អន្តរជាតិ
ពេទ្យនៅកូសូវូ ប្រើពេល២ម៉ោងដើម្បីវះយក Nokia 3310 ពីក្នុងពោះពិរុទ្ធជនម្នាក់
13, Sep 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
គ្រូពេទ្យម្នាក់នៅក្រុង Pristina ប្រទេសកូសូវូ កាលពីថ្ងៃទី៧ ខែកញ្ញា បានអះអាងពីភាពជោគជ័យលើការវះកាត់យកទូរសព្ទដៃពីក្នុងពោះពិរុទ្ធជនម្នាក់។ នេះបើតាមការផ្សាយរបស់កាសែតបារាំង Le Figaro។

 
ពិរុទ្ធជនដែលមិនត្រូវបានបង្ហាញឈ្មោះ ឈឺចុកចាប់ពោះអស់រយៈពេលជាច្រើនថ្ងៃ ហើយក្រោយមកត្រូវបានបញ្ជូនទៅពិនិត្យនៅផ្នែកក្រពះពោះវៀន នាមជ្ឈមណ្ឌលគ្លីនិកសាកលវិទ្យាល័យក្រុង Pristina។ លទ្ធផលវិភាគបង្ហាញថា មានទូរសព្ទដៃ Nokia 3310 មួយគ្រឿងនៅក្នុងពោះបុរសនោះ។
 
«ពិរុទ្ធជនអាយុ៣៣ឆ្នាំ បានលេបទូរសព្ទចូលទៅក្នុងពោះ ហើយយើងបានវះយកចេញដោយជោគជ័យហើយ»។ លោក Skender Telaku ប្រធានផ្នែកវះកាត់ បានអះអាងយ៉ាងដូច្នេះប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដោយបញ្ជាក់ថា ក្រុមការងាររបស់លោកបានចំណាយពេលជាង២ម៉ោងក្នុងប្រតិបត្តិការវះកាត់នេះ។
 
លោក Talaku បានបញ្ជាក់ថា៖ «ដូចជាដើរក្នុងចម្ការមីនយ៉ាងដូច្នោះដែរ ហើយធ្វើការវះកាត់យ៉ាងប្រុងប្រយ័ត្នជាទីបំផុត ជាពិសេសការប្រើប្រាស់ឧបករណ៍ប្រើថ្ម ប៉ុន្តែប្រតិបត្តិការបានជោគជ័យហើយ»។
 
ក្រោយវះកាត់ ពិរុទ្ធជន ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់ពន្ធនាគារវិញ រួមទាំង Nokia 3310 ដែលផលិតកាលពីអំឡុងឆ្នាំ២០០០ផងដែរ។ ជាមួយគ្នានេះ អ្នកជំងឺបានអះអាងថា  ខ្លួនមិនបានដឹងពីមូលហេតុដែលទូរសព្ទ Nokia 3310 ចូលទៅក្នុងពោះរបស់ខ្លួននោះឡើយ។
 
ក្រុមមន្ត្រីប៉ូលិសបានបដិសេធក្នុងការផ្តល់សម្ភាសដល់អ្នកសារព័ត៌មានជុំវិញករណីនេះ៕
 
 
 


 

© រក្សាសិទ្ធិដោយ thmeythmey.com