អន្តរជាតិ
អ៊ីរ៉ង់ប្រាប់អាម៉េរិកឱ្យឈប់ដាក់ទណ្ឌកម្មលើខ្លួនទៀត ព្រោះជារឿងឥតប្រយោជន៍
06, Sep 2021 , 10:43 am        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ។ រូបថត Xinhua
ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ។ រូបថត Xinhua
អ៊ីរ៉ង់នៅថ្ងៃទី ៤ ខែកញ្ញា អំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្មលើខ្លួនទៀត និងចាត់ទុកអាម៉េរិកញៀននឹងការដាក់ទណ្ឌកម្មលើប្រទេសដទៃ។ តាមរយៈក្រសួងការបរទេស អ៊ឺរ៉ង់ ក៏បានចោទប្រកាន់ប្រធានាធិបតី ចូ បៃឌិន ថា​ បានអនុវត្តតាមគោលនយោបាយដែលគ្មានផ្លូវចេញរវាងប្រទេសទាំងពីរដូចកាលពីអាណិត្តលោក ដូណាល់ ត្រាំ ដែរ​។


​ ​«ទីក្រុងវ៉ាស៊ីនតោនត្រូវតែយល់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីបោះបង់ការដាក់ទណ្ឌកម្ម និងបង្ហាញការគោរពទាំងនៅក្នុងសេចក្តីថ្លែងការណ៍ និងអាកប្បកិរិយារបស់ខ្លួនចំពោះអ៊ីរ៉ង់»។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ឺរ៉ង់លោក Saeed Khatibzadeh លើកឡើងបែបនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែកញ្ញា ក្រោយអាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មី​លើជនជាតិអ៊ីរ៉ង់​៤រូប។
 
ក្រសួងហិរញ្ញវត្ថុអាម៉េរិកនៅថ្ងៃទី ៣ ខែកញ្ញា បានប្រកាសដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុថ្មីមួយទៀតលើ ជនជាតិអ៊ីរ៉ង់៤នាក់ ដែលត្រូវបានអាម៉េរិកចោទប្រកាន់ពីបទរៀបចំផែនការចាប់ជំរិតអ្នកកាសែតជនជាតិអាម៉េរិកដែលមានដើមកំណើតអ៊ីរ៉ង់ម្នាក់នៅអាម៉េរិក។ 
 
ក្នុងអាណត្តិលោក ដូណាល់ ត្រាំ កន្លងទៅ អាម៉េរិកនៅឆ្នាំ២០១៨ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ​ក្រោយអាម៉េរិកដកខ្លួនចេញ ភាពតានតឹងរវាងប្រទេសទាំងពីរបានកើតមានសារជាថ្មី ដោយអាម៉េរិកបានបន្តដាក់ទណ្ឌកម្មផ្សេងៗលើអ៊ីរ៉ង់។​ 
 
ប្រធានាធិបតីថ្មីអ៊ឺរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាលើកដំបូងក្រោយឡើងកាន់អំណាច បញ្ជាក់ថា របៀបវារៈថ្មីរបស់រដ្ឋាភិបាលអ៊ឺរ៉ង់ បានព្យាយាមស្តារ​ឡើងវិញកិច្ចព្រមព្រៀងនុយក្លេ​អ៊ែរផងដែរ។ យ៉ាងណាមិញ លោកបានបន្ថែមថា ការព្យាយាមស្តារឡើងវិញនេះ មិនពាក់ព័ន្ធនឹងការដាក់សម្ពាធពីប្រទេសលោកខាងលិចឡើយ។ 
 
«ជាច្រើនដងហើយដែល អាម៉េរិក​និងអឺរ៉ុបបានព្យាយាមដាក់សម្ពាធផ្សេងៗ ដើម្បីឱ្យយើងចូលរួមក្នុងកិច្ចសន្ទនា ប៉ុន្តែការធ្វើបែបនេះគឺជារឿងឥតប្រយោជន៍»។ លោក Raisi សង្កត់ធ្ងន់បែបនេះដោយសំដៅលើកិច្ចចរចានុយក្លេ​អ៊ែររវាងអ៊ឺរ៉ង់ អាម៉េរិកនិងប្រទេសចំនួន៥ផ្សេងទៀត។
 
ចំណែកលោក បៃឌិន ធ្លាប់អះអាងថា លោកចង់ បញ្ចូលទីក្រុងវ៉ាស៊ីនតោនចូលទៅក្នុងកិច្ចព្រមព្រៀងនេះវិញ ប៉ុន្តែកិច្ចពិភាក្សានៅទីក្រុងវីយែន  បាននជាប់គាំងចាប់តាំងពីលោក Raisi ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅ។​
 
កាលពីចុងខែសីហា មេដឹកនាំកំពូលរបស់អ៊ឺរ៉ង់លោក Ayatollah Ali Khamenei បានចោទប្រកាន់រដ្ឋបាលរបស់លោក បៃឌិន ថា បានដើរតាមកន្លងគោលនយោបាយដូចអ្នកដឹកនាំអាម៉េរិកមុនៗដែរ ដោយឱ្យអ៊ឺរ៉ង់ធ្វើតាមទាមទាររបស់ខ្លួន ដែលនេះធ្វើឱ្យកិច្ចពិភាក្សារវាងប្រទេសទាំងពីរគ្មានចេញលទ្ធផល និងបង្កើនភាពតានតឹងកាន់តែខ្លាំងឡើង៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com