កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិក៖ អត្តពលិក៣៨១នាក់ឈ្នះមេដាយលើសពី១ ក្នុងនោះ Krypak បាន៧តែម្នាក់ឯង
07, Sep 2021 , 8:29 am        
រូបភាព
ដោយ: រួបរួម
ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ក្រុងតូក្យូ បានបញ្ចប់កាលពីថ្ងៃទី៥ ខែកញ្ញា ដោយចិនឈ្នះមេដាយច្រើនជាងគេ បន្ទាប់មកមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អត្តពលិកពីគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី និងហូឡង់។ ម្ចាស់ផ្ទះជប៉ុនស្ថិតនៅលេខ១១។ ក្នុងចំណោមនោះ អត្តពលិករហូតដល់ទៅ៣៨១នាក់ ទទួលបានមេដាយលើសពី១ ដោយកីឡាករហែលទឹកអ៊ុយក្រែន Maksym Krypak ឈ្នះមេដាយ៧តែម្នាក់ឯង។

 
Krypak បានឈ្នះមេដាយមាស៥ ប្រាក់១ និងសំរឹទ្ធ១ ពីរាល់វិញ្ញាសាដែលកីឡាករហែលទឹកអ៊ុយក្រែន វ័យ២៦ឆ្នាំរូបនេះ បានប្រកួតប្រជែង។ កីឡាករហែលទឹកបេឡារុស Ihar Boki ស្ថិតនៅចំណាត់ថ្នាក់លេខ២នៃបញ្ជីឈ្មោះកីឡាករដ៏ជោគជ័យបំផុតនៅប៉ារ៉ាឡាំពិកក្រុងតូក្យូ ដោយឈ្នះមេដាយមាសចំនួន៥។
 
កីឡាករអត្តពលកម្មស្វីស Marcel Hug, កីឡាការិនីហែលទឹកចិន Dong Lu និងកីឡាករហែលទឹកចិន Tao Zheng បានឈ្នះមេដាយមាសចំនួន៤ដូចគ្នា។


 
កីឡាការិនីហែលទឹកអាមេរិក Jessica Long បានឈ្នះមេដាយសរុបចំនួន៦ ក្នុងនោះមាស៣ ប្រាក់២ និងសំរឹទ្ធ១ រីឯកីឡាករហែលទឹកចក្រភពអង់គ្លេស Reece Dunn និងកីឡាការិនីប្រេស៊ល Maria Caroline Gomes Santiago ទទួលបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ដូចគ្នា។
 
សម្រាប់ម្ចាស់ផ្ទះជប៉ុន កីឡាករអត្តពលិក Tomoki Sato កីឡាការិនីវាយសី Sarina Satomi កីឡាការិនីជិះកង់ Keiko Sugiura ឈ្នះមេដាយមាស២រៀងៗខ្លួន ស្របពេលដែលកីឡាករហែលទឹក Takayuki Suzuki ឈ្នះមេដាយសរុប៥ ដោយមានមាស១ ប្រាក់២ និងសំរឹទ្ធ២។
 
កីឡាករអត្តពលកម្មថៃ Pongsakorn Paeyo ជាកីឡាករដែលទទួលបានជោគជ័យធំធេងជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ដោយបានឈ្នះមេដាយមាស៣តែម្នាក់ឯង ខណៈកីឡាការិនីវាយសីឥណ្ឌូណេស៊ Oktila Leani Ratri បានមេដាយមាស២ និងប្រាក់១៕
 









Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com