អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
12, Sep 2021 , 9:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ អាហ្វហ្កានីស្ថាន នៅតែជាប្រធានបទដ៏សំខាន់ ដែលពិភពលោកនៅតែបន្តចាប់អារម្មណ៍ ខណៈក្រុមតាលីបង់ បានបង្ហាញសមាជិករដ្ឋាភិបាលបណ្តោះអាសន្នរបស់ខ្លួន។ ចំណែកនៅតំបន់អាស៊ីអាគ្នេយ៍វិញ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានប្រកាសសង្រ្គាមប្រជាជនប្រឆាំងរបបសឹក ដែលបានឡើងកាន់អំណាច តាំងពីដើមខែកុម្ភៈកន្លងមក។ ស្របគ្នានេះ ប្រធានបទជំងឺកូវីដ-១៩ ចិន កូរ៉េខាងជើង ក៏សំខាន់ផងដែរ។

 
ថ្ងៃទី៦ ខែកញ្ញា
 
ក្រុមតាលីបង់បានប្រកាសជ័យជម្នះគ្រប់គ្រងទឹកដីអាហ្វហ្កានីស្ថានទាំងមូលហើយ ក្រោយចូលគ្រប់គ្រងតំបន់តស៊ូចុងក្រោយនៅក្បែររដ្ឋធានីកាប៊ុល។ ក្រុមនេះ ក៏ស្នើឱ្យកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលចាស់ចូលរួមជាមួយខ្លួនដើម្បីកសាងប្រទេសផងដែរ។
 
ជនជាតិប៉ាឡេស្ទីនចំនួន ៦នាក់ ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល បានរត់គេច តាមរយៈការជីករូងក្រោមដី។ ដំណឹងបាត់ខ្លួនរបស់អ្នកជាប់ឃុំចំនួន ៦នាក់នោះ បានធ្វើឱ្យអាជ្ញាធរអ៊ីស្រាអែល ចាត់វិធានការទ្រង់ទ្រាយធំ ដើម្បីតាមប្រមាញ់។
 
ថ្ងៃទី៧ ខែកញ្ញា
 
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានប្រកាសសង្រ្គាមប្រជាជនដើម្បីផ្ដួលរំលំរបបយោធាដែលកំពុងដឹកនាំប្រទេស។ រដ្ឋាភិបាលស្រមោលដែលបង្កើតដោយសមាជិកសភាជាប់ឆ្នោតពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ស្នើឱ្យប្រជាជនទូទាំងប្រទេស និងកម្លាំងប្រដាប់អាវុធទាំងអស់ ងើបឡើងដើម្បីធ្វើបដិវត្តន៍ប្រឆាំងរដ្ឋាភិបាលសឹកដែលធ្វើទុក្ខបុកម្នេញប្រជាជន ហើយក៏ប្រាប់សហគមន៍អន្តរជាតិឱ្យយោគយល់ការសម្រេចចិត្តនេះដែរ។
 
មួយថ្ងៃបន្ទាប់ពីគ្រប់គ្រងអាហ្វហ្កានីស្ថានពេញទី ក្រុមតាលីបង់ បានប្រកាសពីសមាជិករបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន។ សមាជិករដ្ឋាភិបាលនេះ ក៏មានរដ្ឋមន្រ្តីដែលជាមុខសញ្ញា មន្រ្តីអាម៉េរិកចង់ចាប់ផងដែរ ខណៈរដ្ឋមន្រ្តីខ្លះត្រូវសហគមន៍អន្តរជាតិចាត់ទុកជាភេរវករ។
 
ថ្ងៃទី៨ ខែកញ្ញា
 
មនុស្សយ៉ាងហោចណាស់៤១នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះគុកនៅឥណ្ឌូណេស៊ី។ ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីរកមូលហេតុ។
 
បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងទៀត បានអំពាវនាវឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ា ចៀសវាងរាល់អំពើហិង្សា និងជំរុញឱ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេស។ ការអំពាវនាវបែបនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលបង្រួបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ប្រកាសឱ្យប្រជាជនងើបបះបោរនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា។
 
ថ្ងៃទី៩ ខែកញ្ញា
 
កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាមួយ ដើម្បីរម្លឹកខួបលើកទី ៧៣ នៃការបង្កើតប្រទេស។ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ក៏មានវត្តមានក្នុងពិធីនេះដែរ តែមិនថ្លែងសុន្ទរកថាអ្វីឡើយ។ លើសពីនោះ កូរ៉េខាងជើង ក៏មិនបានបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីៗដូចសព្វដងដែរ។
 
ក្រសួងសុខាភិបាលស្រីលង្កា នៅថ្ងៃទី៩ ខែកញ្ញា បានជំរុញឱ្យស្ត្រីពន្យារពេលមានផ្ទៃពោះ ឬយកកូន ដើម្បីទប់ស្កាត់ហានិភ័យស្លាប់ ដោយសារជំងឺកូវីដ-១៩។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីមានផ្ទៃពោះ នៅស្រីលង្កា បានទទួលមរណភាពច្រើនជាង ៤០នាក់ ដោយសារតែជំងឺកូវីដ-១៩។
 
ថ្ងៃទី១០ ខែកញ្ញា
 
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និយាយថា ចិន និងវៀតណាម មិនគួរធ្វើសកម្មភាពអ្វីដែលពង្រីកជម្លោះសមុទ្រចិនខាងត្បូងឡើយ។ លោក វ៉ាង និយាយបែបនេះទៅកាន់មន្រ្តីជាន់ខ្ពស់វៀតណាមក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ។ ចិន និងវៀតណាម សុទ្ធសឹងជាភាគីជម្លោះនៅសមុទ្រចិនខាងត្បូង ទីដែលចិនទាមទារស្ទើរទាំងស្រុងដែនទឹកដ៏មមាញឹកមួយរបស់ពិភពលោក។
 
អតីតរដ្ឋមន្រ្តីសុខាភិបាលបារាំង Agnes Buzyn រងការចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញាពាក់ព័ន្ធការគ្រប់គ្រងជំងឺកូវីដ-១៩ ។ ក្រុមស៊ើបអង្កេតនៅតុលាការពិសេស រកឃើញមូលដ្ឋានគ្រប់គ្រាន់ដើម្បីដំណើរក្ដីប្រឆាំងលោកស្រី Buzyn ។
 
ថ្ងៃទី១១ ខែកញ្ញា
 
ស្រ្តីអាហ្វហ្កានីស្ថានដែលស្លៀកពាក់ជិតខ្លួន បានជួបជុំគ្នានៅសាកលវិទ្យាល័យមួយក្នុងរដ្ឋធានីកាប៊ុល ដើម្បីបង្ហាញការគាំទ្រចំពោះគោលនយោបាយរបស់ក្រុមតាលីបង់ដែលទើបឡើងកាន់អំណាចថ្មីៗ។ វាហាក់បញ្ច្រាសទៅនឹងអ្វីដែលកើតឡើងនៅតាមដងផ្លូវដែលស្រ្តីជាច្រើននាំគ្នាតវ៉ាប្រឆាំងគោលនយោបាយរបស់ក្រុមនេះលើការគោរពសិទ្ធិស្រ្តីនៅអាហ្វហ្កានីស្ថាន៕
 

Tag:
 តាលីបង់
  អាហ្វហ្កានីស្ថាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com