អន្តរជាតិ
អាម៉េរិក គ្រោងបង្កើនការផ្គត់ផ្គង់អគ្គិសនីដោយប្រើថាមពលព្រះអាទិត្យឱ្យបាន៤៥ភាគរយត្រឹមឆ្នាំ២០៥០
09, Sep 2021 , 8:29 pm        
រូបភាព
បន្ទះស្រូបពន្លឺព្រះអាទិត្យនៅរដ្ឋកាលីហ្វ័រនីញ៉ា។ រូបថត AFP
បន្ទះស្រូបពន្លឺព្រះអាទិត្យនៅរដ្ឋកាលីហ្វ័រនីញ៉ា។ រូបថត AFP
ដោយ:
រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ប្រកាសនៅថ្ងៃទី៨ ខែកញ្ញាថា អាម៉េរិកគួរតែបង្កើនកម្លាំងថាមពលអគ្គិសនីតាមរយៈថាមពលពន្លឺព្រះអាទិត្យឱ្យបានប្រមាណ៥០ ភាគរយនៃការផ្គត់ផ្គង់ក្នុងប្រទេសត្រឹមពាក់កណ្តាលសតវត្សរីទី២១។ ការប្រកាសបង្កើនេះ ជាផ្នែកមួយក្នុងយុទ្ធសាស្រ្តបម្រែបម្រួលអាកាសធាតុរបស់អាម៉េរិក។


បើយោងតាមរបាយការណ៍ចេញដោយក្រសួងថាមពល ការផ្គត់ផ្គង់អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអាចមានទំហំដល់៤០ភាគរយនៃចំនួនផ្គត់ផ្គង់ថាមពលសរុបទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣៥ ហើយឡើង៤៥ភាគរយត្រឹមឆ្នាំ២០៥០។ នេះជាការបង្កើនបរិមាណផ្គត់ផ្គង់ដ៏ធំមួយ ដោយបច្ចុប្បន្នអាម៉េរិកមានកម្រិតប្រើប្រាស់ថាមពលបានមកពីព្រះអាទិត្យត្រឹម៣ភាគរយប៉ុណ្ណោះ។
 
យ៉ាងណាមិញ របាយការណ៍ដដែលនេះបានលើកឡើងថា អាម៉េរិកចាំបាច់បង្កើនសមត្ថភាពផ្ទុកថាមពលពន្លឺព្រះអាទិត្យប្រចាំឆ្នាំរបស់ខ្លួនដល់ទៅ៤ដងទើបអាចឈានទៅដល់កម្រិតដែលបានកំណត់ខាងលើ។ គម្រោង នេះក៏ត្រូវពឹងផ្អែកលើការវិនិយោគសាធារណៈក្នុងប្រព័ន្ធថាមពលដែលពីដំបូងត្រូវបានបង្កើតឡើងសម្រាប់ថាមពលធ្យូងថ្ម និងឧស្ម័នធម្មជាតិ ក៏ដូចជាការផ្លាស់ប្តូរគោលនយោបាយលើការប្រើប្រាស់ថាមពលដែលពឹងផ្អែកលើកាបូន។
 
ដើម្បីសម្រេចគោលដៅដ៏មានមហិច្ឆតា អាម៉េរិក ត្រូវព្យាករណ៍ថា ត្រូវនឹងចំណាយទឹកប្រាក់បន្ថែមយ៉ាងហោច៥៦២ពាន់លានដុល្លារហូតដល់ឆ្នាំ២០៥០ ។ ប៉ុន្តែរបាយការណ៍នេះ មិនបានបញ្ជាក់តួលេខសម្រាប់ការវិនិយោគរបស់រដ្ឋឡើយ។
 
ការដាកចេញផែនការខាងលើ កើតឡើងនៅពេលដែលប្រធានាធិបតី បៃដិន បានដាក់ចេញសកម្មភាពបន្ទាន់ស្តីពីបម្រែបម្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញ។ ចំណែកសភាអាម៉េរិក ក៏កំពុងពិភាក្សាលើគម្រោងការធំៗលើការជួសជុសហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដូចជាព្យុះកំណាច និងភ្លើងឆេះព្រៃដែលបានយាយីអាម៉េរិកយ៉ាងខ្លាំងក្លានាឆ្នាំ២០២១។
 
កាលពីខែសីហា អាម៉េរិកបានដាក់គោលដៅឆ្នាំ២០៣០ ដោយកំណត់ចំនួនរថយន្តពាក់កណ្តាលដែលដាក់លក់នៅអាម៉េរិក ត្រូវគ្មានការបំភាយឧស្ម័នកាបូន៕
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com