៅដើមខែកុម្ភៈ ឆ្នាំ២០២១ ហើយបានជាប់​ដូចបំណងនៅខែកក្កដា ឆ្នាំ២០២១​ មុនរូបគេត្រៀម​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ នៅដើមខែសីហា ឆ្នាំ២០២១។ ការពិតអាហារូបករណ៍របស់រដ្ឋាភិបាលកូរ៉េនេះ គឺជាក្តីស្រមៃទី២របស់ ណារ៉ានុត ដែលចង់ទៅសិក្សា បន្ទាប់ពីខ្លួនបរាជ័យអាហារូបករណ៍ជប៉ុន កាលពីនៅជានិស្សិតឆ្នាំទី៣។ 


 
មានអាយុ២២ឆ្នាំ យុវជន ស្រៀង ណារ៉ានុត បានចាកចេញពីមាតុភូមិរបស់ខ្លួន ទៅសិក្សានៅប្រទេសកូរ៉េកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។  សម្រាប់ការសិក្សានៅប្រទេសកូរ៉េ គឺណារ៉ានុត ត្រូវសិក្សាភាសាកូរ៉េ តាមអនឡាញរយៈពេល១ឆ្នាំសិន ទើបណារ៉ានុត អាចចូលរៀនថ្នាក់ អនុបណ្ឌិតនៅសកលវិទ្យាល័យ Seoul National University of Science and Technology ( SeoulTech )។ 
 
កត្តាជំរុញឲ្យនិស្សិតមកពីខេត្តកំពង់ឆ្នាំងរូបនេះ ជ្រើសរើសអាហារូបករណ៍សិក្សានៅប្រ​ទេស​កូរ៉េខាងត្បូងនេះ ​ដោយសារណារ៉ានុត មានសុទិដ្ឋិនិយម ចំពោះការសិក្សានៅប្រទេសដែលរីកចម្រើនផ្នែកវិស្វកម្មអគ្គិសនី និងព័ត៌មានវិទ្យាមួយនេះ។​ ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ ណារ៉ានុត សង្កេតឃើញថា នៅកម្ពុជា គឺនៅខ្វះនិស្សិតជំនាញវិស្វកម្មអគ្គិសនី និងវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក ក្នុងការជំរុញឲ្យកម្ពុជា ឆ្លើយតបនឹងតម្រូវការក្នុងប្រទេស និងដើម្បីឲ្យកម្ពុជាជ្រៀតចូល ក្នុងបដិវត្តឧស្សាហកម្មទី៤ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ 


 
យុវជន ណារ៉ានុត បានរៀបរាប់ដូច្នេះថា៖‍«ដោយសារតែធនធានគ្រូនៅកម្ពុជា ដែលទាក់ទងនឹងជំនាញហ្នឹង គឺអត់សូវមាន។ នៅកម្ពុជា កំពុងតែខ្វះធនធានផ្នែកវិស្វកម្មអគ្គិសនី។ និស្សិតភាគច្រើន គឺជ្រើសរើសជំនាញគណនេយ្យ ធនាគារហិរញ្ញវត្ថុ គ្រប់គ្រង ខាងច្បាប់ ខាងវិទ្យាសាស្ត្រសង្គម ក៏ប៉ុន្តែខាងវិស្វកម្ម និងវិទ្យាសាស្ត្រ គឺមានចំនួនតិច។ រដ្ឋាភិបាលរបស់យើង គឺកំពុងតែរៀបចំគោលនយោបាយសម្រាប់អភិវឌ្ឍប្រទេស ដើម្បីនាំកម្ពុជាចូលទៅយុគសម័យថ្មីរបស់រដ្ឋាភិបាលសេដ្ឋកិច្ចឌីជីថល។ ដើម្បីឲ្យកម្ពុជាជ្រៀតចូលក្នុងបរិបទបច្ចេកវិទ្យាបាន គឺយើងត្រូវការគ្រូ ដើម្បីបណ្តុះបណ្តាល»។ 
 
លោក ស្រៀង ណារ៉ានុត ជឿជាក់ថា​ការចំណាយពេល៣ឆ្នាំ ​សិក្សានៅប្រទេសកូរ៉េ ខ្លួននឹងអាចមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីនាំសមទ្ធិផលមកអភិវឌ្ឍប្រទេសរបស់ខ្លួន។ និស្សិតអនុបណ្ឌិតរូបនេះ ក៏ប្រាថ្នាថាក្រោយខ្លួនបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនេះហើយ ខ្លួននឹងបន្តសិក្សាឲ្យដល់ថ្នាក់បណ្ឌិតបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួនក្លាយជាសាស្ត្រាចារ្យនៅថ្ងៃអនាគត។​ «ដោយសារអត់សូវមានគ្រូ គឺយើងជួលគ្រូពីបរទេស គឺវាថ្លៃ​។ ដូច្នេះបើយើងមានធនធានមនុស្សបណ្តុះបណ្តាលនោះ នឹងធ្វើឲ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើន។ តាមទស្សនវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គឺត្រូវការបញ្ញវន្ត និងធនធានមនុស្សច្រើន»។ នេះជាការរៀបរាប់របស់លោក ណារ៉ានុត។ 
 
លោក ស្រៀង ណារ៉ានុត បានលើកទឹកចិត្តឲ្យនិស្សិត និងយុវជនជំនាន់ក្រោយគួរតែរៀនជំនាញផ្នែកវិស្វកម្មអគ្គិសនី និងព័ត៌មានវិទ្យាឲ្យបានច្រើន។ លើសពីនេះ ណារ៉ានុត ក៏បានជំរុញឲ្យនិស្សិតដែលកំពុងតែសិក្សាលើជំនាញនេះ គួរតែខិតខំប្រឹងប្រែងរៀន ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើនផងដែរ។ «ផ្នែកវិស្វកម្ម​ និងបច្ចេកវិទ្យាគឺពិតជាមានសារសំខាន់មែនទែន។ ពីព្រោះមានតម្រូវការទីផ្សារគ្រប់ទីកន្លែង»។ នេះជាអ្វីដែលលោក ស្រៀង ណារ៉ានុតរំពឹងទុក និងជឿជាក់លើការសិក្សាលើជំនាញនេះ៕
 
 

Tag:
 ស្រៀង ណារ៉ានុត
  ​និស្សិត
  អាហារូបករណ៍
  វិស្វកម្មទូរគមនាគមន៍​
© រក្សាសិទ្ធិដោយ thmeythmey.com