ជាតិ
សង្គមជាតិ
ប៉ូលិសចរាចរណ៍ ដែលយកអាយកូម វាយស្រ្តីជិះម៉ូតូមិនពាក់មួកឲ្យបែកក្បាល ត្រូវចាប់ខ្លួន
09, Sep 2021 , 9:46 am        
រូបភាព
សកម្មភាពនគរបាលចរាចរណ៍ យកអាយកូមវាយស្រ្តី ដែលកំពុងជិះម៉ូតូដោយមិនពាក់មួក និងមានបំណងឈប់តាមការបញ្ជារបស់នគរបាលចរាចរណ៍។
សកម្មភាពនគរបាលចរាចរណ៍ យកអាយកូមវាយស្រ្តី ដែលកំពុងជិះម៉ូតូដោយមិនពាក់មួក និងមានបំណងឈប់តាមការបញ្ជារបស់នគរបាលចរាចរណ៍។
ភ្នំពេញ៖ លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មន្រី្តនគរបាល ដែលប្រើហិង្សា លើស្រ្តីជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវបានឃាត់ខ្លួនហើយ។ លោក បន្តថា ពេលនេះ សមត្ថកិច្ច កំពុងរងចាំសម្របសម្រួលជាមួយជនរងគ្រោះ និងចាត់វិធានការផ្លូវច្បាប់លើនគរបាលដែលប្រើហិង្សានោះ។



ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឆាយ គឹមខឿន ថ្លែងថា នគរបាលចរាចរណ៍ ដែលប្រើហិង្សានោះ ត្រូវតែទទួលរងពិន័យកងកម្លាំង ដែលប្រឈមនឹងការដកតំណែង និងបណ្ដេញចេញពីអង្គភាព។ លោក ឆាយ គឹមខឿន បញ្ជាក់ថាដូច្នេះថា៖«យើងបានឃាត់ខ្លួនហើយ ប្រសិនបើមានការសម្របសម្រួលពីភាគីគ្រួសារជនរងគ្រោះគឺរឿងមួយផ្សេង។ ប៉ុន្តែដំបូងគឺត្រូវរងពិន័យកងកម្លាំង មានតាមផ្នែក គឺដកសក្ដិ ព្យួរតួនាទី។ បើធ្ងន់ធ្ងរគឺយើងបណ្ដេញចេញ»។

លោក ឆាយ គឹមខឿន បន្តថា មន្រី្តនគរបាលដែលប្រើហិង្សានោះ ជាអ្នកខុស ព្រោះប្រើហិង្សា ពោលគឺអនុវត្តលើសដែនសមត្ថកិច្ច។ លោក មានប្រសាសន៍ថា៖«មន្រី្តរូបនោះបានធ្វើសកម្មភាពល្មើសនឹងវិន័យកងកម្លាំង និងបទបញ្ជា គឺអនុវត្តលើសដែនសមត្ថកិច្ចរបស់គាត់។ គាត់ទៅវាយគេ‌ ច្បាប់គេមិនឲ្យគាត់ទៅវាយគេទេ ច្បាប់គេឲ្យគាត់រៀបសណ្ដាប់ធ្នាប់។ គាត់អត់មានសិទ្ធិទៅវាយគេទេ»។

លោក ឆាយ គឹមខឿន លើកឡើងដែរថា តាមរយៈវីដេអូ ជនរងគ្រោះក៏មានចំណែកខុសដែរ ព្រោះមិនបានពាក់មួកសុវត្ថិភាព និងជិះរត់គេចពីការត្រួតពិនិត្យ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានសួរនាំអង្គហេតុនេះ ឲ្យបានច្បាស់លាស់នៅឡើយនោះទេ។

ហេតុការណ៍ នគរបាល ប្រើហិង្សាដោយយករបស់វាយ (ទំនងអាយកូម) ទៅស្រ្តីរូបនោះ គឺកើតឡើងក្នុងខណ្ឌ៧មករា កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ តាមរយៈវីដេអូ ដែលត្រូវថតបាន គេ ឃើញស្រ្តីរងគ្រោះនោះ ជិះម៉ូតូពីក្រោយ ដោយមានម្នាក់ទៀត ជាអ្នកបើក ហើយអ្នកបើកនោះ ក៏មិនពាក់មួកដែរ។ ដោយឃើញ ម៉ូតូនោះ មិនព្រមឈប់ នគរបាលចរាចរណ៍ លើកយកអាយកូមវាយ ហើយត្រូវចំស្រ្តីដែលជិះខាងក្រោយ រហូតបណ្តាលឲ្យបែកក្បាលហូរឈាម៕ 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com