អន្តរជាតិ
លោក ឌូទើតេ ទទួលយកការតែងតាំងជាបេក្ខភាពជាអនុប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២២
09, Sep 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបថត AFP
ដោយ៖ទ្បាយ ស្រីពេជ្រ 
 
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី ៨ ខែកញ្ញា បានទទួលការតែងតាំងជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ តំណាងឱ្យគណបក្សកាន់អំណាចរបស់លោក។ លោក ឌូទើតេ រងការរិះគន់ខ្លាំងចំពោះការសម្រេចចិត្តឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតីនេះ ដោយក្រុមប្រឆាំងចាត់ទុកជាទង្វើមិនសមរម្យដើម្បីរក្សាអំណាចនយោបាយ។

 
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលមានអាយុ៧៦ឆ្នាំ ត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញមិនឱ្យឈឈ្មោះជាប្រធានាធិបតីនៅអាណត្តិទី២ ឡើយ។ ប៉ុន្តែលោក ឌូទើតេ សម្រេចចិត្តឈរជាបេក្ខជនអនុប្រធានាធិបតីវិញក្នុងការបោះឆ្នោតឆ្នាំ២០២២ ខាងមុខ។ ​​​​នៅថ្ងៃទី៨ ខែកញ្ញា បក្សកាន់អំណាច PDP-Laban បានប្រកាសជ្រើសរើសលោក ឌូទើតេ ជាបេក្ខភាពអនុប្រធានាធិបតីរបស់បក្សខ្លួន ហើយលោក ឌូទើតេ ក៏ប្រកាសទទួលយកផងដែរ។
 
លោក ឌូទើតេ និយាយថា ការសម្រេចចិត្តរបស់លោកត្រូវបានជំរុញដោយការស្រឡាញ់ប្រទេសជាតិ។ លោកបានបន្តទៀតថា​៖«វាពិតជាដោយសារតែខ្ញុំចង់ឃើញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ទោះបីខ្ញុំមិនមែនជាអ្នកចង្អុលបង្ហាញទិសដៅក៏ដោយ ខ្ញុំប្រហែលជាអាចជួយប្រទេសបាន»។
 
យ៉ាងណាមិញ លោក ឌូទើតេ​ ត្រូវបានរិះគន់ថា យកតំណែងអនុប្រធានាធិបតីដើម្បីគេចពីការស៊ើបអង្កេតផ្លូវច្បាប់លើសកម្មភាពរបស់លោកនាពេលកន្លងមក ពិសេសសង្រ្គាមគ្រឿងញៀនដែលសម្លាប់មនុស្សរាប់ពាន់នាក់ ហើយក៏ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេតទៀតផង។ អ្នកប្រឆាំងខ្លះ ថែមទាំងចោទថា លោក ឌូទើតេ សម្លឹងឃើញកៅអីប្រធានាធិបតីទៀតផងក្រោមសេណារីយោដែលប្រធានាធិបតីចុះចេញនោះ។
 
លោកឌូតឺតេគឺជាមេដឹកនាំឯកឆន្ទម្នាក់ដែលល្បីល្បាញលើរឿងឱបក្រសោបចិននិងការមើលងាយចំពោះសម្ព័ន្ធមិត្តអាម៉េរិក។ក្រុមអ្នកជំនាញជឿជាក់ថា ការឈរឈ្មោះជាអនុប្រធានាធិបតីរបស់លោកឌូតឺតេអាចជាការលេងល្ខោនមួយដើម្បីរក្សាអំណាច ក្រោមសេណារីយ៉ូមួយដែលថាលោកនឹងឡើងកាន់តំណែងជាប្រធានាធិបតី នៅពេលអ្នកស្នងតំណែងរបស់លោកលាលែងពីតំណែង។
 
សម្រាប់បេក្ខភាពប្រធានាធិបតីវិញ លោកឌូទើតេ ជំរុញលោក Christopher Bong Go សមាជិកព្រឹទ្ធសភា និងជាអ្នកស្មោះត្រង់បំផុតម្នាក់របស់លោកឱ្យស្នងតំណែងពីលោក។ ប៉ុន្តែលោក Go បានបដិសេធការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់បក្ស PDP-Laban នៅថ្ងៃទី៨ ខែកញ្ញា ដោយលោកនិយាយថា បេះដូង និងចិត្តផ្តោតសំខាន់លើការបម្រើប្រជាជនជាធំ ។
 
ការបដិសេធរបស់លោក Go ផ្តល់លទ្ធភាពដល់កូនស្រីលោកឌូទើតេ ឈរឈ្មោះជាប្រធានាធិបតីវិញ។យ៉ាងណាមិញ លោកស្រី Sara Duterte Carpio អាយុ៤៣ឆ្នាំ ក៏ចេញមុខបដិសេធផងដែរ ព្រោះមិនចង់ឱ្យត្រកូល ឌូទើតេ ឈរឈ្មោះសម្រាប់តំណែងខ្ពស់ទាំងពីរក្នុងពេលព្រមគ្នាឡើយ៕
 


 

Tag:
 ហ្វីលីពីន
  រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com