អន្តរជាតិ
បណ្តាប្រទេសនានា ជំរុញឱ្យមីយ៉ាន់ម៉ាចៀសវាងហិង្សា ក្រោយក្រុមប្រឆាំងប្រកាសឱ្យបះបោរ
08, Sep 2021 , 10:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងទៀត បានអំពាវនាវឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ា ចៀសវាងរាល់អំពើហិង្សា និងជំរុញឱ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេស។ ការអំពាវនាវបែបនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលបង្រួបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ប្រកាសឱ្យប្រជាជនងើបបះបោរនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា។

 
រដ្ឋាភិបាលរួបរួមជាតិ ឬត្រូវស្គាល់ថា រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែកញ្ញាកន្លងទៅ បានប្រកាសសង្រ្គាមប្រជាជន ដើម្បីផ្ដួលរម្លំរបបយោធាដែលកំពុងដឹកនាំប្រទេស។ នេះគឺជាសញ្ញាដែលជំរុញឱ្យក្រុមប្រឆាំងរបបសឹករួបរួមគ្នា ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ក៏ដូចជាអំពាវនាវឱ្យមន្រ្តី និងកងទ័ពមកចូលរួមខាងខ្លួនដែរ។ ប៉ុន្តែការអំពាវនាវខាងលើនេះ ត្រូវបានអ្នកនាំពាក្យយោធាលោក Zaw Min Tun ច្រានចោល និងចាត់ទុកជាល្បិច ដើម្បីទទួលបានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ហើយវានឹងមិនជោគជ័យឡើយ។
 
មួយថ្ងៃបន្ទាប់ពីអំពាវនាវរបស់រដ្ឋាភិបាលស្រមោល វាមិនមានសេចក្តីរាយការណ៍ស្តីអំពើអំពើហិង្សាណាមួយកើតឡើងនៅមីយ៉ាន់ម៉ាឡើយ។ ប៉ុន្តែរបបសឹក បានពង្រាយកម្លាំងសន្តិសុខជាច្រើន នៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា។ 
 
បន្ទាប់ពីការប្រកាសឱ្យមានចលនាបះបោរបែបនេះ បណ្តាប្រទេសជាច្រើនបានទទូចឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ា ជាពិសេសយោធា និងរដ្ឋាភិបាលស្រមោល ដោះស្រាយបញ្ហាដោយសន្តិវិធី បញ្ចៀសហិង្សា និងគិតគូរដល់ប្រជាជនមីយ៉ាន់ម៉ា។
 
«គ្រប់ភាគីទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាព និងផ្តោតអាទិភាពលើសុខមាលភាពរបស់ប្រជាជនមីយ៉ាន់ម៉ា»។  អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Teuku Faizasyah បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ជំនួយមនុស្សធម៌ អាចបញ្ជូនទៅបាន លុះត្រាតែស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាមានសុវត្តិភាព។ ចំណែករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានជំរុញឱ្យមីយ៉ាន់ម៉ា គោរពតាមការឯកភាពចំនួន ៥ ដែលត្រូវបានអាស៊ានដាក់ចេញ កាលពីចុងខែមេសាកន្លងទៅ។ 
 
ជាមួយគ្នានេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំមីយ៉ាន់ម៉ា លោក Pete Vowles បានបង្ហោះសារនៅលើបណ្តាញសង្គមFacebook ថា អង់គ្លេសសូមថ្កោលទោសយ៉ាងខ្លាំងលើរដ្ឋប្រហារ និងអំពើឃោរឃៅពីសំណាក់របបសឹក និងជំរុញឱ្យគ្រប់ភាគីទាំងអស់ចូលតុពិភាក្សា។ 
 
ឯអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកវិញ បានអំពាវនាវឱ្យមានសន្តិភាពក្នុងប្រទេស ដើម្បីអនុញ្ញាតឱ្យជំនួយ និងថ្នាំពេទ្យដល់មីយ៉ាន់ម៉ា។ បើតាមអ្នកនាំពាក្យ អាម៉េរិក នឹងមិនគាំទ្រការដោះស្រាយបែបហិង្សាឡើយ និងជំរុញឱ្យភាគីទាំងអស់ដោះស្រាយប្រកបដោយសន្តិវិធី។ 
 
ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ ប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ១ពាន់នាក់ ត្រូវបានសម្លាប់ ខណៈមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវជាប់ឃុំ។ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានកើតឡើងស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដែលធ្វើឱ្យស្ថានការណ៍ កាន់តែស្មុគស្មាញមួយកម្រិតទៀត៕  
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com