ជាតិ
ខុទ្ទកាល័យប្រកាសថា សម្តេច ស ខេង វះកាត់នៅបារាំង​ដោយជោគជ័យ
06, Sep 2021 , 11:02 am        
រូបភាព
សម្តេច ស ខេង មកពីបំពេញទស្សនកិច្ចនៅបរទេស កាលពីឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់សម្តេច ស ខេង
សម្តេច ស ខេង មកពីបំពេញទស្សនកិច្ចនៅបរទេស កាលពីឆ្នាំ២០១៩។ រូបពីគេហទំព័ររបស់សម្តេច ស ខេង
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅប្រទេសបារាំង ដើម្បីវះកាត់ជំងឺ។ សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យរបស់សម្តេច បានប្រកាសថា សម្តេច បានអញ្ជើញមកដល់កម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីពិនិត្យសុខភាព និងទទួលការវះកាត់ដោយជោគជ័យពីក្រុមគ្រូពេទ្យបារាំង។



លោក ខៀវ សុភ័គ នាយខុទ្ទកាល័យរបស់សម្តេច ស ខេង និងជាអ្នកនាំពាក្យនាំពាក្យក្រសួងមហាផ្ទៃ មិនផ្តល់ព័ត៌មានលម្អិតឡើយថា សម្តេច វះកាត់ជំងឺអ្វី ដោយលោក លើកហេតុផលថា ជារឿងឯកជន។ លោក មានប្រសាសន៍ថា៖«អ្នកចង់ដឹងហ្នឹង ចង់ដឹងហួសហេតុ។ រឿងឯកជន អ្នកណា ទៅប្រាប់យើង។ ដ្បិត [សម្តេច ជា] បុគ្គលសាធារណៈ តែក៏មានឯកជនភាពដែរ។ គេ ឲ្យដឹងប៉ុនណា ដឹងប៉ុណ្ណឹងទៅ»។

យ៉ាងណាក៏ដោយ លោក ខៀង សុភ័គ អាចបង្ហើបបានថា ជំងឺរបស់សម្តេច ដូចជាមិនធ្លន់ធ្ងរអ្វីឡើយ។ លោក បញ្ជាក់ថា៖«វះកាត់ធម្មតាទេ»។

ខុទ្ទកាល័យរបស់ម្តេច ប្រកាសតាំងពីដំបូងថា សម្តេច ទៅបារាំង ដោយមានធុរៈផ្ទាល់ខ្លួន។ ធុរៈផ្ទាល់ខ្លួននោះ គឺពាក់ព័ន្ធនឹងការពិនិត្យសុខភាពនេះឯង។ តែសេចក្តីជូនដំណឹងដំបូងនោះ ពុំទាន់បញ្ចេញថា សម្តេច ត្រូវវះកាត់ឡើយ។ ទើបតែសម្តេច ត្រឡប់មកដល់កម្ពុជាវិញ ទើបព័ត៌មាន ដែលថា សម្តេច បានវះកាត់ ត្រូវបានបញ្ចេញសាធារណៈ។ សម្តេច បានចេញទៅបារាំងកាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២១។

មជ្ឈដ្ឋានខ្លះ ពិសេសក្រុមអ្នកប្រឆាំង បាននាំគ្នាបង្ហោះលើបណ្តាញសង្គមថា សម្តេច ស ខេង អាចនឹងមានជំនួបក្រៅផ្លូវការជាមួយលោក សម រង្ស៊ី ឬមន្រ្តីប្រឆាំងនៅបារាំង។ តែខុទ្ទកាល័យរបស់សម្តេច រួមទាំងលោក ស សុខា ជាកូនប្រុសរបស់សម្តេច បានចេញមកបដិសេធផ្ទាល់ថា សម្តេច ទៅបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ដោយគ្មានជំនួបក្រៅផ្លូវការជាមួយអ្នកនយោបាយណាឡើយ៕

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com