ជាតិ
អន្តរជាតិ
ជនជាតិប៉ាឡេស៊្ទីន ៦នាក់ គេចចេញពីគុកអ៊ីស្រាអែល តាមរយៈការជីករូងក្រោមដី
06, Sep 2021 , 9:54 pm        
រូបភាព
ជនជាតិប៉ាឡេស្ទីនចំនួន ៦នាក់ ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល បានរត់គេច តាមរយៈការជីករូងក្រោមដី។ ដំណឹងបាត់ខ្លួនរបស់អ្នកជាប់ឃុំចំនួន ៦នាក់នោះ បានធ្វើឱ្យអាជ្ញាធរអ៊ីស្រាអែល ចាត់វិធានការទ្រង់ទ្រាយធំ ដើម្បីតាមប្រមាញ់។

 
បន្ទាប់ពីមានការជូនដំណឹងពីកសិករ អាជ្ញាធរអ៊ីស្រាអែល បានប្រកាសអាសន្ន និងតាមប្រមាញ់អ្នកជាប់ពន្ធនាគារ ដែលជាជនជាតិប៉ាឡេស្ទីនចំនួន ៦រូប។ ក្នុងចំណោមអ្នកទោសទាំង ៦រូបនោះ វាក៏មានវត្តមានរបស់អតីតមេដឹកនាំ ក្រុមសកម្មប្រយុទ្ធ Al-Aqsa Martyrs' Brigade និងសមាជិកក្រុមជីហាតរដ្ឋឥស្លាមចំនួន ៥នាក់ផងដែរ។ 
 
អ្នកទោសទាំងនោះ ត្រូវបានជឿថា បានជីករូងក្រោមដី ពីក្រោមកន្លែងឃុំខ្លួនជាច្រើនខែ ដើម្បីរកផ្លូវទៅខាងក្រៅគុក Gilboa។ ការថ្លោះធ្លោយនេះ ត្រូវបានមន្រ្តីពន្ធនាគារអ៊ីស្រាអែលចាត់ទុកថា គឺជាបរាជ័យផ្នែកស៊ើបការណ៍ និងសន្តិសុខដ៏សំខាន់មួយ ខណៈក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាត់ទុកសកម្មភាពនោះ គឺជាវីរភាព។ 
 
តាមការចុះផ្សាយរបស់Jerusalem Post អ្នកទោសទាំងនោះ បានប្រើប្រាស់ស្លាបព្រា ដើម្បីជីករូង ដើម្បីរត់គេច។ ក្រុមសន្តិសុខ Shin Bet ជឿថា អ្នកទោសទាំងនោះ អាចទទួលជំនួយពីអ្នកនៅខាងក្រៅគុក តាមរយៈទូរសព្ទដៃ ដើម្បីរត់គេច។ 
 
បន្ទាប់ពីការបាត់ខ្លួន ប៉ូលិលព្រំដែនអ៊ីស្រាអែល រួមទាំងទាហានផង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីតាមប្រមាញ់អ្នកទោសទាំង ៦។ សមត្ថកិច្ចរបស់អ៊ីស្រាអែល បានបិទផ្លូវ ដើម្បីបង្ការមិនឱ្យអ្នកទោស ទៅដល់តំបន់ត្រើយខាងលិច (West Bank) ដែលគ្រប់គ្រងដោយប៉ាឡេស្ទីន។ 
 
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកទោសទាំង ៦នោះ មាន៤នាក់ ត្រូវបានជាប់ពន្ធនាគារមួយជីវិត ពីបទរៀបចំគម្រោងដើម្បីសម្លាប់ជនជាតិអ៊ីស្រាអែល, មួយរូបទៀត ត្រូវស្ថិតក្រោមបញ្ជាជាប់ឃុំពិសេស និងមួយរូបចុងក្រោយ កំពុងរង់ចាំសាលក្រមរបស់តុលាការ៕
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com