COVID-19
អន្តរជាតិ
ប្រជាជនតៃវ៉ាន់ច្រើនជាង ១៥ម៉ឺននាក់ បានមកទទួលវ៉ាក់សាំងនៅចិនដីគោក
15, Sep 2021 , 9:37 pm        
រូបភាព
អ្នកស្រី_Zhu_Fenglian_អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក
អ្នកស្រី_Zhu_Fenglian_អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក
រដ្ឋាភិបាលចិន នៅថ្ងៃទី១៥ ខែកញ្ញា បានប្រកាសថា ប្រជាជនតៃវ៉ាន់ច្រើនជាង ១៥ម៉ឺននាក់ បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅចិនដីគោក។ ស្របគ្នានោះដែរ ចិន បានក៏បានព្រមានតៃវ៉ាន់ជាថ្មីផងដែរ ពីការប៉ុនប៉ងចង់ប្រកាសឯករាជ្យ។

 
ជាច្រើនលើកច្រើនសា ចិនតែងស្នើផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទៅតៃវ៉ាន់ និងអំពាវនាវឱ្យជនរួមជាតិខ្លួននៅតៃវ៉ាន់ មកទទួលវ៉ាក់សាំងនៅចិនដីគោក។ ប៉ុន្តែសំណើទាំងនោះ ត្រូវបានរដ្ឋាភិបាលក្រុងតៃប៉ិ ច្រានចោលជាបន្តបន្ទាប់។ 
 
បើទោះរដ្ឋាភិបាលតៃវ៉ាន់បានបដិសេធក៏ដោយ ប្រជាជនតៃវ៉ាន់នៅតែទៅចិន ដើម្បីទៅទទួលវ៉ាក់សាំង។ នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋចិន អ្នកស្រី Zhu Fenglian  បានអះអាងថា ប្រជាជនតៃវ៉ាន់ច្រើនជាង ១៥៦០០០នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅចិន។
 
«យើងអាចឃើញថា វាពិតជាពិបាកណាស់ ក្នុងការទទួលបានវ៉ាក់សាំងនៅតៃវ៉ាន់»។ អ្នកស្រី Zhu បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចិននឹងព្យាយាមឱ្យបានល្អបំផុត ដើម្បីជនរួមជាតិចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល និងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 
 
អ្នកនាំពាក្យចិនរូបនេះ ក៏បានអំពាវនាវឱ្យបក្សវឌ្ឍនភាពប្រជាធិបតេយ្យ របស់លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បញ្ឈប់ការធ្វើនយោបាយលើវិទ្យាសាស្រ្ត និងផ្តោតអាទិភាពលើប្រជាជន ដើម្បីការពារសុខភាពប្រជាជន។ អ្នកស្រី Zhu ក៏បានរិះគន់តៃវ៉ាន់ផងដែរ ដែលចង់ស្វះស្វែងរកឯករាជ្យ តាមរយៈការប្តូរឈ្មោះការិយាល័យរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន។ តៃវ៉ាន់ ត្រូវបានរាយការណ៍ថា ព្យាយាមប្តូរការិយាល័យអ្នកតំណាងវប្បធម៌ និងសេដ្ឋកិច្ចក្រុងតៃប៉ិ ទៅការិយាល័យតំណាងតៃវ៉ាន់។ 
 
មកទល់ពេលនេះ តៃវ៉ាន់មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៦១០៣នាក់ និងអ្នកស្លាប់មានចំនួន ៨៣៩នាក់។ មិនតែប៉ុណ្ណោះ តៃវ៉ាន់ បានផ្តល់វ៉ាក់សាំងចំនួន ១២,៥លានដូស ដោយប្រជាជនចំនួន ១,០៦លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 តៃវ៉ាន់
  ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com