អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ប្រកាសសង្រ្គាមផ្ដួលរំលំរបបយោធា
07, Sep 2021 , 12:29 pm        
រូបភាព
លោក Duwa Lashi La ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា។
លោក Duwa Lashi La ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា។
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែកញ្ញា បានប្រកាសសង្រ្គាមប្រជាជនដើម្បីផ្ដួលរំលំរបបយោធាដែលកំពុងដឹកនាំប្រទេស។ រដ្ឋាភិបាលស្រមោលដែលបង្កើតដោយសមាជិកសភាជាប់ឆ្នោតពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ស្នើឱ្យប្រជាជនទូទាំងប្រទេស និងកម្លាំងប្រដាប់អាវុធទាំងអស់ ងើបឡើងដើម្បីធ្វើបដិវត្តន៍ប្រឆាំងរដ្ឋាភិបាលសឹកដែលធ្វើទុក្ខបុកម្នេញប្រជាជន ហើយក៏ប្រាប់សហគមន៍អន្តរជាតិឱ្យយោគយល់ការសម្រេចចិត្តនេះដែរ។

 
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទំនងជាធ្លាក់ក្នុងស្ថានការណ៍កាន់តែអាក្រក់ ខណៈដែលរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលបង្កើតដោយសមាជិកសភាបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ប្រកាសធ្វើសង្រ្គាមដើម្បីផ្ដួលរំលំរបបយោធាដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ លោក Duwa Lashi La ប្រធានាធិបតីស្តីទីនៃរដ្ឋាភិបាលស្រមោល ប្រកូកប្រកាសឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ ងើបបះបោរកម្ចាត់ក្រុមយោធាកំពុងកាន់អំណាច។
 
«ថ្ងៃនេះ យើងចាប់ផ្ដើមសង្រ្គាមការពារប្រជាជនប្រឆាំងរបបយោធា។» លោក Duwa Lashi La ថ្លែងបែបនេះក្នុងសារវីដេអូបង្ហោះនៅថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ថា ការសម្រេចបានសន្តិភាព និងស្ថិរភាព នឹងជួយសម្រេចគោលដៅផ្លាស់ប្ដូរមីយ៉ាន់ម៉ាទៅជារដ្ឋសហព័ន្ធ។ លោកចាត់ទុកសង្រ្គាមនេះ ជាបដិវត្តន៍សាធារណៈ ហើយប្រជាជនគ្រប់រូបនៅមីយ៉ាន់ម៉ា ត្រូវតែងើបប្រឆាំងការដឹកនាំរបស់ក្រុមភេរវករយោធាដឹកនាំដោយលោក មីន អ៊ុងឡាំង នៅគ្រប់ទីកន្លែងទាំងអស់។ 
 
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាដដែលនេះ ក៏ណែនាំឱ្យមន្រ្តីរដ្ឋដែលតែងតាំងដោយរបបយោធាទាំងអស់ ចាកចេញពីតួនាទីរបស់ខ្លួនជាបន្ទាន់ ហើយប្រាប់កម្លាំងការពារប្រជាជនដែលបង្កើតដោយឡើងដើម្បីប្រឆាំងយោធា ត្រូវការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជនដាច់ខាត។ លោល Duwa Lashi La ក៏ស្នើដល់អង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ឱ្យវាយប្រហារកម្លាំងយោធាផងដែរ។
 
ជាមួយគ្នានេះ ប្រធានាធិបតីស្ដីទីរូបនេះ ក៏ស្នើឱ្យប្រទេសជិតខាងមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ អាស៊ាន និងប្រទេសនានាយល់ពីបញ្ហាដែរ។ បើតាមមន្រ្តីរូបនេះ ការប្រកាសសង្រ្គាមប្រឆាំងរបបយោធា ជារឿងចាំបាច់តាមស្ថានភាពបច្ចុប្បន្ន៕
 
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com