ជាតិ
យុវតី ឈាង យុគីលីសា និពន្ធសៀវភៅកំណាព្យភាសាអង់គ្លេស ដើម្បីជួយដោះស្រាយអ្នកមានវិបត្តិផ្លូវចិត្ត
16, Sep 2021 , 8:59 am        
រូបភាព
យុវតី ឈាង យុគីលីសា បាននិពន្ធសៀវភៅកំណាព្យមួយក្បាលមានចំណងជើងថា «11:11 wishes » ជាភាសាអង់គ្លេស ដែលនិយាយពាក់ព័ន្ធបញ្ហាផ្លូវចិត្ត។ យុវតីរូបនេះ សង្ឃឹមថា សៀវភៅមួយនេះ នឹងជួយឲ្យមនុស្សគ្រប់រូបយល់ពីបញ្ហាផ្លូវចិត្ត ជាពិសេសដោះស្រាយបញ្ហាអ្នកដែលកំពុងមានវិបត្តិនេះ។



មានវ័យ១៧ឆ្នាំ ឈាង យុគីលីសា បាននិពន្ធសៀវភៅកំណាព្យភាសាអង់គ្លេសមួយ ដែលនិយាយពីផលប៉ះពាល់ និងដំណោះស្រាយលើវិបត្តិផ្លូវចិត្ត។ ខុសប្លែកពីសៀវភៅប្រលោមលោកនានា យុវតីរៀនថ្នាក់ទី១២រូបនេះ បានសម្រេចនិពន្ធសៀវភៅ ដែលមានចំណងជើង«11:11 wishes » ឡើង ដើម្បីបង្ហាញពីសារៈសំខាន់នៃផ្នែកអារម្មណ៍ និងផ្លូវចិត្តរបស់មនុស្សគ្រប់រូប។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ យុវតី ឈាង យុគីលីសា បាននិយាយថា៖«អត្ថន័យគោលនៃសៀវភៅនេះ មាន៦ចំណុច។ ដំបូងនិយាយពីបញ្ហានៃការមើលរបស់មនុស្សម្នាក់ទៅកាន់មនុស្សម្នាក់។ ជារឿងធម្មតា ដែលសង្គមមួយ មានមនុស្សល្អ និងមនុស្សអាក្រក់។ ជាក់ស្តែង ខ្ញុំជួបផ្ទាល់ គេមើលមកខ្ញុំក្នុងផ្លូវមិនល្អ ហើយទោះយើងមិនស្គាល់ ក៏គេនិយាយអាក្រក់ពីយើងដែរ។ សង្គមដែលចូលចិត្តវាយតម្លៃអ្នកផ្សេង បើយើងមិនបញ្ចេញសារខ្លះទេ ពួកគាត់ក៏មិនដឹងថាគាត់ធ្វើអីខុសដែរ»។ 


 សៀវភៅកំណាព្យភាសាអង់គ្លេស 11_11 wishes។ រូបភាពពី៖ ឈាង យុគីលីសា

បញ្ហាប្រើប្រាស់ពាក្យសម្តី និងការវាយតម្លៃពីមនុស្សជុំវិញខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងផ្លូវចិត្តរបស់បុគ្គល, វិធីសាស្រ្តព្យាបាលវិបត្តិផ្លូវចិត្តខ្លួនឯង ជាពិសេសលើកទឹកចិត្តអ្នកអាន ដែលមានវិបត្តិផ្លូវចិត្ត ឲ្យមានចិត្តតស៊ូ រឹងមាំ ដើរទៅមុខដោយខ្លួនឯង។ ទាំងនេះ គឺសុទ្ធតែចំណុចសំខាន់ នៅក្នុងសៀវភៅកំណាព្យ ជាភាសាអង់គ្លេសរបស់យុវតី ឈាង យុគីលីសា។
 
សៀវភៅនេះ មិនមែនកើតចេញតាមការនឹកឃើញភ្លាមៗនោះទេ ប៉ុន្តែវាផ្ដើមចេញពីរឿងរ៉ាវ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់យុវតី ឈាង យុគីលីសា និងអ្នកមានវិបត្តិផ្លូវចិត្តដទៃទៀត។ «ខ្ញុំបានគំនិតមកសរសេរ មកពីខ្ញុំជួបបញ្ហាខ្លួនឯងផ្ទាល់ ដោយសារឪពុកម្តាយខ្ញុំគាត់លែងគ្នា ហើយមិត្តខ្ញុំមួយចំនួន គាត់ជួបបញ្ហាបាក់ទឹកចិត្តដូចគ្នាដែរ។ បញ្ហាបាក់ទឹកចិត្តហ្នឹង មិនមែនត្រឹមតែជាអារម្មណ៍ខ្ញុំខ្លួនឯងទេ តែវាជាអារម្មណ៍មនុស្សជុំវិញខ្លួនខ្ញុំ ដែលគាត់ចំណាយពេលជាច្រើនឆ្នាំពន្យល់ប្រាប់ខ្ញុំ។ ខ្ញុំបានយកការពន្យល់របស់ពួកគាត់ មកសង្កត់ដាក់ក្នុងសៀវភៅតែម្តង។ តាមរយៈការសរសេរសៀវភៅនេះ ខ្ញុំរៀនសូត្របានច្រើនណាស់ពីមនុស្សជុំវិញខ្លួន ហើយខ្ញុំពេញចិត្តចំពោះសៀវភៅនេះណាស់»។ នេះជាការរៀបរាប់របស់យុវតីវ័យ១៧ឆ្នាំ។
 
