ជាតិ
សង្គមជាតិ
នគរបាលដែលវាយស្រី្តម្នាក់ ត្រូវបានបញ្ជូនទៅតុលាការ
10, Sep 2021 , 11:16 am        
រូបភាព
(ឆ្វេង) មន្ត្រីនគរបាល ដែលត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ កញ្ញា ២០២១ ក្រោយរងការចោទប្រកាន់ថា បានយកអាយកូប វាយទៅលើស្ត្រីម្នាក់ ដែលជិះម៉ូតូគេចប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ កាលពីពេលថ្មីៗនេះ
(ឆ្វេង) មន្ត្រីនគរបាល ដែលត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ កញ្ញា ២០២១ ក្រោយរងការចោទប្រកាន់ថា បានយកអាយកូប វាយទៅលើស្ត្រីម្នាក់ ដែលជិះម៉ូតូគេចប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ កាលពីពេលថ្មីៗនេះ
ភ្នំពេញ៖ មន្រី្តនគរបាល ដែលប្រើហិង្សាលើស្រ្តីម្នាក់ ដែលជិះម៉ូតូគេចចេញពីប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវបានបញ្ជូន ទៅតុលាការហើយ ក្រោយសម្របសម្រួលមិនត្រូវគ្នា។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក សាន សុខសីហា ថ្លែងថា ភាគីជម្លោះទាំងពីរ សុទ្ធតែអះអាងថាពួកគេគ្មានកំហុស ហើយមិនទទួលយកការសម្របសម្រួលគ្នាឡើយ។ អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «បើតាមការបំភ្លឺទាំងសងខាង, មន្រី្តនគរបាលគាត់ថា គាត់គ្រាន់តែចេញទៅលើក(ដៃកាន់អាយកូម)ដើម្បីរាំងឲ្យឈប់ គឺមិនបានប៉ះទេ‌។ ប៉ុន្តែនារីរងគ្រោះគាត់ថា ពេលគាត់ចេញមកហ្នឹង គឺប៉ះជាមួយIDរបស់សមត្ថកិច្ច។ អ៊ីចឹង ភាគីទាំងពីរ បញ្ជាក់ថា ត្រូវរៀងខ្លួន»។ ដូច្នេះលោក សុខសីហា បញ្ជាក់ថា មិនអាចហៅករណីកើតហេតុនោះថា មន្រី្តនគរបាលបានវាយជនរងគ្រោះឡើយ។ 
 
ដោយសារសម្របសម្រួលគ្នាមិនត្រូវ ភាគីទាំងពីសម្រេចដោះស្រាយតាមនីតិវិធីច្បាប់ ហើយនៅព្រឹកថ្ងៃទី១០កញ្ញានេះ សមត្ថកិច្ចបានបញ្ជូនមន្រី្តនគរបាលនោះទៅតុលាការ។ នេះបើតាមលោក សុខសីហា ដោយបន្ថែមថា យ៉ាងណាក៏ដោយ ភាគីទាំងពីរគឺមានកំហុសទាំងសងខាង ព្រោះមន្រី្តនគរបាលអនុវត្តភារកិច្ចលើស ហើយជនរងគ្រោះវិញគឺជិះគេចប៉ុស្តិ៍ត្រួតពិនិត្យ។ លោក សង្កត់ធ្ងន់ថា ទោះបីដោះស្រាយតាមនីតិវិធីច្បាប់ក៏ដោយ មន្រី្តនគរបាលរូបនេះ នៅតែទទួលរងពិន័យកងកម្លាំងដដែល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com