អន្តរជាតិ
សិង្ហបុរី សង្ឃឹមថា អាម៉េរិក និងចិនអាចរក្សាទំនាក់ទំនងប្រកបដោយការស្ថាបនា
15, Sep 2021 , 7:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី_លោក_Vivian_Balakrishnan_ជាមួយសមភាគីចិន
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី_លោក_Vivian_Balakrishnan_ជាមួយសមភាគីចិន
សិង្ហបុរីសង្ឃឹមថា រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន អាចរក្សាទំនាក់ទំនងប្រកបដោយស្ថាបនា បើទោះការប្រកួតប្រជែងមិនអាចចៀសរួច។ ប្រមុខការទូតសិង្ហបុរី លោក Vivian Balakrishnan បានលើកឡើងបែបនេះក្រោយជំនួបជាមួយសមភាគីចិន វ៉ាង យី នៅថ្ងៃទី១៤ ខែកញ្ញា។ បើតាមលោក Vivian មហាអំណាចទាំងពីរមានវិស័យជាច្រើនដែលត្រូវសហការគ្នាដូចជា ទប់ស្កាត់ជំងឺកូវីដ-១៩ និងប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុជាដើម។


បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅវៀតណាម និងកម្ពុជា រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានបន្តទៅសិង្ហបុរីទៀត ដើម្បីជជែកពីកិច្ចសហប្រតិបត្តិ សេដ្ឋកិច្ច ពង្រឹងទំនាក់ទំនង ក៏ដូចជាជជែកពីបញ្ហាក្នុងតំបន់។ នៅទីនោះ ប្រមុខការទូតចិន បានជួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី រួមទាំងរដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ផង។ 
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី១៤ ខែកញ្ញា លោក Balakrishnan បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា សិង្ហបុរី សង្ឃឹមថា មហាអំណាចទាំងពីរ អាចសហការលើវិស័យជាច្រើន ដែលមានភាពចាំបាច់ជាមួយគ្នា ក្នុងនោះមានដូចជាទប់ស្កាត់ជំងឺកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុជាដើម បើទោះអាម៉េរិក និងចិន មិនអាចបញ្ចៀសការប្រកួតប្រជែងបានក៏ដោយ។ 
 
«ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ការរក្សាទំនាក់ទំនងរវាងចិន និងអាម៉េរិក នឹងបង្ហាញសញ្ញាវិជ្ជមាន»។ លោក Balakrishnan បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយតំបន់អាស៊ីគ្នេយ៍ នឹងផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក សមភាព និងលទ្ធផលឈ្នះៗ។ 
 
នាសន្និសីទសារព័ត៌មានដដែលនោះ អ្នកសារព័ត៌មាន ក៏បានសួរលោករដ្ឋមន្រ្តីការបរទេសសិង្ហបុរីផងដែរពីលទ្ធភាពដែលអាស៊ាន នឹងមិនជ្រើសយកភាគីណាមួយ។ ប្រមុខការទូតសិង្ហបុរី មិនបានឆ្លើយចំសំណួរឡើយ។
 
បើតាមលោករដ្ឋមន្រ្តីសិង្ហបុរី ក្រុងវ៉ាស៊ីនតោន បានរក្សាវត្តមានប្រកបដោយវិជ្ជមាន និងស្ថាបនានៅក្នុងតំបន់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែដោយសារការកើនឡើងឥទ្ធិពលចិន ស្ថានភាពត្រូវផ្លាស់ប្តូរ។ ពេលនេះ វាមកដល់ចំណុចមួយនៅក្នុងប្រវត្តិសាស្រ្ត ដែលមានសំណួរដ៏ធ្ងន់បំផុត ថាតើការកើនឡើងនៃឥទ្ធិពលចិន នឹងធ្វើឱ្យប៉ះពាល់ដល់អាម៉េរិកបែបណា ហើយរូបមន្តដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្មសេរី និងលំហូរសេរីនៃការវិនិយោគ និងបច្ចេកវិទ្យានឹងបន្តអនុវត្តទៀតឬយ៉ាងណា។ ទាក់ទិននឹងបញ្ហានេះ លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានអំពាវនាវឱ្យភាគីទាំងពីរសហការគ្នា។ 
 
ស្របគ្នានោះដែរ លោក វ៉ាង យី បានលើកឡើងថា ការអភិវឌ្ឍរបស់ចិន គឺសំខាន់ណាស់សម្រាប់ប្រទេសទាំងអស់។ លោក វ៉ាង បានចង្អុលបង្ហាញថា សិង្ហបុរីបានមើលមកការអភិវឌ្ឍចិនប្រកបដោយហេតុផល និងជាឱកាសសម្រាប់សហប្រតិបត្តិការ។
 
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់លោកវ៉ាង មកសិង្ហបុរី ធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់អនុប្រធានាធិបតី និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ ទស្សនកិច្ចនេះផងដែរ ត្រូវបានអ្នកជំនាញមើលឃើញថា គឺជាការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចសេដ្ឋកិច្ចទាំងពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕ 
 

Tag:
 សិង្ហបុរី
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com