ជាតិ
៨ខែនេះ មានមនុស្សជិត១០០នាក់ ស្លាប់ដោយសាររន្ទះ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ
08, Sep 2021 , 4:36 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋចំនួន៩៤នាក់ បានបាត់បង់ជីវិតដោយសារគ្រោះហមន្តរាយរន្ទះ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ។ នេះបើតាមរបាយការណ៍សម្រាប់ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)។ បើតាមលោក ឃិត សុខា គ្រោះថ្នាក់ក្នុងឆ្នាំនេះ មានទំហំប្រហាក់ប្រហែលគ្នា បើធៀបនឹងរយៈពេល៨ខែក្នុងឆ្នាំ២០២០។


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានផ្តល់របាយការណ៍៨ខែចុងក្រោយ ដោយគិតចាប់តាំងពីខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ ការបូកសរុបពីតាមបណ្តារាជធានី-ខេត្តទាំង២៥ បង្ហាញថា រន្ទះជាបាតុភូតដែលសម្លាប់មនុស្សច្រើនជាងគេ លើសអគ្គិភ័យ និងខ្យល់កន្ត្រាក់។
 
គ្រោះថ្នាក់រន្ទះ៖ បាត់ដំបង បន្ទាយមានជ័យ និងត្បូងឃ្មុំ រងគ្រោះខ្លាំងជាងគេ
បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៨៥លើក បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន៧ខ្នង។ មនុស្ស ៦៧នាក់ បានស្លាប់ ៤២នាក់រងរបួស និងសម្លាប់គោក្របីអស់៤០ក្បាល។ បាត់ដំបង មានបាតុភូតរន្ទះចំនួន១៦លើក ដែលធ្វើឲ្យមនុស្ស៤នាក់ស្លាប់ និងគោក្របីងាប់១៤ក្បាល។ ខេត្តកំពងធំ ស្ថិតនៅលំដាប់ទី២ ដោយមានមនុស្សស្លាប់៧នាក់ និងគោក្របីងាប់៨ក្បាល។ បន្ទាប់មកគឺខេត្តបន្ទាយមានជ័យ និងត្បូងឃ្មុំស្ថិតនៅលំដាប់ទី៣ ដោយមានមនុស្សស្លាប់១២នាក់ក្នុងគ្រោះរន្ទះ៩លើក។ ខេត្តដែលមានអ្នកស្លាប់ដោយសាររន្ទះជាបន្តបន្ទាប់មាន កំពង់ស្ពឺ ព្រៃវែង កំពង់ឆ្នាំង និងជាង១០ខេត្តទៀត។
 
ខ្យល់កន្ត្រាក់៖ ស្លាប់៥នាក់ ខណៈផ្ទះ សាលារៀន តូប និងអគាររដ្ឋបាលរងការខូចខាត
គ្រោះថ្នាក់ដោយសារខ្យល់កន្រ្តាក់កើតឡើងចំនួន១៧៩ដង ដោយមានផ្ទះរលំ៨៣៧ខ្នង និងជាង៦៥៦៦ខ្ន របើក។ អ្នកស្លាប់មាន៥នាក់ និងអ្នករបួស៦៧នាក់។ ករណីស្លាប់៥នាក់ ដោយសារខ្យល់កន្ត្រាក់ មាននៅមណ្ឌលគិរី កំពង់ធំ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។
 
ការខូចខាត និងបាត់បង់ ផ្សេងទៀតរួមមាន តូប/ផ្សារចំនួន១០៦នៅបន្ទាយមានជ័យ សាលារៀន៣៧ខ្នងនៅជាង១០ខេត្ត ដោយភាគច្រើននៅបាត់ដំបង បន្ទាយមានជ័យ និងរតនគិរី។ រីឯអគាររដ្ឋបាល២២កន្លែង រងផលប៉ះពាល់ មាន៤កន្លែងនៅត្បូងឃ្មុំ ៣កន្លែងរៀងៗខ្លួននៅក្រចេះ កំពង់ចាម និងកំពង់ឆ្នាំង ចំណែក១កន្លែងនៅកណ្តាល ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
  

រូបភាពដោយនៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

អគ្គិភ័យ៖ ៣៦៦លើក ដោយភាគច្រើននៅភ្នំពេញ ហើយសម្លាប់មនុស្សសរុប ២២នាក់
រយៈពេល៨ខែកន្លងមកនេះ អគ្គិភ័យកើតមានចំនួន ៣៦៦លើកនៅគ្រប់រាជធានី-ខេត្ត ក្នុងនោះ ៨៥លើកនៅភ្នំពេញ ៣០លើក នៅបាត់ដំបង ៣០លើក ខណៈកណ្តាល បន្ទាយមានជ័យ មាន ២០លើកដូចគ្នា។
 
គ្រោះថ្នាក់នេះ បានសម្លាប់មនុស្ស២២នាក់ ក្នុងនោះ៨នាក់នៅភ្នំពេញ ៧នាក់នៅកំពង់ឆ្នាំង រីឯកណ្តាល បាត់ដំបង និងព្រះសីហនុ មាន២នាក់ដូចគ្នា។ ជាមួយគ្នានេះ មនុស្ស៤៩នាក់បានរងរបួស ហើយបង្កការខូចខាត និងបាត់បង់ផ្ទះ៤២៦ខ្នង តូប/ផ្សារចំនួន២០៣ ឃ្លាំងទំនិញ១៨ សាលារៀន៣ខ្នង រោងចក្រសិប្បកម្ម១២កន្លែង អគាររដ្ឋបាល១៩កន្លែង រួមទាំងចម្ការ/ព្រៃមួយចំនួនផងដែរ។
 
លោក ឃិត សុខា បានបញ្ជាក់ថា បើតាមអង្កេតរបស់ក្រសួងជំនាញ គ្រោះធម្មជាតិ ដែលកើតឡើងក្នុងឆ្នាំ២០២១ ក្នុងរយៈពេល៨ខែនេះ មានកម្រិតខ្សោយជាងនៅឆ្នាំ២០២០ បើគិតត្រឹមខែសីហានេះ។
 
«បើឆ្នាំមុនខែនេះ មានជំនន់ទឹកភ្លៀង និងទឹកជំនន់លិចច្រើនខេត្ត តែពេលនេះទើបនឹងលឺក្រសួងធនធានទឹកប្រកាសឱ្យ១១រាជធានី-ខេត្តប្រុងប្រយ័ត្ននឹងជំនន់ទឹកភ្លៀងក្នុងសប្តាហ៍នេះ។ ទោះជាយ៉ាងនេះ ជំនន់ទឹកភ្លៀងនៅទីតាំងមួយចំនួនមាន តែមិនទាន់ឈានដល់ការប្រកាសអាសន្ន ឬកត់សម្គាល់ទេ»។ នេះជាការពន្យល់របស់លោក ឃិត សុខា។
 
ប្រធាននាយកដ្ឋានអប់រំ និងបណ្ដុះបណ្ដាលនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងការពារខ្លួនទុកជាមុននៅក្នុងវដូវវស្សានេះ ដ្បិតថាក្រសួងធនធានទឹក និងឧតុនិយមមិនទាន់ប្រកាសក្តី៕
 
 
 

Tag:
 គ្រោះមហន្តរាយ
  គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com