អន្តរជាតិ
ការស្ទង់មតិ៖ លោក តារ៉ូ កូណូ មានភាគរយខ្ពស់ក្នុងការបន្តតំណែងលោក ស៊ូហ្កា
06, Sep 2021 , 1:35 pm        
រូបភាព
លោក តារ៉ូ កូណូ
លោក តារ៉ូ កូណូ
កាសែតក្នុងស្រុកជប៉ុន Yomiuri​ នៅថ្ងៃទី៦ ខែកញ្ញាបានចុះផ្សាយលទ្ធផលស្ទង់មតិប្រជាជនលើការ បោះឆ្នោតជ្រើសរើសប្រធានបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) បន្តពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ដែលនឹងលាលែង។ លោក តារ៉ូ កូណូ រដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធីចាក់វ៉ាក់សាំង ទទួលបានការគាំទ្រនាំមុខគេ។​​ លោក កូណូ នាំមុខបេក្ខជនផ្សេងៗទៀតដែលមានប្រជាប្រិយភាព និងសក្តានុភាពដូចជា លោកហ្វូមីអូ គីស៊ីដា និងលោក ស៊ីកេរឹ អ៊ីស៊ីបា ។

 
នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្កា យូស៊ីហ៊ីដេ នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានបក្ស LDP ដែលនឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញានេះឡើយ។ ការណ៍នេះមានន័យថា លោកលាលែងពីតំណែង នាយករដ្ឋមន្ត្រីនៅពេលនោះផងដែរ។ បេក្ខជនដែលឈ្នះតំណែងប្រធានបក្ស LDP ក៏នឹងក្លាយជា នាយករដ្ឋមន្រ្តីជប៉ុនដោយសារបក្សនេះកាន់កាប់សំឡេងភាគច្រើនក្នុងសភាជាន់ទាប។
 
យោងតាមការស្ទង់មតិរបស់កាសែតជប៉ុន Yomiuri​ លោក តារ៉ូ កូណូ ដែលជារដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាល និងទទួលបន្ទុកកម្មវិធីចាក់វ៉ាក់សាំង ទទួលសំឡេងគាំទ្រច្រើនជាងគេចំនួន២៣ភាគរយ និងមានឱកាសធ្វើនាយករដ្ឋមន្រ្តី។ បេក្ខជនបន្ទាប់ជាលោក ​ស៊ីកេរឹ អ៊ីស៊ីបា ជាអតីតរដ្ឋមន្រ្តី ការពារជាតិដែលទទួលការគាំទ្រ២១ភាគរយ។ លោក ហ្វូមីអូ គីស៊ីដា ដែលជាបេក្ខជនសំខាន់មួយដែរ បានសំឡេងគាំទ្រ១២ភាគរយ។ ឯលោកស្រី សាណេ តាកាអ៊ិឈិ ទទួលបានការគាំទ្រតែ៣ភាគរយប៉ុណ្ណោះ។
 
លោក កូណូ ​ដែលមានអាយុ៥៨ឆ្នាំ ធ្លាប់ជាអតីតរដ្ឋមន្រ្តីការបរទេស និងការពារជាតិក្នុងរដ្ឋបាលលោក អាបេ ស៊ិនហ្សូ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Georgetown និងជាអ្នក និយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ មន្ត្រីរូបនេះទទួលបានការគាំទ្រច្រើនក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង ហើយលោកក៏មានប្រព័ន្ធសង្គមផ្ទាល់ខ្លួន​ Twitter ដែលមានអ្នកតាមដានជាង ២,៣លាននាក់។
 
យ៉ាងណាមិញ ចំពោះសមាជិកបក្សកាន់អំណាចវិញ លោក កូណូ ជាអ្នកនយោបាយមានគំនិត ឯករាជ្យនិងចូលចិត្តនិយាយពីអ្វីមួយដោយមិនសំចៃ។ សមាជិកបក្សផ្សេងទៀតគិតឃើញថា លោក កូណូ នៅក្មេងពេកសម្រាប់តំណែងនេះ។
 
គួរបញ្ជាក់ថា មកទល់ពេលនេះមានតែលោក គីស៊ីដា ម្នាក់ប៉ុណ្ណោះដែលប្រកាសចូលរួមជាផ្លូវការការ បោះឆ្នោតប្រធាបក្ស LDP ។ ​ឥស្សរជនផ្សេងទៀតដែលត្រូវមើលឃើញថា ​ជាបេក្ខជនសក្ដិសមមិនទាន់ ប្រកាសចូលរួមនៅឡើយ៕
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com