ជាតិ
ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍ជាង ១០០កន្លែង ទាំងធម្មជាតិ និងកែច្នៃ
12, Sep 2021 , 8:59 pm        
រូបភាព
 រូបភាពពីលោក ហម អរុណ
រូបភាពពីលោក ហម អរុណ
ដោយ:
បាត់ដំបង ជាខេត្តមួយនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងប្រទេសថៃ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ចំណែកខាងត្បូងជាប់ខេត្តពោធិ៍សាត់។ សក្តានុពល ស្ទឹង ទន្លេ ភ្នំ បានធ្វើឱ្យបាត់ដំបង ជាខេត្តដែលមានអំណោយផលដល់ការធ្វើកសិកម្មជាច្រើនប្រភេទ។ ការរក្សាប្រពៃណីវប្បធម៌ ក៏បានធ្វើឱ្យខេត្តនេះ មានអាគារ និងវត្តបុរាណជាច្រើន ជាមួយនឹងម្ហូបប្រចាំតំបន់ យ៉ាងសម្បូរបែបដែរ។ លើសពីនេះ ខេត្តបាត់ដំបង ក៏សម្បូររមណីយដ្ឋានធម្មជាតិ និងកែច្នៃច្រើនកន្លែងផងដែរ។


បើតាមឯកសារពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្រៅពីដំណាំកសិកម្ម អាគារបុរាណ បាត់ដំបងក៏មានគោលដៅទេសចរណ៍ ជាង១០០កន្លែង។ គោលដៅទេសចរណ៍ទាំងនោះមាន រមណីយដ្ឋានទេសចរណ៍ ២០ទីតាំង, សហគមន៍និងអេកូទេសចរណ៍ ៤ទីតាំង, ទេសចរណ៍សាសនា ២២ទីតាំង, កសិ-ទេសចរណ៍ ៤ទីតាំង និងគោលដៅទេសចរណ៍ផ្សេងៗ ៥៤ទីតាំង។ ភ្ញៀវទេសចរអាចទៅកម្សាន្តនៅខេត្តបាត់ដំបងគ្រប់រដូវកាល ព្រោះតំបន់ទេសចរណ៍ក្នុងខេត្តនេះមានគ្រប់សណ្ឋាន គ្រប់ផ្នែក។


រូបភាពពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

ភ្ញៀវទេសចរដែលចូលចិត្ត ទស្សនាសំណង់បុរាណ សំណង់ស្ថាប័ត្យកម្មសម័យបារាំង សំណង់វប្បធម៌ លោក-អ្នក មិនចាំបាច់ធ្វើដំណើរឆ្ងាយនោះទេ ព្រោះក្រុងបាត់ដំបងជាទីសាកសមបំផុតសម្រាប់លោក-អ្នក។ ក្រុងបាត់ដំបង មានសំណង់បុរាណជាច្រើនដូចជា សារមន្ទីរប្រវត្តិសាស្ត្រខេត្ត សារមន្ទីរខេត្ត ស្ពានថ្មចាស់ និងសំណង់អាគារអភិរក្សក្នុងខេត្ត។ ទេសចរធ្វើដំណើរប្រមាណ ២គីឡូម៉ែត្រ លោក-អ្នក នឹងឃើញ ផ្ទះបុរាណជាច្រើន ក្នុងសហគមន៍ទេសចរណ៍វត្តគរ។
 
បន្ថែមពីនេះ ភ្ញៀវទេសចរក៏អាចទៅសម្រាក បរិភោគអាហារថ្ងៃត្រង់ និងបោះតង់សម្រាកកម្សាន្ត នៅរមណីយដ្ឋានជាច្រើនដូចជា ទឹកធ្លាក់ចម្ការស្វាយ រមណីយដ្ឋានចម្ការមៀន ទឹកធ្លាក់ថ្មដាចម្ការទុរេន ទឹកធ្លាក់ចម្ការទុរេនអូតង និងតំបន់រមណីយដ្ឋានជាច្រើន។ ជាមួយគ្នានេះ អ្វីដែលទេសចរ មិនដែលភ្លេចពេលទៅលេងខេត្តបាត់ដំបងនោះគឺ ជិះឡូរីជើងភ្នំបាណន់ និងថតរូបនៅចម្ការជាច្រើនដូចជា ផ្ទះផ្កាប៊ីហ្គូនា ចម្ការផ្កាស្បៃរឿងជើងភ្នំសំពៅ និងសួនផ្កាភ្នំសំពៅ។
  

១រូបភាពពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

ភ្ញៀវទេសចរក៏អាចទៅទិញ និងដើរបេះផ្លែឈើនៅតំបន់កសិ-ទេសចរណ៍ ក្នុងខេត្តបាត់ដំបងផងដែរ។ តំបន់កសិ-ទេសចរណ៍ទាំងនោះ មានដូចជា កសិ-ទេសចរណ៍ចម្ការទំពាំងបាយជូ, កសិ-ទេសចរណ៍ភូមិវត្តគរ កសិ-ទេសចរណ៍ស្រុកសំឡូត និងចម្ការក្រូចភូមិភូមិអូរខ្ជាយ។
 
សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ភ្ញៀវទេសចរ ក៏អាចទៅធ្វើបុណ្យ និងកម្សាន្តនៅវត្តទេសចរណ៍ចំនួន១៦ទីតាំងក្នុងខេត្តបាត់ដំបង។ វត្តក្នុងខេត្តនេះ ខ្លះជាវត្តពីបុរាណ ដែលមានវិហារដែលជាសំណង់បុរាណ ចំណែកវត្តខ្លះទៀតបានកែប្រែអភិវឌ្ឍន៍បន្ថែមជាមួយសំណង់បច្ចុប្បន្ន បូករួមជាមួយការរៀបចំសួនច្បារ ទីធ្លាវត្ត យ៉ាងស្រស់ស្អាតនិងស្ងប់ស្ងាត់។
សូមជម្រាបដែរថា មន្ទីរទេសចរណ៍បាត់ដំបង កំពុងរៀបចំ និងពិនិត្យការអនុវត្តវិធានសុវត្ថិភាពតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់ដើម្បីត្រៀមបើកទទួលទេសចរវិញនៅថ្ងៃទី ១៤កញ្ញា ខាងមុខនេះ៕
 


រូបភាពពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

Tag:
 ThmeyThmey25
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com