ជាតិ
សង្គមជាតិ
លោក សុខ ទូច៖«ពីមុនបឹងមានច្រើន លុបអត់អី ឥឡូវសល់តែ១ នៅលុបទៀត, លុបខ្ទេចខ្ទី មោទនភាពស្អី»
06, Sep 2021 , 6:30 pm        
រូបភាព
លោក សុខ ទូច ថ្លែងក្នុងសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលគ្រូភាសាចិន (រូប ថតចេញវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច)។ ទិដ្ឋភាពបឹងតាមោក ត្រូវបានថតនាពេលល្ងាច (រូបពីគណនីហ្វេសប៊ុក Rak sa)។
លោក សុខ ទូច ថ្លែងក្នុងសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលគ្រូភាសាចិន (រូប ថតចេញវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច)។ ទិដ្ឋភាពបឹងតាមោក ត្រូវបានថតនាពេលល្ងាច (រូបពីគណនីហ្វេសប៊ុក Rak sa)។
មិនមែនតែអង្គការសង្គមស៊ីវិល និងអ្នកនៅក្រៅរដ្ឋាភិបាលទេ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាមន្រ្តីក្នុងជួររដ្ឋាភិបាលដែរនោះ ក៏មិនពេញចិត្តចំពោះការលុបបឹងដែរ ពិសេសការលុបបឹងក្នុងរាជធានីភ្នំពេញ។



លោក សុខ ទូច បានឆ្លៀតនិយាយដល់រឿងលុបបឹងក្នុងរាជធានីភ្នំពេញ នៅក្នុងសិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិន ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ លោក ថ្លែងថា៖«ពីមុនបឹងវាច្រើន លុបទៅវាអត់អី តែឥឡូវបឹង សល់តែ១ បឹងតាមោកហ្នឹងលុបទៀតហើយ លុបខ្ទេចលុបខ្ទីហើយ។ អាចឹង សួរថាមោទនភាព? មោទភាពស្អី។ ពីមុនវាមានច្រើន វា មានអូរឫស្សី វា មានបឹងទំពុន បឹងស្នោ បឹងអីច្រើន ឥឡូវយើង លុបសល់តែ១ សល់តែបឹង១ហ្នឹង ហើយយើងបន្តលុបទៀត អាហ្នឹវា ជារឿងមួយលំបាក»។

ថ្វីបើតំបន់ធម្មជាតិខ្លះ ត្រូវបានបំផ្លាញក្តី តែលោក សុខ ទូច នៅតែមើលឃើញថា កម្ពុជា នៅសល់តំបន់ធម្មជាតិល្អៗជាច្រើន ដែលអាចធ្វើជាកន្លែងទេសចរណ៍។ បឹងជារបស់ធម្មជាតិមួយ ដែលលោក ចង់ឲ្យរក្សាទុក ដើម្បីធ្វើជាកន្លែងទេសចរណ៍។

លោក មានប្រសាសន៍ថា៖«យើង ចូលចិត្តចាក់ដី។ កន្លែងហ្នឹង ខ្ញុំ និយាយទៅ សូមឲ្យអ្នកដែលបានចាក់ដី កុំខឹងនឹងខ្ញុំ។ ប៉ុន្តែ ខ្ញុំ សូមនិយាយការពិត។ យើង ចាក់ដីច្រើនពេក អត់ដូចគេទេ។ គេ យកទូកទៅអុំនៅតាមបឹង ទៅមើលទៅ។ ខ្ញុំទៅ ប៉េកាំង ហើយទៅកូរ៉េ ជិះទូក គេ យកលុយ រាប់រយ រាប់ពាន់ [ដុល្លារ?]»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានលើកពីគុណសម្បត្តិមួយចំនួនរបស់បឹង ដូចជា អាចធ្វើជាកន្លែងសម្រាប់ស្ទួចត្រីកម្សាន្ត អាចធ្វើជាកន្លែង ដែលបង្ហាញពីវប្បធម៌នៃការនេសាទរបស់ប្រជាជន អាចធ្វើជាកន្លែងទេសចរណ៍សិប្បនិមិត្ត អាចធ្វើខ្សែរ៉តឲ្យភ្ញៀវទេសចរជិះកាត់បឹង អាចរៀបចំទូកឲ្យភ្ញៀវទេសចរជិះកម្សាន្ត និង អាចធ្វើផ្លូវក្រោមបឹង ជាដើម។ លោក លើកគុណសម្បត្តិ១បន្ថែមទៀតថា ការទុកបឹង ក៏អាចឲ្យអ្នកមានវិបត្តិផ្លូវចិត្ត ឬអ្នកស្មុគស្មាញផ្លូវចិងត្ត ទៅលម្ហែ ដើម្បីឲ្យបានរំសាយចិត្តដែរ។

មិនមែនទើបតែលើកទី១ទេ កន្លងមក លោក សុខ ទូច ក៏ធ្លាប់លើកឡើងពីរឿងលុបបឹងនេះដែរ ហើយរាល់ការលើកឡើងរបស់លោកទាំងនោះ គឺលោក តែងបង្ហាញពីបំណងមិនឲ្យមានការលុបបឹង។

សាធារណជន ទើបនឹងសរសើរ និងសាទររដ្ឋាភិបាលកម្ពុជា ក្រោយពីឃើញរដ្ឋាភិបាល ចេញលិខិត នៅចុងខែសីហា ឆ្នាំ២០២១នេះ ដើម្បីច្រានចោលសំណើរបស់ក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ ដែលសុំទិញបឹងវាលសំណាបទំហំ១ពាន់ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។ សាធារណជន លើកទឹកចិត្តរដ្ឋាភិបាល ឲ្យបន្តរក្សាទុកបឹងដទៃទៀត ដូចបឹងវាលសំណាបដែរ។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បកស្រាយក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា ស្ថានភាពបឹងនីមួយៗ គឺមិនដូចគ្នាឡើយ ពោលគឺ បើបឹងណា ត្រូវរក្សាទុក ដើម្បីប្រយោជន៍សាធារណៈ រដ្ឋាភិបាល នឹងរក្សាទុក តែបើបឹងណា ត្រូវលុប ដើម្បីអភិវឌ្ឍ គឺចៀសមិនផុតពីការលុបនោះទេ។

គុណវិបត្តិនៃការលុបបឹងក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យគេ ព្រួយបារម្ភ មានដូចជា ការបង្កឲ្យមានជន់លិច និងការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផលពីបឹងទាំងនោះ ។ល។

របាយការណ៍របស់សមាគមធាងត្នោត ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ បានឲ្យដឹងថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

បច្ចុប្បន្ន បឹងតាមោក ឬបឹងកប់ស្រូវ ត្រូវបានចាត់ទុកជាបឹងធម្មជាតិដ៏ធំចុងក្រោយរបស់រាជធានីភ្នំពេញ ដែលអង្គការសង្គមស៊ីវិល កំពុងបារម្ភពីការលុប។ មកដល់ពេលនេះ ផ្ទៃបឹងតាមោកជិត១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាល សម្រេចកាត់ទៅឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនជន។ ផ្ទៃបឹងតាមោក ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ មានទំហំសរុបជាង៣,២ពាន់ហិកតា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ថា៖«រាជធានីភ្នំពេញ ជាទីតាំងវាលទំនាប ដើម្បីអភិវឌ្ឍ ចាំបាច់ត្រូវមានការលុបបឹង បួ ត្រពាំងផ្សេងៗ សម្រាប់តម្រូវការរបស់ប្រទេស»៕

Tag:
 សុខ ទូច
  បឹង
© រក្សាសិទ្ធិដោយ thmeythmey.com