ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន៖«គ្មានប្រទេសណាលើលោក បានជួយកម្ពុជាដូចចិនឡើយ»
12, Sep 2021 , 4:13 pm        
រូបភាព
លោក វ៉ាង យី (ឆ្វេងដៃ) និង លោក ប្រាក់ សុខុន ស្ថិតក្នុងសន្និសីទកាសែតរួមគ្នា នៅទីស្តីការក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
លោក វ៉ាង យី (ឆ្វេងដៃ) និង លោក ប្រាក់ សុខុន ស្ថិតក្នុងសន្និសីទកាសែតរួមគ្នា នៅទីស្តីការក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
ក្រោយបញ្ចាប់ជំនួបបិទទ្វារ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានធ្វើសន្និសីទកាសែតរួមគ្នា។ លោក ប្រាក់ សុខុន បានរំលេចឡើងពីការជ្រោមជ្រែងរបស់ចិន មកដល់កម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំង ដែលជាវត្ថុចាំបាច់ ដែលកម្ពុជា កំពុងត្រូវការក្នុងស្ថានភាពបច្ចុប្បន្ន។



ឈរទន្ទឹមនឹងលោក វ៉ាង យី ក្នុងសន្និសីទកាសែត លោក ប្រាក់ សុខុន ប្រកាសថា៖«ចិន នឹងជួយវ៉ាក់សាំងដល់កម្ពុជា ចំនួន៣លានដូសថែមទៀត។ ខ្ញុំ សូមជម្រាបជូនថា គ្មានប្រទេសណាទេនៅលើលោក ដែលបានជួយកម្ពុជា ដូចការដែលចិនជួយយើង»។ 
 
ប្រមុខការទូតកម្ពុជា បានអរគុណចិន ចំពោះការបន្តផ្តល់ជំនួយផ្សេងៗទៀត ក្រៅពីវ៉ាក់សាំង មកដល់កម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កាលៈទេសៈទាំងអស់។ លោក បញ្ជាក់ថា៖«[ក្នុងជំនួបជាមួយគ្នា] ខ្ញុំ បានជម្រាបជូនឯកឧត្តម វ៉ាង យី ថា ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ មិនអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថម្ភ និងការគាំទ្ររបស់មិត្តចិនបានទេ»។ 
 
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា៖«ជាភ័ព្វសំណាង ដែលកម្ពុជាមានចិនជាមហាមិត្តដែកថែប មិនដែលបោះបង់គ្នាចោល ហើយតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈ។ បើមិនដូច្នោះទេ ប្រហែលជាយើងគ្មានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ រាប់សិបលានដូស សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនោះឡើយ»។ 

បើកម្ពុជា មិនពឹងចិន តើឲ្យពឹងអ្នកណា? នេះជាការចោទសួររបស់ប្រមុខរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ទៅកាន់អ្នក ដែលរិះគន់ថា កម្ពុជា ពឹងផ្អែកតែទៅលើចិន។
 
បន្ទាប់ពីចាកចេញពីកិច្ចពិភាក្សា និងសន្និសីទកាសែតជាមួយលោក ប្រាក់ សុខុន លោក វ៉ាង យី នឹងបន្តទៅជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយឥស្សរជនទាំង២នេះ នឹងចូលរួមជាមួយគ្នា ក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ លោក វ៉ាង យី នឹងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ជូនរដ្ឋាភិបាលកម្ពុជា។ លោក បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១៕

 
 

Tag:
 កម្ពុជា-ចិន
  ប្រាក់ សុខុន
  វ៉ាង យី
  ជំនួយចិន
© រក្សាសិទ្ធិដោយ thmeythmey.com