ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្មានមិនដល់សោះ! គ្រាន់តែគេងផ្ងារ ក៏ជួយបង្កើនសម្រស់ដែរ
08, Sep 2021 , 10:59 pm        
រូបភាព
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់គិតដល់ទេថា គ្រាន់តែការគេងផ្ងារក៏អាចផ្ដល់អត្ថប្រយោជន៍ចំពោះសម្រស់បានដែរ។ ថាតើវាអាចផ្ដល់ផលល្អៗអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមគេងផ្ងារ ៖

 
១. កាត់បន្ថយស្នាមជ្រីវជ្រួញ ឬស្នាមខ្សែរលើស្បែកមុខ
 
ការគេងបែរទៅម្ខាង ឬផ្អៀងនិងការគេងផ្កាប់មុខជាកត្តាចម្បងបំផុតមួយនៃបញ្ហាលេចឡើងនូវស្នាមខ្សែលើស្បែក ព្រមទាំងភាពជ្រីវជ្រួញខណៈដែលផ្ទៃមុខត្រូវផ្អឹបជាប់នឹងខ្នើយជាច្រើនម៉ោងកំឡុងពេលអ្នកគេង។
 
២. ទប់ស្កាត់ស្នាមជ្រីវជ្រួញលើស្បែក-ក និងទ្រូង
 
មិនត្រឹមតែស្បែកមុខរបស់អ្នកប៉ុណ្ណោះទេដែលនឹងទទួលរងគ្រោះដោយសារទម្លាប់នៃការគេងផ្អៀង ប៉ុន្តែស្បែក-ក និងទ្រូងរបស់អ្នកក៏អាចជួបបញ្ហាដូចគ្នា ហើយស្នាមជ្រីវជ្រួញអាចនឹងលេចឡើងយ៉ាងច្បាស់តែម្ដង។
 
៣. កាត់បន្ថយការហើម
 
ការគេងផ្អៀង ឬផ្កាប់មុខអាចបណ្ដាលឱ្យមុខរបស់អ្នកប្រែជាមើលទៅហើមៗនៅពេលព្រឹក។ ទោះជាយ៉ាងណាវាគ្រាន់តែលេចឡើងមួយខណៈពេលប៉ុណ្ណោះ។
 
៤​. កាត់បន្ថយរោគមុន និងស្នាមមុន
 
នៅពេលអ្នកគេងផ្អៀង ស្បែកមុខប្រាកដជាត្រូវផ្អឹបជាប់នឹងស្រោមខ្នើយ ឬសក់ជាច្រើនម៉ោង។ ជាលទ្ធផលបណ្ដាលឱ្យងាយឡើងមុនលើស្បែកមុខដោយសារភាពកខ្វក់ ឬធូលីដែលមានជាប់លើស្រោមខ្នើយ។
 
៥. បង្កើនប្រសិទ្ធភាពនៃផលិតផលថែរក្សាសម្រស់
 
ថាតើអ្នកមានធ្លាប់ប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខជាប្រចាំមុនពេលចូលគេងមែនទេ? ដូច្នេះដើម្បីកុំឱ្យខ្ជះខ្ជាយ ចូរព្យាយាមគេងផ្ងារ ខណៈដែលការគេងផ្អៀងអាចបណ្ដាលឱ្យអ្វីដែលអ្នកលាបលើមុខអាចជាប់នឹងខ្នើយ ឬសក់នៅពេលគេងផ្អឹបលើ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com