ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​បរិភោគ​អាហារ​ពេលព្រឹក អាច​ជួយ​សម្រក​ទម្ងន់​
11, Sep 2021 , 6:59 pm        
រូបភាព
​ការ​ញ៉ាំ​អាហារ​ពេលព្រឹក អាច​នាំអោយ​មាន​សុខភាព​ល្អ និង​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់​។​

 
​កាត់បន្ថយ​ការ​ឃ្លាន ៖ ការ​បរិភោគ​អាហារ​ពេល​ព្រឹក​អាច​កាត់បន្ថយ​ការ​ឃ្លាន​របស់​អ្នក​ក្នុង​រយៈពេល​យូរ ដែល​អាច​ធ្វើអោយ​កាន់តែ​ងាយស្រួល​ក្នុង​ការជៀសវាង​ការ​ញ៉ាំ​ច្រើនដង​ពេក​។ ពេល​ដែល​អ្នក​មិន​ញ៉ាំ​អាហារ​ពេលព្រឹក អ្នក​អាច​មាន​អារម្មណ៍​ឃ្លាន​នៅពេល​បន្ទាប់ ដែល​នឹង​នាំ​អោយ​អ្នក​ត្រូវ​ស្វែងរក​អាហារ​មក​ញ៉ាំ​យ៉ាងច្រើន​។ លើសពីនេះ​ទៀត ការ​មិន​បាន​ញ៉ាំ​អាហារ​យូរ ដោយសារ​តែ​អ្នក​រំលង​អាហារ​ពេលព្រឹក អាច​បង្កើន​ការឆ្លើយតប​របស់​រាង​កាយ​ទៅនឹង​អាំង​ស៊ុយ​លីន (insulin) ដែល​នឹង​បង្កើន​ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់ និង​ការឡើង​ទម្ងន់​។ ជា​ការពិត​ណាស់ ការ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ពិតជា​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​យ៉ាង​ពិតប្រាកដ​។
 
​ជម្រើស​ដែល​មាន​សុខភាព​ល្អ ៖ អ្នក​នឹង​មាន​សុខភាព​ល្អ ដោយ​ការបរិភោគ​អាហារ​ពេលព្រឹក​ជា​ទៀងទាត់​។ ពេល​អ្នក​បរិភោគ​អាហារ​ពេលព្រឹក អ្នក​ទំនងជា​អាច​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ មាន​ជីវជាតិ និង​មាន​ជាតិ​ខ្លាញ់​ទាប​។ ពេល​ដែល​អ្នក​រំលង​មិន​ញ៉ាំ​អាហារ​ពេលព្រឹក អ្នក​ទំនងជា​នឹង​រំលង​ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ផងដែរ​។
 
​ទទួលបាន​ថាមពល​បន្ថែម ៖ ការ​បរិភោគ​អាហារ​ពេល​ព្រឹក​អាច​ផ្តល់​អ្នក​នូវ​ថាមពល​បង្កើន​សកម្មភាព​រាងកាយ​ក្នុង​អំឡុងពេល​ថ្ងៃ​។ អាហារ​ពេលព្រឹក​ដែល​មាន​សុខភាព​ល្អ​ធ្វើអោយ​រាងកាយ​របស់​អ្នក​ពោរពេញ​ដោយ​ថាមពល និង​បំពេញ​មកវិញ​នូវ​ជាតិ​ស្ករ​ដែល​ផ្គត់ផ្គង់​ថាមពល​ដល់​សាច់ដុំ​បាន​ភ្លាមៗ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com