អន្តរជាតិ
អ្នកកាសែតអាហ្វហ្កានីស្ថានពីរនាក់ ត្រូវក្រុមតាលីបង់ចាប់ឃុំខ្លួននិងវាយដំ
10, Sep 2021 , 10:59 am        
រូបភាព
អ្នកកាសែតពីរនាក់ដែលត្រូវបានរាយការណ៍ថា រងការវាយដំពីសំណាក់ក្រុមតាលីបង់។ រូបថត AFP
អ្នកកាសែតពីរនាក់ដែលត្រូវបានរាយការណ៍ថា រងការវាយដំពីសំណាក់ក្រុមតាលីបង់។ រូបថត AFP
អ្នកកាសែតអាហ្វហ្កានីស្ថាន២រូប ត្រូវបានក្រុមតាលីបង់ចាប់ឃុំឃាំង និងវាយដំយ៉ាងចាស់ដៃក្រោយ អ្នកកាសែតទាំង២​ បានចុះផ្សាយពីរូបភាពនៃការតវ៉ារបស់ប្រជាជនអាហ្វហ្កានីស្ថានជាពិសេសការតវ៉ារបស់ក្រុមស្ត្រី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកញ្ញា។



ស្ថាបនិកនិងជានិពន្ធនាយកនៃកាសែតក Etilaat Roz លោក Zaki Daryab បានចែកចាយលើបណ្ដាញសង្គមលោកពីរូបភាពខ្លួនប្រាណរបស់អ្នកកាសែតពីរនាក់ដែលស្នាមពេញវាយដំពេញរាងកាយ​ ហើយមុខក៏មានស្នាមជាំនិងដាច់រលាត់ផង។ អ្នកកាសែតទាំងពីរអះអាងថា ខ្លួនត្រូវបានសមាជិកក្រុមតាលីបង់ចាប់ឃុំខ្លួន និងវាយដំ។
 
«មិត្តរួមការងារយើង៥នាក់ត្រូវបានឃុំក្នុងមណ្ឌលឃុំឃាំងអស់រយៈពេលជាង៤ម៉ោង ហើយក្នុងរយៈពេលបួនម៉ោងនេះអ្នកកាសែតយើង២នាក់ ត្រូវបានវាយដំនិងធ្វើទារុណកម្មយ៉ាងឃោរឃៅ» ។លោក Daryabi ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែកញ្ញា។
 
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានស្រង់សម្ដីរបស់ស្ថានិកកាសែត Etilaat Roz អ្នកកាសែតទាំងពីរត្រូវបានមនុស្ស៧ទៅ៨នាក់វាយដំទាត់ធាត់ និងវាយដោយដំបងប្រហែល១០នាទីរហូតដល់អ្នកទាំងពីរបាត់បង់ស្មារតី។ បន្ទាប់ពីត្រូវបានដោះលែង អ្នកកាសែតទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ដោយគ្រូពេទ្យណែនាំឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យយ៉ាងតិច២សប្តាហ៍។​
 
លោក Daryabi ចាត់ទុកការវាយដំលើអ្នកកាសែតនេះ ជាសញ្ញានៃការគំរាមមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅអាហ្វហ្កានីស្ថាន ដែលភាគច្រើនជាសារព័ត៌មានឯករាជ្យនិងទទួលជំនួយពីប្រទេសលោកខាងលិចក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ កន្លងមក អ្នកកាសែតមួយចំនួនក៏ធ្លាប់លើកឡើងពីការវាយដំពីសំណាក់ក្រុមតាលីបង់មកលើពួកគេផង ក្រោយក្រុមនេះបានឡើងកាន់អំណាច។
 
ក្រោយពីមានហេតុការណ៍នេះ មន្រ្តីតាលីបង់ដែលមិនបានបញ្ចេញឈ្មោះមួយរូប លើកឡើងថា ក្រុមខ្លួននឹងស៊ើបអង្កេតពីករណីវាយប្រហារណាមួយលើអ្នកកាសែត។
ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងអាហ្វហ្កានីស្ថានជាថ្មីម្តងទៀត ធ្លាប់បានសន្យាថា នឹងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយដំណើរការជាធម្មតា និងគោរពសិទ្ធិមនុស្សរបស់ប្រជាជនផង។ យ៉ាងណាមិញ ហេតុការណ៍វាយដំអ្នកកាសែតនេះ និងការរារាំងប្រជាជនក្នុងការធ្វើបាតុកម្មកន្លងមក បានបង្ហាញពីសកម្មភាពខុសពីការសន្យារបស់ក្រុមតាលីបង់៕
 


 

Tag:
 អាហ្វហ្កានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com