ជាតិ
ពីនេះ ពីនោះ
«ប្រិតប្រៀង» ជាពាក្យត្រូវ មិនមែន ប្រឹតព្រាង, ព្រឹតព្រៀង ឬ ប្រិតព្រាង ឡើយ
11, Sep 2021 , 7:29 am        
រូបភាព
នៅពេលចូលក្នុង Google ហើយសរសេរពាក្យ ប្រឹតព្រាង, ព្រឹតព្រៀង, ប្រិតព្រាង, ព្រិតប្រៀង ឬក៏ ប្រឹតប្រៀង លោក-អ្នក​ ច្បាស់ជាឃើញអត្ថបទដែលធ្លាប់​សរសេរពាក្យទាំងនេះ ប៉ុន្តែ​សុទ្ធតែជាពាក្យ​មិនមាន​នៅ​ក្នុងវចនានុក្រម​ខ្មែរ សម្តេច ព្រះសង្ឃរាជ ជួន ណាត។

 
ពាក្យត្រឹមត្រូវ គឺ «ប្រិតប្រៀង»។ កិរិយាសព្ទនេះ មានន័យថា ប្រិតដោយរឹតត្បិតឲ្យប្រព្រឹត្តហ្មត់ចត់ទៀងទាត់តាមគតិធម៌ និងគតិច្បាប់ មាតាបិតានិងគ្រូបាអាចារ្យប្រិតប្រៀងបុត្រធីតានិងសិស្សានុសិស្ស ឲ្យកាន់សុចរិតប្រព្រឹត្តល្អ; កូនឥតសណ្ដាប់ធ្នាប់ មកពីម្ដាយអាពុកមិនប្រិតប្រៀង ។
 
ពាក្យ «ប្រិត» ដាច់ដោយឡែក​ក៏មានន័យថា ដាក់កម្រិតយ៉ាងតឹង, ធ្វើឲ្យមានកម្រិត ឬ បញ្ញត្តមានកម្រិត។ ត្រូវប្រិតបន្ដិចកុំបណ្ដែតបណ្ដោយ ។
 
 ពាក្យ «ប្រៀង» មិនមាននៅក្នុងវចនានុក្រមឡើយ។ រីឯពាក្យ «ព្រាង» មាន​ការពន្យល់មួយផ្សេងទៀត គឺ​ ធ្វើមួយទ្រួសល្បងមើលសិន; និយាយ, ស្នើមួយលើកមុនល្បងមើលសិន។ ព្រាងការ, ព្រាងសំបុត្រ, ព្រាងសេចក្ដី, ព្រាងដំណើរ, និយាយព្រាង ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com