ជាតិ
សង្គមជាតិ
សៀមរាប៖ ឱសថបុរាណចិន ២លានគ្រាប់ ត្រូវបានចែកដល់ពលរដ្ឋក្នុងតំបន់ក្រហម
18, Sep 2021 , 12:05 pm        
រូបភាព
រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង ចុះចែកថ្នាំចិនព្យាបាលជំងឺកូវីដដល់ពលរដ្ឋក្នុងសង្កាត់ជ្រាវ នារសៀលថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១។
រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង ចុះចែកថ្នាំចិនព្យាបាលជំងឺកូវីដដល់ពលរដ្ឋក្នុងសង្កាត់ជ្រាវ នារសៀលថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១។
សៀមរាប៖ ឱសថបុរាណចិនចំនួន២លានគ្រាប់ សម្រាប់ព្យាបាលជំងឺកូវីដ-១៩  ត្រូវបានចុះចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋទាំង៤សង្កាត់ក្នុងក្រុងសៀមរាប ដែលជាតំបន់ក្រហម។



រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងយុទ្ធនាការចុះចែកឱសថដល់ពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ នារសៀលថ្ងៃទី១៧ កញ្ញា មានប្រសាសន៍ថា ថ្នាំដែលនាំយកមកពេលនេះសរុប ២លានគ្រាប់។ លោកថា កិច្ចការងារនេះធ្វើឡើងស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលផ្តល់ជូនពលរដ្ឋទាំងឈឺ និងមិនទាន់ឈឺក្នុងសង្កាត់ទាំង៤ មានសង្កាត់ស្លរក្រាម សង្កាត់គោកចក សង្កាត់ជ្រាវ និងសង្កាត់ស្វាយដង្គំ ដែលកំពុងប្រឈមហានិភ័យជំងឺកូវីដខ្លាំងក្លា។ លោកបន្តថា នឹងបន្តចែកទៅកន្លែងផ្សេងទៀត ប្រសិនបើមានករណីឆ្លងកាន់តែច្រើន។



លោករដ្ឋមន្រ្តីក៏បានបន្តណែនាំដល់ប្រជាពលរដ្ឋឱ្យលេបថ្នាំជាទៀងទាត់ និងតាមវេជ្ជបញ្ជា និងមិនត្រូវមើលស្រាលស្ថានការណ៍បច្ចុប្បន្នទេ ទោះបីខ្លួនមិនទាន់ឈឺក៏ដោយ។ លោក ម៉ម ប៊ុនហេង ប្រាប់ពលរដ្ឋថា៖« មានតែការចាក់វ៉ាក់សាំងទេ បន្តការពារ គឺ៣ការពារ ៣កុំ សម្អាតដៃជាប្រចាំ ហើយកុំនៅជុំគ្នា»។ លោកបន្ថែមទៀតថា ការចុះចែកថ្នាំនេះ ជាវិធានការជាក់លាក់មួយដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងក្នុងក្រុងសៀមរាប៕


‬ ‬




Tag:
 ឱសថបុរាណចិន
  ជំងឺកូវីដ-១៩
  តំបន់ក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com