អន្តរជាតិ
ខណៈមានការតវ៉ាប្រឆាំងក្រុមតាលីបង់ ក៏មានការជួបជុំរបស់ស្រ្តីដើម្បីគាំទ្រក្រុមតាលីបង់វិញដែរ
12, Sep 2021 , 11:29 am        
រូបភាព
ស្រ្តីអាហ្វហ្កានីស្ថានជួបជុំគ្នាគាំទ្រក្រុមតាលីបង់។ រូបថត AFP
ស្រ្តីអាហ្វហ្កានីស្ថានជួបជុំគ្នាគាំទ្រក្រុមតាលីបង់។ រូបថត AFP
ស្រ្តីអាហ្វហ្កានីស្ថានដែលស្លៀកពាក់ជិតខ្លួន បានជួបជុំគ្នានៅសាកលវិទ្យាល័យមួយក្នុងរដ្ឋធានីកាប៊ុលនៅថ្ងៃទី១១ ខែកញ្ញា ដើម្បីបង្ហាញការគាំទ្រចំពោះគោលនយោបាយរបស់ក្រុមតាលីបង់ដែលទើបឡើងកាន់អំណាចថ្មីៗ។ វាហាក់បញ្ច្រាសទៅនឹងអ្វីដែលកើតឡើងនៅតាមដងផ្លូវដែលស្រ្តីជាច្រើននាំគ្នាតវ៉ាប្រឆាំងគោលនយោបាយរបស់ក្រុមនេះលើការគោរពសិទ្ធិស្រ្តីនៅអាហ្វហ្កានីស្ថាន។

 
ស្របពេលមានអ្នកប្រឆាំងការកំហិតសិទ្ធិសេរីភាពស្រ្តីពីសំណាក់ក្រុមតាលីបង់នោះ គេក៏ឃើញមានការគាំទ្រវិញដែរ។ នៅថ្ងៃទី១១ ខែកញ្ញា ស្រ្តីអាហ្វហ្កានីស្ថានប្រមាណ៣០០នាក់ដែលស្លៀកពាក់ជិតខ្លួនតាមការកំណត់របស់ក្រុមតាលីបង់ក្នុងវិស័យអប់រំ បានប្រមូលផ្ដុំគ្នានៅសាកលវិទ្យាល័យអប់រំ Shaheed Rabbani ក្នុងទីក្រុងកាប៊ុល បង្ហាញការគាំទ្ររបស់ពួកគេចំពោះការកំណត់របស់ក្រុមតាលីបង់ ខណៈវាគ្មិនក្នុងកម្មវិធីរិះគន់លោកខាងលិចមិនដាច់ពីមាត់។
 
ទង់របស់ក្រុមតាលីបង់ ត្រូវបានអ្នកចូលរួមគ្រវីទៅមក ស្របពេលវាគ្មិនចាប់ផ្ដើមរិះគន់ស្រ្តីដែលតវ៉ាតាមផ្លូវដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP វាគ្មិនទាំងនោះ ក៏និយាយការពាររដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីដែលប្រកាសដោយក្រុមតាលីបង់ បើទោះមិនមានសមាជិកជាស្រ្តីណាម្នាក់ក្ដី។ 
 
«យើងប្រឆាំងស្រ្តីដែលតវ៉ាតាមផ្លូវ ដោយអះអាងថា ពួកគេតំណាងឱ្យស្រ្តីទាំងអស់» វាគ្មិនស្រ្តីម្នាក់ដែលគ្របខ្លួនជិតតាំងពីក្បាលដល់ចុងជើងនិយាយបែបនេះ មុនចោទជាសំណួរថា តើរដ្ឋាភិបាលមុនមានសេរីភាពបែបនេះដែរទេ? 
 
តាមពិតទៅ ក្នុងការឡើងកាន់អំណាចលើកនេះ ក្រុមតាលីបង់ហាក់បន្ធូរការរឹតត្បិតខ្លះទៅលើស្រ្តី ពិសេសក្នុងវិស័យអប់រំ។ ស្រ្តីអាចចូលរៀននៅសាកលវិទ្យាល័យបាន តែក្នុងថ្នាក់រៀននីមួយៗត្រូវបែងចែកតាមភេទ ឬត្រូវដាក់វាំងននខណ្ឌចែកសិស្សប្រុសស្រី។ សិស្សជានារីក៏ត្រូវប្រើសម្លៀកបំពាក់ abaya ឬ hiqab ដែលបិទខ្លួនជុំជិតផងដែរ។ រឿងនេះ ក៏កំពុងត្រូវអនុវត្តទៅហើយដែរនៅអាហ្វហ្កានីស្ថានហើយដែរ៕
 
 
 

Tag:
 តាលីបង់
  ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com