កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ស៊ើបអង្កេតការផ្អាកជំនួបប្រេស៊ីល-អាហ្សង់ទីន ខណៈ Spurs ត្រៀមដាក់ពិន័យកីឡាករខ្លួន
07, Sep 2021 , 9:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បើកការស៊ើបអង្កេតជុំវិញការបញ្ឈប់ការប្រកួតជម្រុះ World Cup រវាងប្រេស៊ីលនិងអាហ្សង់ទីន។ ប្រធាន FIFA លោក Gianni Infantino សោកស្តាយចំពោះការហេតុការណ៍ដែលនាំឱ្យអ្នកគាំទ្រជុំវិញពិភពលោកខកចិត្តសម្រាប់ជំនួបដ៏ធំនេះ ខណៈក្លិប Tottenham Hotspur ត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការវិន័យចំពោះកីឡាករអាហ្សង់ទីនរបស់ខ្លួន។



អាជ្ញាធរសុខាភិបាលប្រេស៊ីលបានធ្វើអន្តរាគមន៍ អំឡុងពេលជំនួបវគ្គជម្រុះពានកីឡាបាល់ទាត់ពិភពលោកនៅកីឡដ្ឋាន Neo Quimica Arena នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ដោយចោទប្រកាន់កីឡាករអាហ្សង់ទីនដែលប្រកបអាជីពនៅលីគអង់គ្លេស Premier League ចំនួន ៤ រូបថាបានបំពានច្បាប់ចត្តាឡីស័កដើម្បីបង្កាជំងឺកូវី-១៩ របស់ប្រេស៊ីល។ ជំនួបវាងម្ចាស់ផ្ទះប្រេស៊ីល និងអាហ្សង់ទីននេះត្រូវបានបញ្ឈប់ភ្លាមៗតែម្តង ក្រោយប្រកួតបានប៉ុន្មាន៥នាទីប៉ុណ្ណោះ។
 
កីឡាករទាំង ៤ រូបរួមមាន អ្នកចាំទី Emiliano Martinez និងខ្សែប្រយុទ្ធ Emiliano Buendia របស់ Aston Villa រួមជាមួយ Giovani lo Celso និង Cristian Romero របស់ Tottenham Hotspur។ ក្នុងចំណោមអ្នកទាំង៤ Martinez, Lo Celso និង Romero សុទ្ធតែបានចាប់ផ្តើមការប្រកួតសម្រាប់ជម្រើសដំបូងសម្រាប់អាហ្សង់ទីន។
 
ច្បាប់ក្នុងប្រទេសប្រេស៊ីល តម្រូវឱ្យអ្នកធ្វើដំណើរពីប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាមុនសិនដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩ នៅពេលពួលគេធ្វើដំណើរចូលប្រទេសខ្លួន។ យ៉ាងណា កីឡាករទាំង៤រូបខាងលើបានគេចវេសពីច្បាស់នេះ។
 
ជុំវិញករណីនេះ FIFA នឹងស៊ើបរកការពិតឱ្យបានច្បាស់ ទាំងវិន័យកីឡាករ និងការបញ្ឈប់ការប្រកួតពាក់កណ្តាលទី។ លោក Infantino ប្រធាន FIFA ក៏បានបង្ហាញការសោកស្តាយដែរ ដែលការប្រកួតក្នុងជំនួបក្រុមយក្សទាំងពីរត្រូវអាក់ខាន និងធ្វើឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ខកចិត្តផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកអះអាងទៀតថា ខ្លួនបានទទួលរបាយការណ៍ពីមន្រ្តីការប្រកួតនេះរួចហើយ ខណៈព័ត៌មាននឹងត្រូវបានវិភាគដោយស្ថាប័នវិន័យមានសមត្ថកិច្ច ហើយការសម្រេចចិត្តនឹងត្រូវធ្វើឡើងតាមកាលកំណត់។
 
ដោយឡែក គេហទំព័រ football.london ផ្សាយថាក្លិប Spurs នឹងមានវិធានការផាកពិន័យកីឡាកររបស់ខ្លួនដែលគេចវេសពីច្បាប់បង្កាជំងឺកីវីដ-១៩ នៅពេលពួកគេត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដោយមិនបានអនុញ្ញាតពីក្លិប៕
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com