កីឡាអន្តរជាតិ
អន្តរជាតិ
Lingard មិនព្រមបន្តកិច្ចសន្យាជាមួយMan Utd ខណៈ Ronaldo ចូលហ្វឹកហាក់លើកដំបូង
09, Sep 2021 , 2:16 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Jessie Lingard ពីពេលថ្មីៗនេះ បានព្យាយាមប្រកែកមិនបន្តកុងត្រាជាមួយក្រុមបិសាចក្រហម Manchester United ដ្បិតរូបគេបារម្ភថា នឹងគ្មានឱកាសក្នុងការលេងជម្រើស១១នាក់ដំបូងសម្រាប់រដូវកាលថ្មី ។ ជាពិសេសស្របពេលខ្សែប្រយុទ្ធ Cristiano Ronaldo បានចូលហ្វឹកហាត់លើកដំបូងសម្រាប់ក្រុមផ្ទាល់។



Jessie Lingard ដែលបានរកគ្រាប់បាល់ ២គ្រាប់ក្នុងការប្រកួតជម្រុះ World Cup ទល់នឹងក្រុមជម្រើសជាតិអង់ដូរ៉ា ដែលជួយឲ្យក្រុមតោកំណាចអង់គ្លេសយកឈ្នះ ៤-០។ Lingard ហាក់បង្ហាញនូវទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្រោយរូបពីរូបគេបានបញ្ចេញសមត្ថភាពកាលពីលេងឲ្យក្រុម Westham ដោយខ្ចីជើងពីរដូវកាលមុនមក។កីឡាករវ័យ ២៨ឆ្នាំរូបនេះនឹងត្រូវផុតកុងត្រាជាមួយបិសាចក្រហមនារដូវកាលក្រោយនេះ ដោយក្លិបកំពុងព្យាយាមបន្តកុងត្រាដល់រូបគេ ប៉ុន្តែរូបគេបានបដិសេធទៅវិញ។
 
កាលពីអំឡុងទីផ្សារដោះដូរបើកនោះ Lingard ក៏ធ្លាប់បានស្នើសុំទៅកាន់ក្រុមបិសាចក្រហមពីបំណងដែលរូបគេចង់ចាកចេញ ស្របពេលក្លិបញញួរយក្ស Westham ក៏បានដាក់សំណើរទិញយករូបគេផងដែរក្នុងការវិលត្រឡប់ទៅក្រុម ដែលមានទីតាំងក្នុងទីក្រុងឡុងដ៍មួយនេះ។ 
 
សម្រាប់ឱកាសលេងឲ្យក្លិបបិសាចក្រហម Manchester United វិញ Lingard ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់លោក Ole Gunnar Solskjaer ឡើយ ដោយ៣ប្រកួតដំបូង រូបគេចូលលេងបានត្រឹមតែ៤នាទីប៉ុណ្ណោះ គឺពេលMan Utd ប៉ះជាមួយក្រុម Southampton កាលពីខែមុនមក ។ ពេលតារាឆ្នើម Cristiano Ronaldo វិលត្រលប់មកកាន់ក្រុមបិសាចក្រហមវិញ Lingard ផ្ទាល់រូបគេហាក់ដឹងច្បាស់ថា ការប្រជែងកៅអីគឺកាន់តែពិបាក ព្រមទាំងគ្មានឱកាសអាចនឹងបង្ហាញសមត្ថភាពទៅកាន់អ្នកគាំទ្រ ដូចកាលពីមុនដូចផងដែរ ទើបរូបគេបដិសេដសំណើរកិច្ចសន្យាថ្មីជាមួយក្រុមបិសាចក្រហម។ 
 
សូមជម្រាបថា កិច្ចសន្យារបស់ Lingard នឹងត្រូវផុតកំណត់នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ។ ក្រោយចប់កុងត្រា រូបគេនិងក្លាយជាកីឡាករគ្មានតម្លៃខ្លួន ហើយក្លិបដែលកំពុងចង់បានរូបគេខ្លាំងបំផុតនោះ គឺក្លិប Westham United ដែលរូបគេបានលេងឲ្យកាលពីរដូវកាលមុននេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com