អន្តរជាតិ
ព្រឹត្តិបត្រវេជ្ជសាស្រ្តល្បីៗថា​ ការដោះស្រាយបញ្ហាអាកាសធាតុមិនអាចរង់ចាំដល់ជំងឺកូវីដ-១៩ ចប់ទេ
07, Sep 2021 , 11:09 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ព្រឹត្តិបត្រវេជ្ជសាស្រ្តនាំមុខគេលើពិភពលោក បានព្រមាន​ថា ការឡើងកំដៅផែនដីកំពុងជះឥទ្ធិពលដល់សុខភាពរបស់មនុស្សយ៉ាងខ្លាំងក្លា ដែលតម្រូវឱ្យមានសកម្មភាពបន្ទាប់ដើម្បីទប់ទល់លើបប្រែបម្រួលអាកាសធាតុ។ ក្នុងបទវិចារណកថារួមគ្នាមួយ ព្រឹត្តបត្រវេជ្ជសាស្រ្តទាំងនោះ អះអាងថា គេមិនអាចរង់ចាំដល់វិបត្តិកូវីដ-១៩ ចប់ ទើបគិតគូរបញ្ហាអាកាសធាតុឡើយ។


«សុខភាពមនុស្សត្រូវបានខូតខាតរួចហើយដោយការកើនឡើងកំដៅផែនដី និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ»។ នេះបើតាមសំណេរក្នុងវិចារណកថាមួយដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីល្បីៗច្រើនជាង​២២០ នៅ​មុនកិច្ចប្រជុំ Cop26​ ស្តីពីការប្រែប្រួលអាកាសធាតុ​ចាប់ផ្តើមនាខែវិច្ឆិកាខាងមុន។
 
បទវិចារណកថាដែលសរសេរដោយនិពន្ធនាយកនៃទស្សនាវដ្តីល្បីៗជាច្រើនដោយរួមមាន​ ទស្សនាវដ្តី​The Lancet, ទស្សនាវដ្តីអាហ្រ្វិកខាងកើត, ទស្សនាវដ្តីវេជ្ជសាស្រ្តប្រេស៊ីល​ Revista de Saude Publica ព្រមានថា បញ្ហាបម្រែបម្រួលអាកាសធាតុនឹងបង្កឱ្យមានបញ្ហាសុខភាពជាច្រើន។ សំណេរដដែលនេះបានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ អត្រាមរណៈដោយសារកំដៅផែនដីក្នុងចំណោមមនុស្សចាស់មានវ័យច្រើនជាង៦៥ឆ្នាំ កើនឡើងជាង៥០ភាគរយ។
 
សីតុណ្ហភាពក្តៅខ្លាំង ក៏បង្កផលប៉ះពាល់ជាច្រើនដូចជា ការបាត់បង់ជាតិទឹកក្នុងខ្លួន, បាត់បង់មុខងារតំម្រងនោម, រោគសើស្បែក, ការឆ្លងមេរោគពីតំបន់ត្រូពិច, ជំងឺផ្លូវចិត្ត, ផលវិបាកនៃការមានផ្ទៃពោះ, អាលាក់ហ្សី, ជំងឺបេះដូង​, ជំងឺផ្លូវដង្ហើម និងមរណភាពជាដើម។ 
 
ចំណែកក្រុមជនជាតិភាគតិច, កុមារ និងបណ្តាសហគមន៍ក្រីក្រ ជាក្រុមប្រជាជនដែលរងគ្រោះខ្លាំងជាងគេដោយសារវិបត្តិសាកលមួយនេះ ហើយវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។​ នេះបើតាមការព្រមានរបស់ក្រុមនិពន្ធនាយកដដែល ដែលទំនងចង់ផ្ញើសារថា ក្រុមប្រជាជនផ្សេងទៀត នឹងរងផលប៉ះពាល់បន្តបន្ទាប់គ្នា។
 
មុនការបោះពុម្ភផ្សាយវិចារណកថានេះ ​អគ្គនាយកអង្គការសុខភាពពិភពលោក​ Tedros Adhanom Ghebreyesus បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុ អាចនឹងធ្វើឱ្យមនុស្សទទួលរងនៅជំងឺណាមួយមិនខាន។ លោកបន្ត​ថា ជំងឺកូវីដ-១៩ អាចនឹងរលាយបាត់ ប៉ុន្តែគ្មានវ៉ាក់សាំងណាសម្រាប់ព្យាបាលវិបត្តិអាកាសធាតុឡើយ៕
 
 
 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com