ជាតិ
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ក្នុងខេត្តព្រះសីហនុ ដាក់ឱ្យដំណើរការហើយ
15, Sep 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២(PS2) ក្នុងខេត្តព្រះសីហនុ បានដាក់ដំណើរការដោយជោគជ័យ ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ មុននឹងបង្ហូរទៅក្នុងសមុទ្រ។

 
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ថ្ងៃទី១៥ ខែកញ្ញា បានិយាយថា អាងប្រព្រឹត្តិកម្មមួយនេះ អាចបំលែងឱ្យទៅជាទឹកល្អ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។


 រូបភាពដោយរដ្ឋបាលខេត្តព្រះសីហនុ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពន្យល់ថា៖ « ការចុះមកពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ គឺបង្ហាញថាទឹកកខ្វក់ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ»។
 
ជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ម្ចាស់សណ្ឋាគារពាក់ព័ន្ធ ត្រូវភ្ជាប់ការប្រើប្រាស់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានគ្រប់គ្នា ជាពិសេសចូលរួមថែរក្សាអនាម័យបរិស្ថាន ដែលធ្វើឱ្យទីក្រុងស្អាត និងមានភាពបៃតង។ 
 


រូបភាពដោយរដ្ឋបាលខេត្តព្រះសីហនុ

សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ អាជ្ញាធរខេត្តព្រះសីហនុ ក៏គ្រោងនឹងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់មួយទៀត នៅទីតាំងអតីតព្រះរាជដំណាក់ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណជាង ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ៕
 

Tag:
 ខេត្តព្រះសីហនុ
  អាងប្រព្រឹត្តិកម្ម
  ទឹកកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com