ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ តាលីបង់ កាន់កាប់កាប៊ុល ជាការរម្លឹកយ៉ាងក្រៀមក្រំដល់ថ្ងៃខ្មែរក្រហម កាន់កាប់ភ្នំពេញ
12, Sep 2021 , 1:00 pm        
រូបភាព
រូបឆ្វេងដៃ៖ ទិដ្ឋភាពប្រជាជនអាហ្វហ្កានីស្ថាន នាំគ្នាធ្វើដំណើរទៅកាន់ព្រលានយន្តហោះទីក្រុងកាប៊ុល ដើម្បីភៀសខ្លួនចេញពីប្រទេសខ្លួន បន្ទាប់ពីក្រុមតាលីបង់ ចូលកាន់កាប់ទីក្រុងកាប៊ុល ក្នុងអំឡុងខែសីហា ឆ្នាំ២០២១ (រូបពី Reuters)។ រូបសខ្មៅ៖ ទិដ្ឋភាពទ័ពខ្មែរក្រហម ចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយបន្ទាប់មក ក៏ចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ទៅធ្វើស្រែនៅតាមជនបទ (រូបពី AFP)។
រូបឆ្វេងដៃ៖ ទិដ្ឋភាពប្រជាជនអាហ្វហ្កានីស្ថាន នាំគ្នាធ្វើដំណើរទៅកាន់ព្រលានយន្តហោះទីក្រុងកាប៊ុល ដើម្បីភៀសខ្លួនចេញពីប្រទេសខ្លួន បន្ទាប់ពីក្រុមតាលីបង់ ចូលកាន់កាប់ទីក្រុងកាប៊ុល ក្នុងអំឡុងខែសីហា ឆ្នាំ២០២១ (រូបពី Reuters)។ រូបសខ្មៅ៖ ទិដ្ឋភាពទ័ពខ្មែរក្រហម ចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយបន្ទាប់មក ក៏ចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ទៅធ្វើស្រែនៅតាមជនបទ (រូបពី AFP)។
ថ្លែងតាមប្រព័ន្ធហ៊្សូម (Zoom) ទៅកាន់មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លៀតនិយាយដល់ភាពវឹកវរនៅប្រទេសអាហ្វហ្កានីស្ថាន។ អ្វីដែលមេដឹកនាំកម្ពុជា គូសរំលេចក្នុងសុន្ទរកថានោះ គឺការប្រដូចស្ថានការណ៍ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានបច្ចុប្បន្ន មកនឹងស្ថានការណ៍ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងអតីតកាល។



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា៖«បច្ចុប្បន្ន ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ​នោះ គឺការដកកងទ័ពរបស់អាមេ៉រិកចេញពីប្រទេសអាហ្វហ្កានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុមតាលីបង់»។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា៖«ព្រឹតិ្តការណ៍នេះ គឺជាការរម្លឹកយ៉ាងក្រៀមក្រំ  និងជូរចត់ទៅដល់រឿងរ៉ាវដែលបានកើតឡើងនៅកម្ពុជា កាលពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុតដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឲ្យកើតឡើងម្តងទៀតឡើយ»។

ក្រុមតាលីបង់ បានចូលកាន់កាប់រដ្ឋធានីកាប៊ុល ក្នុងអំឡុងខែសីហា ឆ្នាំ២០២១។ ក្រុមតាលីបង់ ធ្វើសង្គ្រាមដោយជោគជ័យ និងដណ្តើមអំណាចបានយ៉ាងឆាប់រហ័សពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេ៉រិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន សម្រេចដកទ័ពចេញពីប្រទេសនេះ។

ក្រុមតាលីបង់ ដែលត្រូវគេចាត់ទុកជាក្រុមបង្កភេវរកម្ម និងជាក្រុមចលនាជ្រុលនិយម ធ្លាប់ដណ្តើមបានអំណាចដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថានម្តងរួចមកហើយ នៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១។ ពេលបានកាន់អំណាច ក្រុមតាលីបង់ ដាក់ឲ្យអនុវត្តច្បាប់តាមបែបសាសនាអ៊ីស្លាមយ៉ាងតឹងរឹង (ច្បាប់ Sharia) ដូចជា មិនអនុញ្ញតឲ្យមានសៀវភៅ និងខ្សែភាពយន្តរបស់ពួកលោកខាងលិចនៅលើទឹកដីអាហ្វហ្កានីស្ថាន បំផ្លាញចោលវប្បធម៌បរទេស ហើយស្រ្តី ត្រូវស្លៀកពាក់ឲ្យជិតពីចុងជើងដល់ក្បាល ត្រូវហាមមិនឲ្យធ្វើការងារក្រៅផ្ទះ និងមិនឲ្យសិក្សា ជាដើម។ ជាងនេះទៅទៀត ការដាក់ទោសប្រហារជីវិត និងការធ្វើទណ្ឌកម្ម ហាក់ក្លាយទៅជារឿងធម្មតានៅតាមទីសាធារណៈ។

នៅឆ្នាំ២០០១ ក្រុមតាលីបង់ ត្រូវបានទម្លាក់ចេញពីអំណាចវិញ ក្រោមស្នាដៃរបស់អាម៉េរិក។ តែពួកតាលីបង់ មិនសាបសូន្យឡើយ ដោយបន្ដរស់នៅតាមព្រៃភ្នំ និងតំបន់ផ្សេងៗ ហើយនៅបន្តវាយប្រហារជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានមិនដាច់។ អាម៉េរិក អះអាងថា ការផ្តួលរំលំពួកតាលីបង់ គឺដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិសេសសិទ្ធិស្រ្តី និងសិទ្ធិកុមារ។

ម្យ៉ាងទៀត ការផ្តួលរំលំពួកតាលីបង់ ព្រោះអាម៉េរិក យល់ថា ពួកតាលីបង់ ជាប់ពាក់ព័ន្ធជាមួយពួកអាល់កៃដា ដែលបង្កភេរវកម្មដ៏រន្ធត់មួយ ដោយបញ្ជាយន្តហោះ បើកបុកអគារភ្លោះនៅអាម៉េរិក ក្នុងឆ្នាំ២០០១ បណ្តាលឲ្យមនុស្សជិត៣ពាន់នាក់ បានបាត់បង់ជីវិត។ ចាប់តាំងពីពេលនោះមក អាម៉េរិក ដែលជាអ្នកគាំទ្រពួកតាលីបង់ បានក្លាយសត្រូវនឹងគ្នា ហើយអាម៉េរិក ក្លាយជាអ្នកគាំទ្ររដ្ឋាភិបាលអាហ្វហ្កានីស្ថានវិញម្តង ក្រោយការផ្តួលរំលំពួកតាលីបង់។

២០ឆ្នាំក្រោយ ក្រុមតាលីបង់ ជាក្រុមដែលកើតចេញពីទឹកដីអាហ្វហ្កានីស្ថានខ្លួនឯង បានត្រឡប់មកកាន់អំណាចឡើងវិញ ហើយត្រូវគេ មើលឃើញថា ក្រុមតាលីបង់ កំពុងដាក់ឲ្យអនុវត្តច្បាប់ Sharia ដូចលើកមុន។ ប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន ដែលមិនទាន់បានចាកចេញពីប្រទេស កំពុងរស់នៅក្នុងភាពភ័យខ្លាច ទោះជាក្រុមតាលីបង់ ប្រកាសថា គោរពសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិកុមារក៏ដោយ៕ 

Tag:
 កម្ពុជា
  អាហ្វហ្កានីស្ថាន
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com