កីឡាអន្តរជាតិ
អន្តរជាតិ
Neymar បាន៤៣ម៉ឺនដុល្លារបន្ថែមដោយគ្រាន់តែទៅហាត់ទាន់ម៉ោង និងមិនរិះគន់ក្លិប
14, Sep 2021 , 1:06 pm        
រូបភាព
Neymar បានយល់ព្រមបន្តកិច្ចសន្យាជាមួយ Paris St Germain រហូតដល់ឆ្នាំ២០២៥ ជាមួយប្រាក់ឈ្នួលខ្ពស់បំផុតទី២លើលោកបន្ទាប់ Leonel Messi។ បន្ថែមលើប្រាក់ឈ្នួល PSG បានផ្តល់ប្រាក់លើកទឹកចិត្តបន្ថែម៤៣ម៉ឺនដុល្លារទៀតដល់ខ្សែប្រយុទ្ធសញ្ជាតិបេ្រស៊ីល ដោយគ្រាន់តែឱ្យរូបគេចេះគួរសមជាមួយអ្នកគាំទ្រ ទៅហ្វឹកហាត់ទាន់ម៉ោង និងមិនរិះគន់ក្លិបជាសាធារណៈ។


បើយោងតាមការចុះផ្សាយរបស់កាសែត El Mundo ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះ ទទួលបានប្រាក់ឈ្នួលប្រមាណ៨៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ក្រោយចុះកិច្ចសន្យាថ្មីនៅ Le Parc des Princes។ ថ្លៃពលកម្មដ៏ច្រើនសន្ធឹកនេះ មិនទាន់គិតបញ្ចូលថ្លៃប្រាក់រង្វាន់លើកទឹកចិត្តនោះទេ។
 
មិនមែនជារឿងភ្ញាក់ផ្អើលនោះទេដែល Neymar ជាកីឡាករម្នាក់ដែលទទួលបានប្រាក់ឈ្នួលច្រើនបំផុតលំដាប់ពិភពលោក។ យ៉ាងណា Neymar នៅតាមពីក្រោយមិត្តរួមក្រុម Messi ដែលទទួលបានថ្លៃនឿយហត់៤១លានដុល្លារក្នុងមួយឆ្នាំ ក្រោយ PSG នាំយកទៅរួមក្រុមនៅរដូវថ្មី ២០២១-២២នេះ។ 
 
ជារឿងគួរឱ្យចាប់អារម្មណ៍បំផុតដែល Neymar អតីតខ្សែបម្រើឆ្នើម Barcelona អាចរកបានប្រាក់បន្ថែមពីលើថ្លៃពលកម្មរបស់ខ្លួនដ៏ច្រើនថែមទៀត។ ក្នុងលក្ខខណ្ឌកិច្ចសន្យាថ្មីដល់ឆ្នាំ២០២៥ Neymar ដែលក្លិបយក្សបារាំងទិញពីក្លិបយក្សអេស្ប៉ាញក្នុងតម្លៃកំណត់ត្រា ២៦០លានដុល្លារកាលពីឆ្នាំ២០១៧ នឹងទទួលបាន៤៣ម៉ឺនដុល្លារក្នុង១ខែថែមទៀត ដោយគ្រាន់តែរូបគេចេះគួរសមជាមួយគាំទ្រ ទៅហ្វឹកហាត់ទាន់ពេលវេលា និងមិនរិះគន់ក្លិបជាសាធារណៈ។
 
នេះមានន័យថាក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីកាតា ត្រូវបន្ថែមប្រាក់លើកទឹកចិត្តប្រហែល ៧,៦៨ លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ Neymar ដើម្បីឱ្យរូបគេចេះអរគុណអ្នកគាំទ្រមុន និងក្រោយការប្រកួតនីមួយៗ។
 
នៅក្រោយចប់ការប្រកួត Neymar តម្រូវឱ្យត្រឡប់ទៅផ្ទះ និងមិនអាចយកបណ្តាញសង្គមដូចជាហ្វេសប៊ុក ឬ Twitter ជាដើមដើម្បីបង្ហាញការមិនពេញចិត្តចំពោះអ្នកចាត់ការខ្លួនលោក Mauricio Pochettino អំពីយុទ្ធសាស្ត្រណាមួយឡើយ រួមទាំងមតិអវិជ្ជមានជាសាធារណៈអំពីក្លិបរបស់ខ្លួន៕
 
 

Tag:
 Neymar
© រក្សាសិទ្ធិដោយ thmeythmey.com