ជាតិ
ប្រធានមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ប្រឈមការដកចេញ ក្រោយអភិបាលខេត្ត រិះគន់ថា ទារប្រាក់ មុនការវះកាត់
08, Sep 2021 , 5:43 pm        
រូបភាព
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អះអាងថា មកដល់ល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វុឌ្ឍីណាវុណ មិនទាន់ត្រូវបានដកចេញពីតំណែងប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដូចការផ្សាយតាមបណ្តាញសង្គមនោះទេ។ តែលោក ផ្តល់ព័ត៌មានថា មន្ទីរសុខាភិបាល បានដាក់របាយការណ៍ទៅកាន់សាលាខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងស្រាវជ្រាវលើបញ្ហា ដែលកើតឡើងក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយសាលាខេត្ត សម្រេចដោះស្រាយយ៉ាងណាចំពោះលោកវេជ្ជបណ្ឌិត ច័ន្ទ វុឌ្ឍណាវុណ គឺអាស្រ័យលើសាលាខេត្ត។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បញ្ជាក់ថា៖«យើង ដាក់របាយការណ៍ទៅហើយ ដកមិនដក គឺជាសិទ្ធិរបស់សាលាខេត្ត»។

យ៉ាងណាក៏ដោយ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ប្រាប់ថា លោក មិនទាន់ទទួលបានរបាយការណ៍ពីមន្ទីរសុខាភិបាលនោះទេ ដូច្នេះ លោក មិនទាន់អាចធ្វើអត្ថាធិប្បាយអ្វីបានឡើយជំវិញករណីនេះ។ លោក និយាយថា៖«មិនទាន់មកដល់ដៃខ្ញុំទេ ចាំមើលមកដល់សិន»។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដែលជាមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ បានរងការរិះគន់ផ្ទាល់ពីសំណាក់លោក អ៊ុំ រាត្រី ជាអភិបាលខេត្ត អំពីកង្វះខាតនៃក្រមសីលធម៌ក្នុងមន្ទីរពេទ្យមួយនេះ។ លោក រិះគន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីជាសាធារណៈ ក្រោយពីលោក បានចូលទៅបរិច្ចាគឈាម កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ឲ្យមន្រ្តីអង្គរក្សម្នាក់នៃកងអង្គរក្សរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវវះកាត់ ហើយស្រាប់តែលោក ទទួលបានដំណឹងថា លោកប្រធានមន្ទីរពេទ្យនេះ ប្រាប់ពីគោលការណ៍ ដែលត្រូវបង់ថ្លៃសេវា មុនការវះកាត់ ទោះអ្នកជំងឺ មានស្ថានភាពធ្ងន់ក៏ដោយ។ មន្រ្តីអង្គរក្សរូបនោះ ត្រូវបានបញ្ជូនទៅឲ្យបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ។

តាមរយៈទំព័រហ្វេសប៊ុក លោកអភិបាលខេត្តបន្ទាយមានជ័យ សរសេរថា៖«តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េច ចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយ ដែលប្រជាពលរដ្ឋ តែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន»៕

Tag:
 សុខាភិបាល
  មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មណ្ឌលបូរី
  អ៊ុំ រាត្រី
© រក្សាសិទ្ធិដោយ thmeythmey.com