ជាតិ
សង្គមជាតិ
អ្នកស្រី ចាណែត ឃីង ជនជាតិអាម៉េរិក ដែលធ្វើការផ្នែកសិទ្ធិមនុស្ស២៥ឆ្នាំនៅកម្ពុជា បានទទួលមរណភាព
10, Sep 2021 , 12:16 pm        
រូបភាព
អ្នកស្រី ចាណែត ឃីង (Janet King) ជនជាតិអាម៉េរិក ដែលជាសមាជិកាក្រុមប្រឹក្សាភិបាលនៃសមាគមអាដហុក បានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីម៉ោង៣កន្លះទៀបភ្លឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។ សមាគមអាដហុក បានប្រកាសដំណឹងមរណភាពរបស់អ្នកស្រីជាសាធារណៈ លើទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ខែកញ្ញានេះ។



បើតាមសមាគមអាដហុក អ្នកស្រី ចាណែត ឃីង គឺជាបណ្ឌិតច្បាប់ ហើយអ្នកស្រី ជាគ្រូបង្រៀន អ្នកអប់រំ អ្នកប្រឹក្សា និងជាអ្នកជំនាញដោះស្រាយវិវាទដ៏ល្អម្នាក់នៅកម្ពុជា។ សមាគមអាហុក បានឲ្យដឹងទៀតថា អ្នកស្រី បានមកបម្រើការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ន។

សមគមនអាដហុក លើកពីគុណសម្បត្តិរបស់អ្នកស្រីថា អ្នកស្រី បានបំពេញការងារដោយមិនគិតពីការនឿយហត់ ដើម្បីបង្រៀនយុវជន និស្សិត មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងអ្នកដឹកនាំសហគមន៍ ជាពិសេសមួយរយៈចុងក្រោយនេះ អ្នកស្រី បានលះបង់ពេលវេលាទាំងអស់របស់អ្នកស្រី ដើម្បីជួយបង្រៀនភាសាអង់គ្លេសដល់សហគមន៍ និងព្រះសង្ឃដោយស្ម័គ្រចិត្ត។

សមាគមអាដហុក សរសេរថា៖«ពួកយើងនឹងចងចាំពីឧបការគុណ ការលះបង់ និង ការប្តេជ្ញាចិត្តរបស់អ្នកស្រីក្នុងការលើកកម្ពស់ការបង្រៀន ការបណ្តុះបណ្តាល ការអប់រំច្បាប់ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងភាសាអង់គ្លេសនៅកម្ពុជា»។

លោក មាស សាវ៉ាត អគ្គលេខាធិការនៃសមាគមអាដហុក ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេល២៥ឆ្នាំមកនេះ អ្នកស្រី ចាណែត ឃីង បានរស់នៅក្នុងប្រទេសកម្ពុជាជាអចិន្ត្រៃយ៍ ដោយអ្នកស្រី មានផ្ទះផ្ទាល់ខ្លួននៅក្រុងកែប។ លោក បន្តថា ថ្វីបើ អ្នកស្រី មិនចុះអនុវត្តផ្ទាល់ក្នុងការងារការពារសិទ្ធិមនុស្ស តែអ្នកស្រី ជួយមើលការខុសត្រូវក្នុងការដឹកនាំកិច្ចការងារសិទ្ធិមនុស្សរបស់សមាគមអាដហុក និងផ្តល់យោបល់ជាច្រើនក្នុងការអប់រំពីច្បាប់ ពីសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋ ហើយអ្នកស្រី ថែមទាំងអប់រំប្រជាពលរដ្ឋដោយខ្លួនឯងថែមទៀត ដូច្នេះ អ្នកស្រី ក៏អាចចាត់ទុកជាសកម្មជនការពារសិទ្ធិមនុស្សម្នាក់ដែរ។

លោក ថ្លែងថា អ្នកស្រី ពុំមានក្រុមគ្រួសារនៅស្រុកខ្មែរឡើយ ដោយពេលនេះ សមាគមអាដហុក កំពុងសហការជាមួយស្ថានទូតអាម៉េរិក ដើម្បីទាក់ទងទៅក្រុមគ្រួសាររបស់អ្នកស្រីនៅអាម៉េរិក។ លោក បន្ថែមថា មកដល់ពេលនេះ សពអ្នកស្រី ត្រូវបានរក្សាទុកនៅមន្ទីរពេទ្យកាល់ម៉ែតនៅឡើយទេ ដោយមិនទាន់បញ្ជូនចេញឡើយ។

មន្រ្តីសមាគមអាដហុករូបនេះ អះអាងថា សពអ្នកស្រី ទំនងជាត្រូវបូជា តែមិនទាន់សម្រេចថា នឹងត្រូវបូជានៅភ្នំពេញ ឬបញ្ជូនទៅបូជានៅក្រុងកែបនោះទេ។ លោក បញ្ជាក់ចុងក្រោយថា ការរៀបពិធីបុណ្យសពអ្នកស្រី គឺអាស្រ័យលើសេចក្តីសម្រេចរបស់ស្ថានទូតអាម៉េរិក៕

Tag:
 អាដហុក
  Janet King
© រក្សាសិទ្ធិដោយ thmeythmey.com