ជាតិ
រថយន្ត
លោក បញ្ញា កែច្នៃឡាន JEEP ឆ្នាំ១៩៧៨ សម្រាប់ជិះនៅជនបទ
13, Sep 2021 , 9:15 pm        
រូបភាព
លោក អន បញ្ញា ជាមន្រ្តីរាជការចូលនិវត្តមួយរូប ដែលចូលចិត្តឡានចាស់ៗ ជាងឡានទំនើប។ ពេលទំនេរ លោក បញ្ញា ចូលចិត្តជិះរថយន្តឆ្នាំ១៩៧៨ របស់លោកលេងកម្សាន្តតាមជនបទ។ បច្ចុប្បន្ន លោក បញ្ញា មានឡាន MITSUBISHI JEEP ប្រភេទ J ម៉ូឌែល 27 មួយគ្រឿង ដែលលោកបានទិញយកមកកែច្នៃ។

 
មន្ត្រីរាជការចូលនិវត្តរូបនេះ អះអាងថា ៖ « ខ្ញុំស្រលាញ់ឡាននេះ ច្រើនជាងឡានម៉ាស៊ីនត្រជាក់ឆ្ងាយណាស់»។  រថយន្ដរបស់លោក បញ្ញា មានដំបូលក្រណាត់ និងបណ្ដោយខ្លី ដែលមានពណ៌ត្រយូងចេក ផលិតឆ្នាំ១៩៧៨។ លោក បញ្ញា តែងតែជិះឡានរបស់លោកនៅស្រុកកំណើតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 
 
មានមនុស្សមិនច្រើនទេ ដែលស្រឡាញ់ និងពេញចិត្តរបស់ចាស់ៗ។ យានយន្ដបុរាណមួយចំនួនធំ ដែលមានវត្តមាននៅកម្ពុជា ត្រូវបានកែច្នៃតាមភាពទាន់សម័យ។ ជាក់ស្តែង លោក បញ្ញា ប្រើប្រាស់ឡានកញ្ចាស់មួយគ្រឿង ដែលត្រូវបានបាញ់ថ្នាំពណ៌ដើមឡើងវិញ ដូរក្រណាត់កៅស៊ូដំបូល និងដូរក្បាលម៉ាស៊ីនដែលលែងឆេះ ក៏ប៉ុន្តែក្រៅពីនេះមានគ្រឿងពីដើមទាំងអស់។
 
ឡានប្រភេទនេះស្រដៀង JEEP CJ ពីព្រោះ MITSUBISHI បានសហការជាមួយ JEEP ដើម្បីប្រឌិតរថយន្ដប្រភេទ J ។ MITSUBISHI បានផលិតវាពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៨៣។ ក្រៅពីម៉ូឌែលទ្វារ៣  និងទ្វារ៥ MITSUBISHI ក៏មានម៉ូឌែលដំបូលក្រណាត់ និងដំបូលដែក។ ឆ្នាំ១៩៨៣ MITSUBISHI មកផលិតប្រភេទ Pajero ជំនួសប្រភេទ J វិញ។ MITSUBISHI ត្រូវបានបង្កើតឡើងឆ្នាំ១៨៧០ នៅប្រទេសជប៉ុន។ វាចាប់ផ្ដើមផលិតរថយន្ដឆ្នាំ១៩១៧៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com