ជាតិ
សេដ្ឋកិច្ច
អូស្រ្តាលី នឹងផ្តល់ថវិកាជាង១១៤លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច អប់រំ កសិកម្ម
16, Sep 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖  រដ្ឋាភិបាលប្រទេសអូស្រា្តលី នឹងផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជា ចំនួន ១៥៦លានដុល្លារអូស្រា្តលី(ប្រមាណ ១១៤លានដុល្លារ)  ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសន្តិសុខាភិបាល, ភាពធន់សេដ្ឋកិច្ច កសិកម្ម និងវិស័យអប់រំ។ លោក Andreas Zurbrugg   អនុប្រធានបេសកកម្មនៃស្ថានទូតប្រទេសអូស្រា្តលីប្រចាំកម្ពុជា បានបញ្ជាក់ពីទំហំហិរញ្ញប្បទាននេះ  ក្នុងជំនួបការងារជាមួយលោក ឈៀង  យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា។

 
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Andreas Zurbrugg   បានបញ្ជាក់ថា ក្នុងចំណោមហិរញ្ញប្បទាន ប្រមាណ១១៤ ដែលប្រទេសអូស្តា្រលី ត្រៀមផ្តល់ឱ្យកម្ពុជានោះ មានជាង៤៨លានដុល្លារ ប្រើសម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល សេដ្ឋកិច្ច កសិកម្ម និងការអប់រំនៅក្នុងឆ្នាំ២០២១។ 
 
ដោយឡែក ថវិកាប្រមាណ៦៥លានដុល្លារទៀត គឺសម្រាប់ប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ២០២២ តទៅ។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា គម្រោងនៃការប្រើប្រាស់ថវិកានេះ បានផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ, វិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ  និងការធ្វើបរិប័ន្នសង្គម និងយេនឌ័រ។ 


 
នាឱកាសនោះ លោក ឈៀង  យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលអូស្រា្តលី ក្នុងការគាំទ្រកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងអំឡុងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ 
 
អំឡុងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ប្រទេសអូស្រា្តលី បានផ្តល់ថវិកាប្រមាណ២៥លានដុល្លារ ដល់កម្ពុជា តាមរយៈអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា  រដ្ឋាភិបាលប្រទេសអូស្ត្រាលី ក៏បានសន្យាផ្តល់ហិរញ្ញប្បទានឱ្យកម្ពុជា លើកម្មវិធីចំនួន២ទៀត សម្រាប់រយៈពេល៥ឆ្នាំ ផងដែរ។ គម្រោងទាំងពីរនោះ មាន៖ កម្មវិធីលើកកម្ពស់គុណភាព និងសមភាពសុខាភិបាល ដំណាក់កាលពី២(H-EQIP) ក្នុងទំហំថវិកា ២០លានដុល្លារ និងកម្មវិធី Social Accountability  Framework Project ដំណាក់កាលទី២ (ISAF II) ដែលមានថវិកាជិត១១លានដុល្លារ៕
 
 

Tag:
 ហិរញ្ញប្បទាន
 អូស្ត្រាលី
 កសិកម្ម
  អប់រំ
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com