ជាតិ
រថយន្ត
​ឡានចង្កូតស្តាំដែលបង្ក្រាបបាន នឹងបំបែកទៅជាគ្រឿងបន្លាស់​ ឬកម្ទេចចោល
06, Sep 2021 , 7:39 pm        
រូបភាព
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ​នៃទីស្តីការគណៈរដ្ឋមន្ត្រី
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ​នៃទីស្តីការគណៈរដ្ឋមន្ត្រី
ចាប់​ពីដើមខែកក្កដា ឆ្នាំ២០២២ តទៅ ឡានចង្កូតស្តាំដែលអាជ្ញាធរបង្ក្រាបបាន នឹងត្រូវបំបែកទៅជាគ្រឿងបន្លាស់ ឬកម្ទេចចោលតែម្តង។ នេះបើយោងតាមលិខិតចុះថ្ងៃទី២ កញ្ញា របស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបទៅរដ្ឋមន្ត្រីក្រសួងចំនួន៣ គឺមហាផ្ទៃ ការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 
នៅក្នុងលិខិតដដែល លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ​នៃទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា រដ្ឋាភិបាលទុកពេលត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ ឱ្យម្ចាស់រថយន្តចង្កូតស្តាំដែលមានវត្តមាននៅកម្ពុជា ​​កែ​ចង្កូតពីស្តាំ មកឆ្វេង ដើម្បី​​ឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ម្ចាស់រថយន្តទាំងនោះ ក៏ត្រូវតែបង់ពន្ធ និងអាករនាំចូលរថយន្តតាមកាតព្វកិច្ចផងដែរ។ 
 
គួរកត់សម្គាល់ថា កាលពីដើមខែកញ្ញាកន្លងទៅ មេបញ្ជាការ​កងទ័ពជើងគោកយោធភូមិភាគ​៥ លោក ឯក សំអូន ​បាន​ចេញ​បទបញ្ជាស្តីពីការទប់ស្កាត់​ការនាំចូល​រថយន្ត​ចង្កូតស្តាំមកក្នុងប្រទេស។ ​ក្នុងបទបញ្ជានោះ លោក ឯក សំអូន បានណែនាំឲ្យគ្រប់បណ្តាកងឯកភាព​តាមព្រំដែន រួមគ្នា​សហការ​ទប់ស្កាត់ឲ្យបាននូវការនាំចូលរថយន្តចង្កូតស្តាំ ហើយក្នុងករណីមានយោធិន ឃុបឃិត​លួចនាំចូល មេបញ្ជាការកងឯកភាពនឹងត្រូវ​ប្រឈមចំពោះមុខ​ច្បាប់។ 
 
 
ក្រៅពីដាក់ចេញវិធានការលើ​រថយន្តចង្កូតស្តាំ រដ្ឋាភិបាល ក៏នឹងចាត់ការលើម្ចាស់​រថយន្តឯកជន ​ជ្រកក្រោមស្លាកលេខរដ្ឋ ផ្អាកលេខ ខ.ម និងន.ប ដែលមានចង្កូតឆ្វេង ដែលគ្មានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋដែរ​។ យោងតាមលិខិតដដែល ម្ចាស់រថយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ផ្អាកលេខ ខ.ម និងន.ប នឹងទទួលបានការអនុគ្រោះតែមួយលើកក្រោយនេះប៉ុណ្ណោះ ក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ ក្រៅពីបង់​ពន្ធដារ ម្ចាស់យានយន្តទាំងនោះ ក៏ត្រូវតែ​បង់ពន្ធ និងអាករនាំចូលយានយន្ត តាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជាដែរ។
​រដ្ឋលេខាធិការប្រចាំការ​នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានប្រាប់ឱ្យអគ្គនាយដ្ឋានពន្ធដារ ​រៀបចំបញ្ជីលម្អិត អំពីភិនភាគសម្គាល់យានយន្ត និង​ម្ចាស់យានយន្តឯកជន ដែលជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និងន.ប ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។ 
 



លោក ហ៊ីង ថូរ៉ាក់ស៊ី  គូសបញ្ជាក់ក្នុងលិខិតដដែលថា អាជ្ញាធរដែ​នដី និង​កងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។ ហើយក្រសួង និងស្ថាប័នទាំងអស់ ត្រូវអនុវត្តឱ្យបាន​ម៉ឹងមាត់ នូវច្បាប់និងគោលនយោបាយហាមឃាត់​ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ លើកលែងមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេស ដូចជារថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកសំរាមជាដើម។ ករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធនឹងការលួចលាក់នាំចូលរថយន្តចង្កូតស្តាំដែលជាប្រភេទរថយន្តខុសច្បាប់​ បុគ្គលនោះ ត្រូវទទួល​ទោសទណ្ឌតាមច្បាប់ជាធរមាន។ នេះបើតាមលិខិតដដែល៕
 

Tag:
 ឡានចង្កូតស្តាំ
  គ្រឿងបន្លាស់
 ​ខ.ម
  ន.ប
  ស្លាកលេខរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com