អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីចិន ជំរុញឱ្យអាហ្វហ្កានីស្ថានបង្រ្កាបក្រុមភេរវករ
18, Sep 2021 , 10:31 am        
រូបភាព
ប្រធានាធិបតីចិនលោកស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិនលោកស៊ី ជិនភីង។ រូបភាព៖ Xinhua
 
ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី១៧ ខែកញ្ញា បានជំរុញឱ្យភាគីពាក់ព័ន្ធនៅអាហ្វហ្កានីស្ថានលុបបំបាត់ភេរវកម្មនៅក្នុងប្រទេស និងសន្យាផ្តល់ជំនួយដល់ប្រទេសដែលទើបតែងើបចេញពីសង្រ្គាមមួយនេះ។



អាហ្វហ្កានីស្ថាន គឺជាប្រទេសជិតខាងមួយរបស់ចិន និងធ្លាប់ជាមូលដ្ឋានមួយរបស់ក្រុមភេរវករអាល់កៃដា។ មិនតែប៉ុណ្ណោះ ចិនក៏បារម្ភដែរ ដោយសារតែតំបន់ស៊ីងជាំង ដែលមានជនជាតិមូស្លីមភាគច្រើន នៅជាប់នឹងអាហ្វហ្កានីស្ថាន ហើយអ្នកទាំងនោះ អាចរងឥទ្ធិពលពីក្រុមភេរវករ។

ក្នុងសុន្ទរកថានាកិច្ចប្រជុំមេដឹកនាំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធនៅអាហ្វហ្កានីស្ថាន គួរលុបបំបាត់ និងបង្រ្កាបអង្កការភេរវកម្មនៅក្នុងដែនដីប្រទេសមួយនេះ និងទប់ស្កាត់ក្រុមភេរវករ មិនឱ្យបង្កហានិភ័យផ្សេងៗ។

ដោយចាត់ទុកស្ថិរភាព និងសន្តិភាពមានតម្លៃជាងមាស មេដឹកនាំចិនរូបនេះ បានជំរុញឱ្យសមាជិកអង្គការខាងលើ ជួយអាហ្វហ្កានីស្ថាន ស្របពេលប្រទេសមួយនេះ កំពុងត្រូវការជំរុញដើម្បីអភិវឌ្ឍប្រទេស។ ក្នុងសុន្ទរកថាដដែលនោះ លោកស៊ីបានស្នើ ៣ចំណុចសម្រាប់អាហ្វហ្កានីស្ថាន ក្នុងនោះមានដូចជាគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី, គាំទ្រគោលការណ៍ដឹកនាំដោយអាហ្វហ្កានីស្ថាន និងប្រជាជនអាហ្វហ្កានីស្ថានជាអ្នកសម្រេចវាសនារបស់ប្រទេសខ្លួន។

ស្របគ្នានេះ ទំនងជាសំដៅទៅអាមេរិក និងសម្ព័ន្ធមិត្ត ប្រធានាធិបតីចិន បានបញ្ជាក់ថា ក្នុងនាមជាអ្នកបង្កបញ្ហានៅអាហ្វហ្កានីស្ថាន ប្រទេសមួយចំនួនគួរតែរៀនសូត្រពីមេរៀននៅក្នុងអតីតកាល និងទទួលខុសត្រូវសម្រាប់ការអភិវឌ្ឍរបស់អាហ្វហ្កានីស្ថាន។

មិនតែប៉ុណ្ណោះ ចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការគាំទ្រផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រទេសមួយនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងជំនួយផ្សេងទៀត តាមដែលអាចធ្វើបាន៕

Tag:
 ចិន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com