កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFPRO ព្រមានពីការ«បែកបាក់» ជុំវិញការប្តូរកាលប្រកួត World Cup ២ឆ្នាំម្តង
16, Sep 2021 , 4:13 pm        
រូបភាព
ប្រធានសហព័ន្ធកីឡាករបាល់ទាត់ពិភពលោក (FIFPRO) បានរិះគន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលខ្វះការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជុំវិញការស្នើផែនការរៀប FIFA World Cup រៀងរាល់២ឆ្នាំម្តង។ FIFPRO ថាគម្រោងផ្លាស់ប្តូរនេះ នឹងជះឥទ្ធិពលធ្ងន់ធ្ងរទៅលើការប្រកួតអន្តរជាតិដទៃទៀត។


FIFA បានប្រកាសពីការសិក្សាអំពីលទ្ធភាពក្នុងការរៀបព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទាំង បុរស និងស្ត្រីពី៤ឆ្នាំ ទៅរៀងរាល់២ឆ្នាំម្តងវិញ។ យ៉ាងណាផែនការដែលគាំទ្រដោយលោក Arsene Wenger ត្រូវបានបដិសេធយ៉ាងខ្លាំងពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA), អាមេរិកខាងត្បូង (CONMEBOL) និង ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF)។
 
លោក Jonas Baer-Hoffmann អគ្គលេខាធិការ FIFPRO បានអំពាវនាវឱ្យមានការពិភាក្សាកាន់តែស៊ីជម្រៅ ជុំវិញសំណើខាងលើនេះ។ លោកអះអាងថាកំណែទម្រង់ដែលអនុវត្តប្រកបដោយប្រសិទ្ធភាព ត្រូវមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់។ ករណីនេះ FIFA មិនទាន់មានកិច្ចប្រជុំណាមួយជាមួយអ្នកពាក់ព័ន្ធ ជុំវិញករណីនេះឡើយ។
 
កាសែត The Times បានស្រង់សម្តីលោក Baer-Hoffmann នៅថ្ងៃទី១៥ ខែកញ្ញាដែលរិះគន់ FIFA ថា៖ «ឱកាសនៃការបែកបាក់គ្នានៅក្នុងបាល់ទាត់ដោយសារបញ្ហានេះនឹងកើតឡើង ប្រសិនបើវាមិនត្រូវបានធ្វើទៅដោយភាពត្រឹមត្រូវទេនោះ។ វាទាមទារឱ្យមានភាពជាអ្នកដឹកនាំខ្លះ ដូច្នេះក្នុងវិស័យបាល់ទាត់ដែលមានរយៈពេលយូរអង្វែងមកហើយ ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធនៅពេលចង់ធ្វើអ្វីមួយ»។
 
អគ្គលេខាធិការ FIFPRO បន្ថែមថា ដោយសារករណីនេះ បានធ្វើឱ្យបាត់បង់ការជឿទុកចិត្តគ្នារវាងស្ថាប័នកីឡាបាល់ទាត់នានានៅក្នុងវិស័យបាល់ទាត់ធំៗនៅជុំវិញពិភពលោកផងដែរ៕
 

Tag:
 FIFPRO
  FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com