ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តកណ្ដាល៖ ឃាត់ខ្លួនពលរដ្ឋ៣០នាក់ ក្នុងវិវាទដីធ្លី ដោយសារប្រើហិង្សា
13, Sep 2021 , 1:40 pm        
រូបភាព
ទិដ្ឋភាព ពេលប្រជាពលរដ្ឋ និងសមត្ថកិច្ច ប៉ះទង្គិចគ្នា
ទិដ្ឋភាព ពេលប្រជាពលរដ្ឋ និងសមត្ថកិច្ច ប៉ះទង្គិចគ្នា
ការឃាត់ខ្លួនពលរដ្ឋ៣០នាក់ ក្នុងវិវាទដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មី ដោយសារពលរដ្ឋទាំងនោះ បានប្រមូលផ្ដុំគ្នាប្រើអំពើហិង្សាលើសមត្ថកិច្ចឲ្យរងរបួស១៣នាក់។ ការប៉ះទង្គិចគ្នានេះ ក្រុមគ្រួសារដែលត្រូវសមត្ថកិច្ចឃាត់ ចាត់ទុកថា ជារឿងអយុត្តិធម៌បំផុត ខណៈពលរដ្ឋក៏រងអំពើហិង្សា និងចាប់ខ្លួន។ ជម្លោះនេះ សង្គមស៊ីវិលយល់ថា គណៈកម្មាធិការដោះស្រាយវិវាទដីធ្លីគួរតែចុះដោះស្រាយ ហើយអាជ្ញាធរក៏ត្រូវដោះលែងពលរដ្ឋវិញដែរ។




អត្ថបទទាក់ទង








នៅព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្ដាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបកស្រាយពីការឃាត់ខ្លួនពលរដ្ឋចំនួន៣០នាក់ នៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។ រដ្ឋបាលខេត្តអះអាងថា ពលរដ្ឋប្រមាណ១០០នាក់ បានប្រមូលផ្ដុំគ្នាប្រើហិង្សានិងជេរប្រមាថ លើអាជ្ញាធរ។ លើសនេះ ពួកគេបាន ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង លើកងកម្លាំងដែលកំពុងបំពេញការងាររក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ នៅទីតាំងគម្រោងសាងសាង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ ហេតុការនេះ បង្កឲ្យសមត្ថកិច្ច១៣នាក់រងរបួស។

«ស្ថិតក្នុងស្ថានភាពប្រើអំពើហិង្សា កងកម្លាំងបានបង្ខំចិត្តបំបែកក្រុមបាតុករ ដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន៣០នាក់ (ស្រី២០នាក់) ដើម្បីនាំយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល»។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកណ្ដាល។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង ហើយចាត់ទុកទង្វើនៃក្រុមបាតុករថា ជាទង្វើជ្រុលនិយម ប្រព្រឹត្តខុសច្បាប់ ដែលនាំឲ្យបំផ្លាញផលប្រយោជន៍ធំរបស់ជាតិ ហើយ ក៏អំពាវនាវឲ្យក្រុមបាតុករទាំងនោះបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ហើយងាកទៅដោះស្រាយដោយសន្តិវិធីវិញ។

ប៉ុន្តែ ការអះអាងរបស់អាជ្ញាធរខាងនេះ គឺខុសពីក្រុមគ្រួសាររបស់ក្រុមបាតុករដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន៣០នាក់នោះ។ លោក ពូ ផូន ប្រជាពលរដ្ឋម្នាក់ ដែលស្ថិតក្នុងជម្លោះដីធ្លីនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្រពន្ធ បងស្រី និងប្អូនស្រីរបស់លោក ត្រូវកងកម្លាំងចាប់ខ្លួនកាលថ្ងៃទី១២កញ្ញា មកដល់ថ្ងៃទី១៣នេះ មិនទាន់ទទួលបានព័ត៌មានអ្វីឡើយ។ លោករៀបរាប់ថា លោក និងក្រុមគ្រួសារ  មានកម្មសិទ្ធិត្រឹមត្រូវលើដីធ្លីហើយ តែនៅតែដោះស្រាយមិនចេញ រហូតដល់មានការចាប់ខ្លួនទៀត។

«ខ្ញុំ ទាក់ទងប្រពន្ធ បងស្រី និងប្អូនស្រីខ្ញុំ មិនទាន់បានទេ។ ខ្ញុំមិនដឹងថាពួកគាត់យ៉ាងម៉េចនោះទេ ពេលចាប់ខ្លួនឃើញកងកម្លាំងវាយពួកគាត់។ សាហាវណាស់ម្សិលមិញ ខ្លាចហើយ ដីរបស់យើងមានប្លង់ត្រឹមត្រូវ គេយកហើយយើងទៅមើលដី យើងសុំឲ្យដោះស្រាយ គេ បែរជាចាប់យើងវិញ»។ នេះជាសម្តីរបស់លោក ពូ ផូន ដោយបន្ថែមថា  លោកនិងប្រជាពលរដ្ឋដទៃទៀត ដែលមានសមាជិកគ្រួសារ ត្រូវចាប់ខ្លួន កាលថ្ងៃទី១២ ខែកញ្ញាដែរនោះ នឹងទៅសាកសួរអាជ្ញាធរ ជុំវិញដំណឹងពលរដ្ឋទាំង៣០នាក់នោះ។

ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក កាវ ខេមរា ក៏ដូចលោក ពូន ផូន ដែរ។ លោក កាវ ខេមរា បានព្យាយាមទាក់ទងឪពុកនិងយាយរបស់ខ្លួនដែលត្រូវកងកម្លាំងឃាត់ខ្លួន ប៉ុន្តែពុំមានការឆ្លើយតបឡើយ។ លោកអះអាងថា មិនចង់មានជម្លោះរ៉ាំរ៉ៃឡើយ ប៉ុន្តែ អាជ្ញាធរនិងក្រុមហ៊ុននៃគម្រោងព្រលានយន្តហោះថ្មីមិនព្រមដោះស្រាយឲ្យសមរម្យ ហើយត្រង់ទៅត្រង់មកជាមួយពលរដ្ឋ។

លោក ខេមរា ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«ប្រហែលគេ ដកទូរស័ព្ទពួកគាត់ហើយបានទាក់ទងមិនចូល។ មិនដឹងថាពួកគាត់នៅកន្លែងណាឲ្យប្រាកដនោះទេ តែឮថានៅស្នងការដ្ឋាននគរបាលខេត្ត។ យើងមិនចង់មានបានអីទេ អភិវឌ្ឍន៍ទៅ គ្រាន់តែដោះស្រាយតាមសមរម្យដូចតម្លៃទីផ្សារទៅបានហើយ! មកចាប់ខ្លួនពលរដ្ឋអ៊ីចឹង វាខុសច្បាប់»។

ពាក់ព័ន្ធជុំវិញករណីឃាត់ខ្លួនពលរដ្ឋ៣០នាក់នេះ សារព័ត៌មានថ្មីមិនអាចសុំការបកស្រាយបន្ថែមពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានឡើយ ដោយសារទូរស័ព្ទចូលពុំមានការឆ្លើយតប។

ជុំវិញករណីនេះ ម​ន្រី្ត​ផ្នែក​ស៊ើបអង្កេត​និង​សិទ្ធិមនុស្ស​នៃ​សមាគម​អា​ហុក​ (ADHOC)​ លោក សឹង សែនករុណា យល់ថា គណៈកម្មាធិការវិវាទដីធ្លីគួរតែចុះស៊ើបអង្កេត ដើម្បីរកខុសត្រូវដល់អាជ្ញាធរ ក្រុមហ៊ុន ពិសេសពលរដ្ឋ។ លោកសង្កត់ធ្ងន់ថា កាលណាមិនដោះស្រាយ បញ្ហានឹងរ៉ាំរ៉ៃ ហើយធ្ងន់ទៅៗ រហូតដល់ឃាត់ខ្លួនពលរដ្ឋកាន់តែច្រើនហើយហិង្សាក៏កាន់តែខ្លាំង។

«យើងតែងតែព្រួយបារម្ភការកើតមានហិង្សាលើពលរដ្ឋ ខណៈអាជ្ញាធរដាក់កងកម្លាំងនៅនោះ។ យើងឃើញដំណោះស្រាយឲ្យឆាប់រហ័ស ព្រោះមិនឃើញមានការដោះស្រាយ។ ពលរដ្ឋត្រូវបានហាមឃាត់មិនឲ្យចូលទៅមើលដីធ្លីខ្លួន បែបជាឲ្យក្រុមហ៊ុនអនុវត្តគម្រោងជាបន្តបន្ទាប់បាន»។ នេះជាប្រសាសន៍របស់លោក សឹង សែងករុណា ហើយលោកចាត់ទុកករណីនេះ ថាជាការរំលោភបំពាន់លើពលរដ្ឋ។

មន្រ្តីសង្គមស៊ីវិលរូបនេះ និយាយថា៖«ចំណុចទាំងអស់នេះ គឺជាការរំលោភបំពានហើយ ព្រោះផ្លូវច្បាប់ ធម្មតាគាត់មានកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ ទោះបីមានការដកហូតដីរបស់គាត់ដើម្បីផលប្រយោជន៍រួមក៏ដោយ ក៏ត្រូវគិតតម្លៃឲ្យសមរម្យដែរ»។ លោក ស្នើឲ្យអាជ្ញាធរពិចារណាឡើងវិញ ហើយដោះលែងពលរដ្ឋវិញ។ ជាមួយគ្នាដែរ លោក លើកឡើងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើបាតុកម្ម។

ជុំវិញការដោះស្រាយវិវាទដីធ្លីនេះ សារព័ត៌មានថ្មីៗមិនអាចសុំការបកស្រាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឡើយ ដោយសារលោកមិនទទួលទូរស័ព្ទ៕

Tag:
 វិវាទដីធ្លី
  ហិង្សា
  ចាប់ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com