អន្តរជាតិ
គុយបា ជាប្រទេសទីមួយលើលោកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ក្មេងអាយុ២ឆ្នាំឡើង
07, Sep 2021 , 7:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ទ្បាយ ស្រីពេជ្រ 
 
គុយបា នៅថ្ងៃទី៦ ខែកញ្ញា ក្លាយជាប្រទេសទីមួយនៅក្នុងពិភពលោកដែលចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យក្មេងពីអាយុ២ឆ្នាំទ្បើង។ វ៉ាក់សាំងនេះ ជាផលិតផលក្នុងស្រុក ហើយមិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយ។

 
ខណៈប្រទេសខ្លះទើបមានផែនការនោះ ដែនកោះគុយបា ក្លាយជាប្រទេសដំបូងដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើក្មេងអាយុ២ឆ្នាំ។ ប្រទេសដែលមានមនុស្សចំនួន១១,២លាននាក់ មានបំណងចាក់វ៉ាក់សាំងឱ្យកុមារទាំងអស់មុនបើកសាលាជាថ្មីដែលបានបិទទ្វាស្ទើរតែគ្រប់ផ្នែកទាំងអស់តាំងពីខែមីនាឆ្នាំ ២០២០មក។ ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមនៅថ្ងៃទី៦ ខែកញ្ញា តាមរយៈកម្មវិធីសិក្សាតាមទូរទស្សន៍ពីផ្ទះព្រោះនៅតាមផ្ទះរបស់ប្រជាជនគុយបាភាគច្រើន មិនមានអ៊ីនធឺណិតទេ។
 
ថ្ងៃទី៦ ខែកញ្ញាគុយបា បានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ក្រុមកុមារពីអាយុ២ឆ្នាំដល់១១ឆ្នាំ នៅក្រុងCienfuegos ភាគកណ្ដាលប្រទេស។ ប្រទេសនេះ ប្រើវ៉ាក់សាំងអាប់ដាឡា និងសូបេរ៉ាណាដែលសាកល្បងលើអនីតិជនរួចរាល់ ប៉ុន្តែមិនមានឆ្លងកាត់អង្គការសុខភាពពិភពលោក (WHO) នៅឡើយ។ ការផលិតវ៉ាក់សាំងនេះផ្អែកទៅលើបច្ចេកវិទ្យាផលិតប្រូតេអ៊ីនដែលត្រូវបានប្រើដូចគ្នាដោយក្រុមហ៊ុន Novavax របស់អាម៉េរិក និង Sanofi របស់បារាំងដែលកំពុងរងចាំការយល់ព្រមពី WHO ដែរ។
 
រដ្ឋាភិបាលគុយបាបានប្រកាសថា សាលានឹងចាប់ផ្តើមបើកជាថ្មីជាបន្តបន្ទាប់នៅខែតុលា និងខែវិច្ឆិកា នៅពេលកុមារទាំងអស់បានចាក់វ៉ាក់សាំងហើយ។
 
សូមបញ្ជាក់ថា បណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក កំពុងចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ១២ ឆ្នាំហើយប្រទេសខ្លះកំពុងសាកល្បងលើក្មេងតូចៗ។ ចិន អេមីរ៉ាតអារ៉ាប់រួម និងវ៉េណេស៊ុយអេឡា បានប្រកាសថា ពួកគេមានគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារតូចៗផដែរ៕
 

Tag:
 គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com