មូលហេតុដែលយុវតីរស់នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខរូបនេះ សម្រេចនិពន្ធសៀវភៅកំណាព្យជាភាសាអង់គ្លេស ដោយសារវាងាយស្រួលកាត់ន័យយល់ ។ ជាពិសេសចង់ឲ្យជនបរទេសបានអានសៀវភៅនេះផងដែរ ខណៈកម្ពុជាក៏មានជនជាតិផ្សេងៗមករស់នៅច្រើន។
 
« បច្ចេកទេសសរសេរកំណាព្យជាភាសាខ្មែររបស់ខ្ញុំនៅមានស្ទើរ ណាមួយខ្ញុំកំពុងហ្វឹកហាត់ដូចគ្នា។ ម្យ៉ាង ខ្ញុំគិតថាការសរសេរជាភាសាអង់គ្លេស វាងាយស្រួលកាត់ន័យ ចំណែកពាក្យខ្មែរមានន័យចំៗតែម្តង ហើយស្តាប់ទៅរាងឆ្គង»។ យុវតី ឈាង យុគីលីសា បន្ថែមបែបនេះ។
 

យុវតី ឈាង យុគីលីសា អ្នកនិពន្ធសៀវភៅកំណាព្យភាសាអង់គ្លេស 11_11 wishes។ រូបភាពពី៖ ឈាង យុគីលីសា

ផលវិបាកក្នុងការនិពន្ធសៀវភៅអំឡុងពេលបិទខ្ទប់

ការនិពន្ធសៀវភៅ មិនមែនជារឿងងាយស្រួលឡើយ ព្រោះត្រូវរកគំនិត និងពិចារណាច្រើន លើពាក្យពេជចន៍ និងឃ្លោងឃ្លា ជាពិសេសអំឡុងពេលដែលភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់នោះ។ នេះជាការបញ្ជាក់របស់យុវតី ឈាង យុគីលីសា ដែលបានបន្ថែមថា ស្ថានភាពនៃជំងឺកូវីដ-១៩ ដែលមានភាពតឹងតែងខ្លាំង និងបិទខ្ទប់គ្រប់ទីកន្លែង វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្នុងការតែងនិពន្ធ។ 
 
យុវតីរៀនថ្នាក់ទី១២រូបនេះ បាននិយាយដូច្នេះថា៖ « ពេលខ្ញុំនិពន្ធហ្នឹងចំពេលបិទខ្ទប់ ចឹងមិនអាចចេញទៅណាបានទេ មិនអាចចេញក្រៅ Stress (ធុញថប់)។ ពេលខ្លះខ្ញុំមានអារម្មណ៍ថាហត់ ហើយក្នុងសៀវភៅមានរូបភាពផ្សេងៗផង។ ខ្ញុំ និងមិត្ត ព្យាយាមគូរផង សរសេរផង កែតម្រូវអក្ខរវិរុទ្ធផង គឺខ្ញុំមានអារម្មណ៍ហត់រឿងហ្នឹង រហូតដល់ពេលខ្លះមានអារម្មណ៍ថាចង់បោះបង់»។ 
 
ក្រៅពីការលំបាកនេះ យុវតី ឈាង យុគីលីសា ក៏ទទួលរងពាក្យសម្តីប៉ះពាល់អារម្មណ៍មួយចំនួន ពីមជ្ឈដ្ឋានខាងក្រៅថា រូបគេមិនអាចនិពន្ធសៀវភៅបានដែរ។ «មនុស្សជាច្រើនគិតថា យើងនៅក្មេងនិពន្ធសៀវភៅមិនចេញ។ ទោះនិពន្ធចេញមក ក៏ជាសៀវភៅកូនក្មេង មានតែតុក្កតា ហើយថាជាសៀវភៅសម្រាប់កូនក្មេងផាត់ពណ៌លេង។ ពាក្យសម្តីទាំងនេះធ្វើឲ្យខ្ញុំចង់ចុះចាញ់ លែងចង់ធ្វើ ហើយគិតថាទោះធ្វើក៏អត់ប្រយោជន៍ដែរ»។ នេះជាការបញ្ជាក់របស់ យុគីលីសា ដែលមិនចុះញ៉មនឹងសម្តីអ្នកដទៃ ហើយសម្រេចចេញសៀវភៅជាផ្លែផ្កា ដោយមានអ្នកគាំទ្រ និងលើកទឹកចិត្តចំពោះសមិទ្ធិផលនេះ ។ 
 
សៀវភៅកំណាព្យភាសាអង់គ្លេស មានចំណងជើង 11:11 wishes របស់យុវតី យុគីលីណា  បានបោះពុម្ភផ្សាយលើទី១ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ «ថ្ងៃដំបូងនៃការបោះពុម្ភផ្សាយ មានចំនួន ៥០ក្បាល រហូតដល់៧ថ្ងៃក្រោយ មានអ្នកបញ្ជាទិញសៀវភៅនេះកើនដល់ ២០០ក្បាល។ សម្រាប់ការបោះពុម្ភលើកទី២ គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០»។ នេះបើតាមយុវតីវ័យ១៧ឆ្នាំ ដែលអះអាងថា សៀវភៅនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ទទួលស្គាល់ ហើយអនុញ្ញាតឲ្យបោះពុម្ភផ្សាយ និងប្រើប្រាស់ជាឯកសារអានបន្ថែម សម្រាប់សិស្សានុសិស្សកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ២០២០ផងដែរ៕ 
 

Tag:
 ថ្មីៗ២៥
  ឈាង យុគីលីសា
  11:11 wishes
  សៀវភៅកំណាព្យជាភាសាអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com