ជាតិ
សត្វត្រដក់តូចពាក់ស្លាកសម្គាល់ដំបូងគេ ត្រូវបានលែងក្នុងព្រៃធម្មជាតិនៅសៀមរាប
06, Sep 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វត្រដក់តូចពាក់ស្លាកសម្គាល់ដំបូងគេ ត្រូវបានលែងនៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប បន្ទាប់ពីស្តារនីតិសម្បទា។ សត្វត្រដក់នេះ ត្រូវបានបំពាក់ស្លាកសម្គាល់នៅជាប់ស្លាប ដែលជាឧបករណ៍មួយប្រភេទ សម្រាប់កំណត់អត្តសញ្ញាណ និងបង្កលក្ខណៈងាយស្រួលដល់អ្នកអភិរក្ស ក្នុងការតាមដានវឌ្ឍនភាពនៃការលែង និងតាមដានការធ្វើចលនារបស់វា។

 
លោក វ៉ាន់ សុជា ប្រធានផ្នែកអប់រំនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះរបស់អង្គការ ACCB បានប្រាប់សារព័ត៌ថ្មីៗ២៥ថា ក្រុមការងារផ្នែកអភិរក្សសត្វ បានត្រៀមពាក់ស្លាកបំពាក់ឱ្យសត្វត្រដក់តូចមួយចំនួនទៀត ក្រោយស្ដារនីតិសម្បទារួច មុននឹងលែងចូលព្រៃធម្មជាតិ ។
  

រុបភាពដោយ ACCB

«យើងដាក់តែលើសត្វស្លាបធំៗដែលបានស្តារនីតិសម្បទារួចរាល់ និងមានសមត្ថភាពចូលព្រៃរកចំណីដោយខ្លួនវាប៉ុណ្ណោះ សត្វតូចមិនដាក់ទេ។ ជាក់ស្ដែងសត្វត្រដក់តូចដែលបានបំពាក់ស្លាកនៅលើខ្លួននេះ ជាសត្វដំបូងគេហើយដែលមានស្លាកក្រោយលែងចូលព្រៃធម្មជាតិក្នុងខេត្តសៀមរាប»។ នេះជាការលើកឡើងរបស់លោក  សុជា ដោយបន្ថែមថា សកម្មភាពនៃការដាក់ស្លាកសម្គាល់សត្វនេះ ទទួលបានការឧបត្ថម្ភថវិកាពីអង្គការ WTG និងបរិច្ចាគស្លាកសម្គាល់ពីក្រុមហ៊ុន Màquia Serveis Ambientals ។
 
បច្ចុប្បន្នមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះរបស់អង្គការ ACCB មានសត្វដែលកំពុងស្ដារនីតិសម្បទាជាង១ពាន់ក្បាល ដោយមានជាង៥០ប្រភេទ ក្នុងនោះមានទាំងសត្វស្លាប ល្មូន និងសត្វផ្សេងទៀត។ នេះជាការបញ្ជាក់របស់លោក សុជា៕
 
 
 

Tag:
 ត្រដក់
  ពាក់ស្លាក
  សង្កាត់ជ្រាវ
© រក្សាសិទ្ធិដោយ thmeythmey.com