អន្តរជាតិ
តុលាការវៀតណាមកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទចម្លងជំងីកូវីដ-១៩
07, Sep 2021 , 8:29 pm        
រូបភាព
ប៉ូលិសវៀតណាម កំពុងត្រួតពិនិត្យការធ្វើដំណើរអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ រូបថត Xinhua
ប៉ូលិសវៀតណាម កំពុងត្រួតពិនិត្យការធ្វើដំណើរអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ រូបថត Xinhua
បុរសជនជាតិវៀតណាមម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំនៅថ្ងៃទី៦ ខែកញ្ញា ក្រោយបំពានវិធានការចត្តាឡីស័ករបស់រដ្ឋាភិបាល និងបានចម្លងជំងីកូវីដ-១៩ ដល់មនុស្ស៨នាក់ផ្សេងទៀត។


លោក Le Van Tri  ត្រូវបានតុលាការប្រជាជនខេត្ត Ca Mau  កាត់ទោសពីបទចម្លងជំងឺកូវីដ-១៩ ទៅមនុស្សផ្សេងទៀត បន្ទាប់ពីលោកបានលួចធ្វើដំណើរពីទីក្រុងហូជីមិញ ទៅផ្ទះខ្លួននៅខេត្ត Ca Mau កាលពីខែកក្កដាកន្លងទៅ។ នេះបើយោងតាមរបាយការណ៍នៅលើគេហទំព័ររបស់តុលាការប្រជាជននៃខេត្តនេះ។
 
ក្រៅតែពីករណីចម្លងជំងីកូវីដ-១៩ បុរសវ័យ ២៨ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទបំពានវិធានការចត្តាឡីស័ករយៈពេល២១ថ្ងៃរបស់រដ្ឋាភិបាលវៀតណាមផងដែរ។ លោក Tri  ត្រូវបានពិនិត្យឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី ៧ ខែកក្កដា។ របាយការណ៍របស់តុលាការ បញ្ជាក់ថា លោក Tri  បានបំពានលើវិធានការចត្តាឡីស័ក ដែលបណ្តាលមនុស្សជាច្រើនបានឆ្លងជំងឺកូវីដ-១៩ និងបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតនៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២១។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានអះអាងថា មនុស្ស៨នាក់បានឆ្លងជំងឺនេះពីលោក Tri  ។
 
ក្រៅតែពីលោក Tri  មនុស្សជាច្រើននាក់ផ្សេងទៀតក៏ត្រូវបានផ្តន្ទាទោសពីបទចម្លងមេរោគកូវីដ-១៩ ទៅអ្នកដទៃផងដែរ។ នៅក្នុងខែកក្កដា បុរសអាយុ៣២ឆ្នាំម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ហើយអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំនៅក្នុងខែមីនាពីបទចោទប្រកាន់ដូចគ្នានេះ។
 
គួរបញ្ជាក់ វៀតណាមកាលពីឆ្នាំមុនគ្រប់គ្រងស្ថានការណ៍កូវីដ-១៩បានយ៉ាងល្អដោយមានចំនួនករណីឆ្លងទាប។ យ៉ាងណាមិញ បច្ចុប្បន្ននេះវៀតណាម កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។ មកទល់ពេលនេះ វៀតណាមបានរាយការណ៍ពីករណីឆ្លងជាង៥សែនករណី និងមានអ្នកស្លាប់ជាង១ម៉ឺននាក់។
 
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ភាគច្រើន ត្រូវបានរាយការណ៍ចាប់តាំងពីចុងខែមេសា ខណៈរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញត្រូវបានបិទខ្ទប់យ៉ាងតឹងរ៉ឹងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com